សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី៥ ធ្នូ បានបើកសវនាការសំណុំរឿងអ្នកវិភាគនយោបាយ លោក គឹម សុខ ពាក់ព័ន្ធបទ «បរិហារកេរ្តិ៍ និងញុះញង់» ដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយជុំវិញឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង សុជាតិ បានបន្តបើកសវនាការដោយអវត្តមានជនជាប់ចោទលោក គឹម សុខ ខណៈមេធាវី គឺលោក ជូង ជូងី អះអាងថាមិនទទួលបានការជូនដំណឹងពីតុលាការចំពោះសវនាការនៅថ្ងៃចន្ទនេះឡើយ។
លោក គឹម សុខ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស នៅតែបន្តរិះគន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទោះបីជាលោកធ្លាប់ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយដាក់ពន្ធនាគាររយៈពេល ១៨ខែ ពិន័យ ៨លានរៀលចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន ៨០០លានរៀល ករណីចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រោយពេលអនុវត្តទោសចប់កាលពីឆ្នាំ២០១៨ លោក គឹម សុខ បន្តរិះគន់ការដឹកនាំរបស់រាជរដ្ឋាភិបាលឥតសំចៃមាត់ដដែល ហើយការវិភាគរបស់លោកក៏ត្រូវចំទៅនឹងយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ជាពិសេសយុទ្ធសាស្ត្រលោក ហ៊ុន សែន ផ្ទាល់តែម្តង៕