នៅពេលលោក ហ៊ុន សែន ប្រគល់ញញួរប្រធានអាស៊ានទៅឱ្យប្រទេសឥណ្ឌូនេស៊ី បន្តវេនជាប្រធានអាស៊ានឆ្នាំ២០២៣ លោក ហ៊ុន សែន មិនបានអួតអាងមួយម៉ាត់ថា កម្ពុជាបានធ្វើឱ្យមានការវិវឌ្ឍល្អចំពោះវិបត្តិនៅភូមា នោះទេ ដែលវាផ្ទុយទាំងស្រុងចំពោះការអួតក្អេងក្អាងនៅពេលលោកកាន់ញញួរជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
គេនៅចាំបានថា ពេលនោះលោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជាលើកញញួរដោយថតបង្ហាញប្រាប់ប្រជាជនកម្ពុជាផង និងប្រាប់អ្នកនយោបាយអាស៊ាន រួមទាំងពិភពលោកផងថា រូបលោកផ្ទាល់មានសុទិដ្ឋិនិយមក្នុងការនាំភូមាត្រឡប់មកចូលសមាគមអាស៊ានវិញជាមួយនឹងការឱ្យរបបសឹកចេះបត់បែនការដឹកនាំប្រទេសទៅតាមកាលៈទេសៈជាក់ស្ដែង។
មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បានថ្លែងថា លោកនឹងជួយឱ្យភូមា ជាពិសេសគឺមេរដ្ឋប្រហារ មីន អ៊ុងឡាំង មកអង្គុយប្រជុំជាមួយមេដឹកនាំអាស៊ានដែលលោកថាអាស៊ានមិនមែន ៩ប្រទេសនោះទេ គឺអាស៊ាន ១០ប្រទេស ទើបហៅថាអាស៊ាន។ លោកបានថ្លែងថា ពេលនេះកម្ពុជាអាចមានលទ្ធភាពជួយផ្សះផ្សាវិបត្តិនៅភូមា ព្រោះកម្ពុជាឆ្លងកាត់វិបត្តិផ្ទៃក្នុងខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត ហើយទីបំផុតកម្ពុជាដោះស្រាយបានដោយឈរលើគោលការណ៍នយោបាយឈ្នះឈ្នះរបស់លោក។
គ្រាន់តែកាន់ញញួរជាប្រធានអាស៊ានភ្លាម លោក ហ៊ុន សែន អួតអាងអំពីការរើសពេលទៅជួបមេរដ្ឋប្រហារនៅភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង គឺនៅខែមករា ឆ្នាំ២០២២ ដោយកំណត់យកថ្ងៃទី៧ មករា តែម្ដងជាថ្ងៃដែលលោកអះអាងថាដឹកនាំទ័ពរំដោះកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលពេលនោះ លោកទៅជួបមេរដ្ឋប្រហារ មីន អ៊ុងឡាំង ហើយបានហៅលោក មីន អ៊ុងឡាំង ថាជានាយករដ្ឋមន្ត្រីនៅពេលដែលប្រទេសអាស៊ានជាច្រើនមិនបានហៅបុរសនេះក្នុងឋានៈនេះផងនោះ។
សេចក្ដីប្រកាសរួមរបស់លោក ហ៊ុន សែន និងលោក មីន អ៊ុងឡាំង បានធ្វើឡើងដោយបានបង្ហាញថា សេចក្ដីថ្លែងការណ៍រួមចាប់ពីពេលនេះតទៅ វាជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅភូមា។ អ្វីដែលលោក ហ៊ុន សែន អួតអាងនោះ គឺលោកអូសទាញបានរបបសឹកភូមាទទួលយកបទឈប់បាញ់គ្នាជាមួយនឹងកម្លាំងប្រឆាំង។ នៅពេលមកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ លោក ហ៊ុន សែន មិនបានធ្វើសន្និសីទសារព័ត៌មានទៅកាន់អ្នកសារព័ត៌មាននោះទេ ដោយលោកទុកឱ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រេសិតអាស៊ានជាអ្នកបកស្រាយ និងបង្ហាញសមិទ្ធផលនៃជំនួបរបស់លោកជាមួយមេដឹកនាំរបបសឹកប្រាប់ទៅអ្នកសារព័ត៌មាន។
ក្នុងសន្និសីទសារព័ត៌មាននោះ គេនៅចាំបានថា លោក ប្រាក់ សុខុន អួតអាងអំពីនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន ដែលសុំឱ្យភូមា គឺឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើតាមកម្ពុជា។ តែអ្វីដែលជាភាពអាម៉ាស់បំផុតនៅពេលនោះ គឺនៅពេលដែលលោកមកដល់ភ្នំពេញបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ របបសឹកភូមាបានបើកប្រតិបត្តិការវាយប្រហារពីលើអាកាសយ៉ាងខ្លាំងទៅលើកម្លាំងប្រឆាំងរបស់ខ្លួន បណ្ដាលឲ្យស្លាប់ជនស៊ីវិលរាប់សិបនាក់ ហើយប្រទេសសមាគមអាស៊ានរួមទាំងអន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំងចំពោះរបបសឹក។
តែយ៉ាងណា លោក ហ៊ុន សែន និងលោក ប្រាក់ សុខុន នៅតែមានអំនួតថាពេលវេលាច្រើនទៅមុខទៀតដែលនឹងធ្វើឱ្យកម្ពុជាជាប្រធានអាស៊ានអាចជួយរកដំណោះស្រាយបាននៅប្រទេសភូមា។ ដំណោះស្រាយដំបូង គឺលោកចង់ឃើញភូមាអនុវត្តគោលការណ៍មេដឹកនាំអាស៊ាន ៥ចំណុច គឺការដោះលែងអ្នកទោសនយោបាយ បើកផ្លូវទៅរកការចរចារវាងភាគីពាក់ព័ន្ធក្នុងជម្លោះទាំងអស់ជាមួយនឹងការបើកផ្លូវឱ្យមានជំនួយអន្តរជាតិចូលទៅជួយប្រជាជនភូមា ដែលធ្លាក់ខ្លួនវេទនាដោយសារតែរបបសឹកគាបសង្កត់ និងជិះជាន់។
ទីបំផុត លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតអាស៊ានធ្វើដំណើរម្ដងទៀតទៅ Lobby របបសឹកភូមា ដើម្បីឱ្យលោកអាចជួបនឹងក្រុមតំណាងរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ប៉ុន្តែនៅតែមិនបានជួប ហើយពេលដែលត្រឡប់មកកម្ពុជាវិញ លោកបានប្រាប់អ្នកសារព័ត៌មានថាវាជាសិទ្ធិរបស់ម្ចាស់ផ្ទះ។
ប៉ុន្មានខែក្រោយមកទៀត លោកត្រឡប់ទៅភូមាជាលើកទី២ ដើម្បីបញ្ចុះបញ្ចូលឱ្យភូមា បើកផ្លូវសម្រាប់ជំនួយសហគមន៍អន្តរជាតិ។ ចុងក្រោយ លោក ប្រាក់ សុខុន ប្រេសិតអាស៊ានដែលអះអាងថានឹងធ្វើដំណើរទៅភូមាមុនកម្ពុជាអស់សុពលភាពជាប្រធានអាស៊ាន ក៏លោកសម្រេចលុបចោលការធ្វើទស្សនកិច្ចរបស់លោក។
ក្រសួងការបរទេសកម្ពុជាធ្លាប់អះអាងថា លោក ប្រាក់ សុខុន មានការមមាញឹកជាខ្លាំងព្រោះត្រូវរៀបចំខ្លួនទៅចូលរួមប្រជុំអាស៊ាន-សហភាពអឺរ៉ុបនៅប្រទេសបែលហ្សិក។
ត្រង់ចំណុចនេះ អ្នកសង្កេតការណ៍មើលឃើញថា ការពិតលោក ប្រាក់ សុខុន ប្រហែលជាដឹងថារបបសឹកភូមាមើលឃើញកម្ពុជាអស់ឥទ្ធិពលដែលគ្មានអ្វីទៅនិយាយឱ្យរបបសឹកធ្វើតាមខ្លួននោះទេ ព្រោះពេលដែលកម្ពុជាកំពុងជាប្រធានអាស៊ាន ក៏របបសឹកគេមិនស្ដាប់ទៅហើយ ដូចនេះរឿងអ្វីដែលពួកយោធាត្រូវស្ដាប់កម្ពុជាទៀតនោះ បើកម្ពុជាអស់តួនាទីជាប្រធានអាស៊ានទៅហើយ។
សរុបទៅ មួយឆ្នាំដែលកម្ពុជាជាប្រធានអាស៊ាន និងការអួតអាងរបស់លោក ហ៊ុន សែន គឺស្មើនឹងសូន្យ គ្មានលទ្ធផលអ្វីជាដុំកំភួននោះទេ៕