28 C
Phnom Penh

លោក ហ៊ុន សែន លើក​ទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា និង​ជម្លោះ​ក្នុង​ចំណោម​ប្រជាជន​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​លុបបំបាត់​ឲ្យ​អស់​នូវ​ភាព​អសកម្ម និង​ដោះស្រាយ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព ចៀសវាង​បង្ក​នូវ​បញ្ហា​នានា។

អ្នក​សង្កេតការណ៍​និយាយ​ថា បើ​ធ្វើ​ដូច្នេះ តើ​គេ​ទុក ឬ​ប្រើ​ច្បាប់​ជា​ធរមាន​ដើម្បី​ធ្វើ​អ្វី​វិញ?

ការ​ណែនាំ​នេះ ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣៤៥៧​នាក់​ពី​ខេត្ត​កណ្ដាល ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វិមាន ៧​មករា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២២។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​ប្រាប់​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ក្រើន​រម្លឹក​អាជ្ញាធរ​ឲ្យ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាជន ខិតខំ​លុបបំបាត់​ឲ្យ​អស់​នូវ​ភាព​អសកម្ម និង​ចៀសវាង​បង្ក​បញ្ហា។

លោក ហ៊ុន សែន ក៏​បាន​ក្រើន​រំលឹក​ដល់​សមាជិក​សមាជិកា​គណបក្ស​ទាំងអស់​ដែល​មាន​មុខនាទី​ក្នុង​រាជរដ្ឋាភិបាល ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​បំពេញ​មុខនាទី ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស​បន្ត​យកចិត្ត​ទុកដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ដោយ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព រួម​មាន​ដូចជា​ការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា​ចោរ​ឆក់ ចោរ​ប្លន់ និង​ការ​ជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​រស់នៅ​សម្រាប់​ប្រជាពលរដ្ឋ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា សារ​នយោបាយ​នេះ​ជា​ជម្រើស​ល្អ​មួយ ខណៈ​អ្នក​តវ៉ា​ដីធ្លី​ខ្លះ​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទប្រកាន់​ផ្សេងៗ ក្រោយពី​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​ទៅ​ដល់ ប៉ុន្តែ​លោក​ថា សារ​នយោបាយ​នេះ​នឹង​មិន​អាច​ធានា​ផល​ប្រយោជន៍​ពលរដ្ឋ​ទេ បើ​ខ្វះ​ប្រព័ន្ធ​តាមដាន​ការ​អនុវត្ត​នោះ។

សេចក្តី​រាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ កម្រាស់ ៣៤​ទំព័រ ក្រោម​ចំណងជើង​ថា «ការ​បន្ត​ចោទប្រកាន់-ការ​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី» បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​គ្រួសារ (១៧០៣៣​គ្រួសារ) ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​ជាង ១៣០០​គ្រួសារ (១៣៤៧​គ្រួសារ) បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិវាទ​ដីធ្លី​ដែល​មាន​ទំហំ​ជាង ៥​ម៉ឺន ២​ពាន់​ហិកតារ (៥២៦០១,៨៧​ហិកតារ)។

ការ​រំលោភ​ដីធ្លី​លើ​ពលរដ្ឋ​ពី​សំណាក់​បុគ្គល​មាន​អំណាច​ចំនួន ៦៦​ករណី និង​បុគ្គល​អ្នក​មាន​ទ្រព្យ​ចំនួន ២៧​ករណី។

សេចក្តី​រាយការណ៍​ដដែល​ថា​ក្នុង​ឆ្នាំ​២០២១ វិវាទ​ដីធ្លី​ធំៗ​បាន​កើនឡើង​ខ្ពស់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយ​មាន​ការ​ប្រើ​អំពើ​ហិង្សា វាយ​បង្ក្រាប ចាប់​ខ្លួន ឃុំ​ខ្លួន និង​បាញ់​ប្រហារ​ទៅលើ​ពលរដ្ឋ ដូចជា​ករណី​វិវាទ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល រវាង​ក្រុមហ៊ុន OCIC គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​ឧកញ៉ា ពុង ឃាវសែ ដែល​អភិវឌ្ឍ​ធ្វើ​អាកាសយានដ្ឋាន​ថ្មី ករណី​វិវាទ​នៅ​ក្នុង​ស្រុក​ស្អាង ក្នុង​ខេត្ត​កណ្ដាល ក៏​មាន​សកម្មជន​ម្នាក់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ពី​ពន្ធនាគារ​ដល់​មន្ទីរពេទ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស