32.9 C
Phnom Penh

ក្រសួង​ការបរទេស៖ សហភាព​អឺរ៉ុប​កោត​សរសើរ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​ថា សហភាព​អឺរ៉ុប​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ឲ្យ​របប​សឹក​ភូមា​អនុវត្ត អំឡុង​ពេល​ខ្លួន​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃ​ពុធ ទី​១៤ ធ្នូ ថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ពេញ​ទំហឹង​ក្នុង​ការ​ជួយ​ស្ដារ​ស្ថានភាព​នៅ​ប្រទេស​ភូមា ឲ្យ​វិល​ទៅ​រក​របប​លទ្ធិប្រជាធិបតេយ្យ​វិញ។

លោក ប្រាក់ សុខុន លើកឡើង​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា គឺ​បាន​ជំរុញ​ឲ្យ​របប​សឹក​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន ក្នុង​គោល​បំណង​បញ្ចប់​អំពើ​ហិង្សា និង​បទ​ឈប់​បាញ់ ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​អ្នក​ដែល​ត្រូវការ​បំផុត និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​សន្ទនា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ជម្លោះ​នោះ។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​រូប​នេះ​បញ្ជាក់​ថា ដោយ​មើល​ឃើញ​ពី​ស្ថានការណ៍​នៅ​ប្រទេស​ភូមា​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ប្រកប​ដោយ​គ្រោះថ្នាក់ និង​អស្ថិរភាព មេដឹកនាំ​អាស៊ាន​ក៏​បាន​អនុមតិ​លើ​លក្ខខណ្ឌ ១៥​ចំណុច​បន្ថែម​ពី​លើ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​ថែម​ទៀត ដើម្បី​កំណត់​ទិសដៅ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ទៅ​ថ្ងៃ​មុខ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា ចាប់តាំងពី​កម្ពុជា​ចូល​ខ្លួន​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ដោយ​មាន​ការ​សម្រេច​ជា​ឯកច្ឆន្ទ​ពី​អាស៊ាន​ឲ្យ​យក​គោលការណ៍​របស់​ខ្លួន​ទាំង ៥​ចំណុច​ទៅ​ដាក់​ឲ្យ​របប​សឹក​ភូមា​អនុវត្ត​រហូត​ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ពេលនេះ គេ​មើល​មិន​ឃើញ​ថា គោលការណ៍​ទាំង ៥​ចំណុច​នេះ​ណា​មួយ​ត្រូវ​បាន​របប​សឹក​ភូមា​យក​ទៅ​អនុវត្ត​តាម​ការ​ចង់​បាន​របស់​អាស៊ាន​នោះ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ចំពោះ​គោលការណ៍​មនុស្សធម៌​ដែល​កម្ពុជា​អះអាង​ថា​ធ្វើ​បាន​ជោគជ័យ​នោះ ក៏​គេ​មិន​ទាន់​អាច​វាយតម្លៃ​បាន​ថា​ជោគជ័យ​នៅឡើយ​ដែរ ពីព្រោះ​ជំនួយ​មនុស្សធម៌​នេះ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ទៅ​ឲ្យ​ភាគី​ដទៃ​ក្រៅពី​របប​សឹក​នោះ​ទេ។ លោក​បន្ត​ថា របប​សឹក​ជា​អ្នក​ចាត់ចែង​ទាំងអស់ ដូច្នេះ​គេ​មិន​អាច​ធានា​បាន​ទេ​ថា ជនរងគ្រោះ​ពិតប្រាកដ​នឹង​ទទួល​បាន​ជំនួយ​មនុស្សធម៌​នេះ ឬ​ក៏​អត់​នោះ។

លោក សេក សុជាតិ បញ្ជាក់​ថា ក្រៅតែ​ពី​គ្មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ពី​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា គេ​មិន​ដែល​ឃើញ​កម្ពុជា​ចាត់​វិធានការ​ណា​មួយ​ដើម្បី​ថ្កោលទោស ឬ​ដាក់​សម្ពាធ​លើ​របប​សឹក​ភូមា​នោះ​ទេ បើ​ទោះបីជា​របប​សឹក​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​ភូមា​ឲ្យ​មាន​ច្បាប់​កាត់ទោស​ប្រហារ​ជីវិត រហូត​ដល់​មាន​ការ​ដាក់​ទោស​ព្យួរ​ក​លើ​ក្រុម​អ្នក​តស៊ូ​ដើម្បី​សេរីភាព​របស់​ភូមា ដោយ​ប្រើ​ច្បាប់​ដ៏​ឃោរឃៅ​នេះ​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រយៈពេល​មួយ​ឆ្នាំ​ដែល​កម្ពុជា​ដឹកនាំ​អាស៊ាន មិន​បាន​ធ្វើ​ឲ្យ​វិបត្តិ​នៅ​ភូមា​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ទេ ដោយសារតែ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ខូច​នយោបាយ​ការទូត​របស់​អាស៊ាន តាំងពី​គាត់​ចូល​ទៅ​ជួប​មេខ្លោង​របប​សឹក​ភូមា​ដោយ​ឯកតោ​ភាគី​កាលពី​ដើម​ឆ្នាំ​២០២២ មក​ម្ល៉េះ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​លោក ហ៊ុន សែន ពេញ​មួយ​ឆ្នាំ មិន​ហ៊ាន​លើក​យក​បញ្ហា​របស់​ភូមា យក​ទៅ​និយាយ​ជាមួយ​មេដឹកនាំ​ភូមា​នោះ​ទេ។ ជាង​នេះ​ទៀត សូម្បីតែ​ការ​អនុវត្ត​វិធានការ​ណា​មួយ​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា ក៏​លោក ហ៊ុន សែន មិន​ដែល​លើក​យក​ទៅ​និយាយ​ជាមួយ​មេខ្លោង​របប​សឹក​នេះ​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មេដឹកនាំ​អាស៊ាន​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ​ជុំវិញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​ខ្លួន​ទាក់ទិន​នឹង​វិបត្តិ​នៅ​ភូមា​ថា វិបត្តិ​នៅ​ភូមា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​ផុយ​ស្រួយ​ដដែល ក្នុង​នោះ​មេដឹកនាំ​អាស៊ាន​បាន​ដាក់​លក្ខខណ្ឌ​រហូត​ដល់ ១៥​ចំណុច ដោយ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​នៅតែ​មាន​សុពលភាព និង​គួរតែ​ត្រូវ​បាន​អនុវត្ត​ទាំងស្រុង ហើយ​អាស៊ាន​ត្រូវតែ​រក​វិធី​ផ្សេង​ទៀត​ដើម្បី​ជំរុញ​ឱ្យ​របប​សឹក​អនុវត្ត​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច​នេះ​ឱ្យ​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស