38 C
Phnom Penh

អតីត​មន្ត្រី CNRP នៅ​ក្រៅ​ប្រទេស​រិះគន់​លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​ខ្វះ​ភាព​ហ្មត់ចត់​ក្នុង​ការ​ដឹកនាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស រិះគន់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​ដែល​មាន​ភាព​ខ្ជីខ្ជា និង​ខ្វះ​ភាព​ហ្មត់ចត់​ក្នុង​ការ​ដឹកនាំ​កិច្ចការ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​រហូត​មិន​អាច​វិលត្រឡប់​ទៅ​ដឹកនាំ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ​បាន។

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស ឬ CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ធ្នូ ថា លោក សម រង្ស៊ី ជា​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព​សូម្បីតែ​ថែរក្សា​កិច្ចការ​ដែល​រូបលោក និង​សមាជិក​ជាន់ខ្ពស់​ដទៃ​ទៀត​បាន​ជួយ​ជ្រោមជ្រែង​នា​ពេល​កន្លងមក ដូចជា​ការ​បង្កើត​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ចុងឆ្នាំ​២០១៨ លើ​ទឹកដី​សហរដ្ឋ​អាមេរិក ជាដើម ឱ្យ​មាន​ភាព​យូរអង្វែង ក៏​គាត់​មិន​អាច​ធ្វើ​បាន។

លោក ប៉ុន សៅរី អះអាង​ថា ដើម្បី​ជា​ការ​ដឹងគុណ​ចំពោះ​លោក សម រង្ស៊ី ដែល​បាន​តស៊ូ​លះបង់​ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ មក លោក​បាន​ប្រឹងប្រែង​ចំណាយ​ពេលវេលា និង​ប្រើប្រាស់​ធនធាន​ផ្ទាល់ខ្លួន​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​ឱ្យ​លោក សម រង្ស៊ី មាន​ឥទ្ធិពល និង​ការ​គាំទ្រ​កាន់តែ​ច្រើន​ឡើងវិញ ដើម្បី​ឱ្យ​គាត់​អាច​វិលត្រឡប់​ទៅ​ដឹកនាំ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ជា​លទ្ធផល គាត់​មិន​អាច​គ្រប់គ្រង​ការងារ​ទាំងនោះ​បាន​ជោគជ័យ​ឡើយ។

លោក ប៉ុន សៅរី បន្ត​ថា រូបលោក​ផ្ទាល់​ក៏ដូចជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ដទៃ​ទៀត​ដែរ មិន​មាន​សមត្ថភាព​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ឱ្យ​លើស​ពី​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លងមក​នោះ​ទេ ប៉ុន្តែ​បើ​លោក សម រង្ស៊ី មិន​យល់​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​អ្នក​ដែល​បាន​ជួយ​លោក​កន្លងមក និង​មិន​ចេះ​ថែរក្សា​សមិទ្ធផល​ទាំងនោះ វា​គ្រាន់តែ​ជា​ភស្តុតាង​បញ្ជាក់​ថា គាត់​គឺជា​អ្នក​ដឹកនាំ​មួយ​រូប​ដែល​មាន​ភាព​ខ្ជីខ្ជា និង​គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​អ្នកគាំទ្រ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក៏​ជា​មូលហេតុ​នៃ​ការ​បរាជ័យ​របស់​គាត់​លើ​ឆាក​នយោបាយ​ដែរ។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក សម រង្ស៊ី បាន​ដឹកនាំ​ឱ្យ​មាន​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋ​ចចា (Georgia) លើ​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ទាំងស្រុង​ពី​អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស ឬ CNRP-O លោក ប៉ុន សៅរី និង​សមាជិក​ដទៃ​ទៀត​ដែល​បាន​យក​ការិយាល័យ​ធ្វើការ​របស់​ខ្លួន​ធ្វើជា​កន្លែង​ជួបជុំ ក្នុង​បំណង​ជួយ​ឱ្យ​លោក សម រង្ស៊ី មាន​ឥទ្ធិពល​នយោបាយ​ឡើងវិញ ដើម្បី​ទាក់ទាញ​ការ​ស្វាគមន៍​គាំទ្រ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ខណៈ​ពេល​ដែល​លោក​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស។

ក្នុង​ពិធី​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​២ ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ពេល​នោះ លោក សម រង្ស៊ី បាន​ប្រកាស​បង្កើត​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) និង​ប្រកាស​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ប៉ុន្តែ​ក្រោយ​មក អ្នក​ដែល​លោក សម រង្ស៊ី បាន​ប្រកាស​តែងតាំង​នៅ​ពេល​នោះ បាន​នាំគ្នា​លាឈប់​ជា​បន្តបន្ទាប់ ដោយសារតែ​ពួកគេ​បាត់បង់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​លោក​បន្ត​ទៀត។

ជាក់ស្តែង អគ្គ​ជំនួយការ​ជាន់ខ្ពស់​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក អ្នកស្រី Nalen Smith បាន​ដាក់​ពាក្យ​លាឈប់​ពី​មុខនាទី​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២១ ចំណែក​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-A និង​ជា​អនុប្រធាន​ប្រចាំ​ក្រៅ​ប្រទេស CNRP-O លោក ឡោ ឡៃសូ ក៏​បាន​ដាក់​លិខិត​លាលែង​ពី​មុខនាទី​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២១ ផង​ដែរ។

បញ្ហា​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់ទង​នឹង​របៀប​ដឹកនាំ​បក្ស​នយោបាយ អ្នក​សង្កេត​តាមដាន​នយោបាយ​ខ្មែរ​បាន​ធ្វើការ​ព្យាករ និង​សន្និដ្ឋាន​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​ថា បក្ស​ប្រឆាំង​នេះ​នឹង​មាន​វាសនា​ដូច​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច មិនខាន​ឡើយ រង់ចាំ​តែ​ពេលវេលា​ប៉ុណ្ណោះ ប៉ុន្តែ​សមាជិក​សកម្មជន​ដើរ​តាម​បក្ស​នេះ​ដែល​ប្រគល់​វាសនា​ទាំងស្រុង​លើ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ចេញ​មុខ​ការពារ​ព្រោងព្រាត ចោទ​គេ​ចោទ​ឯង​ថា ជា​បរិវារ​បក្ស​ប្រជាជន​កម្ពុជា​ទៅវិញ។ នេះ​ជា​លទ្ធផល​នៃ​ការ​មិន​ប្រើ​វិចារណញ្ញាណ​ត្រេះរិះ​គិត​ពិចារណា​ល្អិតល្អន់​តាម​សម្មាទិដ្ឋិ ឬ​សេចក្តី​យល់​ឃើញ​ត្រូវ។ ទោះជា​យ៉ាង​ដូច្នេះ​ក្តី បក្ស​ប្រឆាំង​បើ​ច្បាស់​ជា​ប្រឆាំង​ពិត​មែនទែន នៅ​មាន​ឱកាស​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស