ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងអំឡុងពេលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរម្លឹកឡើងវិញអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្ដីពីសន្តិភាពនៅកម្ពុជា បន្ទាប់ពីអង្គការសង្គមស៊ីវិលលើកឡើងថា លោក ហ៊ុន សែន មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានពេញលេញ។
ការក្រើនរម្លឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឡើងវិញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាពេលនេះ ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលលើកឡើងថា លោក ហ៊ុន សែន មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានពេញលេញ ធ្វើឲ្យបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជាធ្លាក់ចុះខ្លាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរំលេចឡើងវិញអំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។
ក្រៅពីរំលេចចំណងមិត្តភាពហើយ លោក ម៉ាក្រុង ក៏បានរម្លឹកឡើងវិញផងដែរអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ស្ដីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញ។
យ៉ាងណា ការក្រើនរម្លឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអស់សុពលភាពទៀតហើយ ដោយសារតែខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាអស់រួចទៅហើយ។
សកម្មជនកិច្ចព្រមព្រៀងចុងក្រោយនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានប្រាប់សារព័ត៌មាន The Cambodia Daily ថា យ៉ាងហោចណាស់មានហេតុផលចំនួន ៥ ដែលនាំឲ្យប្រធានាធិបតីបារាំងរម្លឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ។
លោកថា ហេតុផលទី១ ដោយសារបារាំងជាសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះបើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងនេះ អ្នកដែលទទួលបន្ទុកធ្ងន់ជាងគេ គឺបារាំង ព្រោះបារាំងជាសហប្រធានសន្និសីទទីក្រុងប៉ារីសផង និងជាសាមីនៃកិច្ចព្រមព្រៀងផង ព្រមទាំងជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិថែមទៀត។
ប្រភពដដែលបានលើកឡើងថា មួយវិញទៀត ដោយសារកិច្ចព្រមព្រៀងនេះវាបានធានាអំពីសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដូច្នេះបើកម្ពុជាមិនអនុវត្ត វាមិនមែនប៉ះពាល់តែសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជានោះទេ ប៉ុន្តែវាថែមទាំងបង្កបញ្ហាដល់តំបន់អាស៊ីអាគ្នេយ៍ និងសមុទ្រចិនខាងត្បូងផងដែរ។
លោកបន្តថា បណ្ដាប្រទេសលោកសេរីនៅតែមានមន្ទិលសង្ស័យរឿងមូលដ្ឋានកងទ័ពចិននៅលើទឹកដីកម្ពុជា ហើយករណីសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% នាពេលកន្លងមក ដោយសារតែបារាំងដឹងច្បាស់ថា កម្ពុជាកំពុងដឹកនាំតាមបែបផ្ដាច់ការ ជ្រោកក្រោមស្លាកប្រជាធិបតេយ្យ។
លោកកត់សម្គាល់ថា មិនមែនមានតែបារាំងទេ សូម្បីសហរដ្ឋអាមេរិកក៏បានជំរុញឲ្យកម្ពុជាគោរពកិច្ចព្រមព្រៀងនេះដែរ ខណៈជប៉ុន និងអូស្ត្រាលី ក៏ធ្លាប់លើកយករឿងកិច្ចព្រមព្រៀងនេះទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែរ។
លោកថា ហេតុផលទី៤ ពាក់ព័ន្ធនឹងការដកទូតស៊ុយអែតចេញពីកម្ពុជា និងការបន្តធ្វើទុក្ខបុកម្នេញគណបក្សនយោបាយ ដែលកត្តានេះធ្វើឲ្យការបោះឆ្នោតជាតិខាងមុខមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើសិនកម្ពុជាមិនបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្របពេលដែលបក្សប្រឆាំងដ៏ធំត្រូវបានផាត់ចេញពីឆាកនយោបាយ ហើយមេដឹកនាំសំខាន់ៗរបស់បក្សនេះកំពុងជាប់បណ្ដឹង និងតតាំងក្ដីនៅតុលាការ។
លោក ស្រ៊ុន ស្រ៊ន ថាការក្រើនរម្លឹកកិច្ចព្រមព្រៀងនេះ បង្ហាញពីសញ្ញាវិជ្ជមានមួយក្រោយមានការស្នើសុំពីពលរដ្ឋ និងសង្គមស៊ីវិលដែលទាមទារឲ្យប្រទេសហត្ថលេខីទាំងអស់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមឲ្យបានពេញលេញ។
កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយដើម្បីបញ្ចប់ជម្លោះ ឬសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលហៅថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយប្រទេសហត្ថលេខីចំនួន ១៨ មានសហប្រធានចំនួន២ គឺប្រទេសបារាំង និងឥណ្ឌូនេស៊ី៕