រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នមានចំនួនសរុប ៩៤៧៤លានដុល្លារអាមេរិក គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
លោកថា បំណុលទាំងនោះនៅតែមានចីរភាព និងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ គឺទី១ ក្របខ័ណ្ឌច្បាប់ ទី២ គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទី៣ សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ ទី៤ ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។
លោកអះអាងថា រដ្ឋាភិបាលកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នខ្ពស់បំផុតនូវវិធានការជាយុទ្ធសាស្ត្រនានា ដែលដាក់ចេញក្នុងយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣។
យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច បានបង្ហាញថា ក្នុងចំណោមបំណុលក្រៅប្រទេសចំនួន ៩៤៦៤លានដុល្លារ គឺមានជាង ៦៤៣៥លានដុល្លារ ឬស្មើនឹងប្រមាណ ៦៨% ជាបំណុលក្នុងក្របខ័ណ្ឌទ្វេភាគី។ រីឯបំណុល ៣០២៨លានដុល្លារ ឬស្មើនឹងប្រមាណ ៣២% ទៀត ជាបំណុលក្នុងក្របខ័ណ្ឌពហុភាគី។
ប្រភពដដែលបានបញ្ជាក់ថា បំណុលក្រៅប្រទេសដែលកម្ពុជាជំពាក់ច្រើនជាងគេ គឺជាបំណុលចិន ដែលមានទៅដល់ ៤១% ស្មើនឹងទំហំទឹកប្រាក់ ៣៨៨០លានដុល្លារនៃបំណុលក្រៅប្រទេសសរុប។ ក្រៅពីនេះ កម្ពុជាជំពាក់ជប៉ុន ៩៤៦,៤លានដុល្លារ ដែលស្មើនឹង ១០% ជំពាក់កូរ៉េខាងត្បូងចំនួន ៤៧៣,២លានដុល្លារ ដែលស្មើនឹង ៥% ជំពាក់បារាំងចំនួន ៤៧៣,២លានដុល្លារ ស្មើនឹង ៥% បំណុលមរតកមាន ៦៦២,៤លានដុល្លារ ដែលស្មើនឹង ៧% និងបំណុលទ្វេភាគីផ្សេងៗទៀតមាន ១% ផងដែរ។
ចំពោះបំណុលពហុភាគីវិញ កម្ពុជាជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ១៨៩២,៨លានដុល្លារ ដែលស្មើនឹង ២០% ជំពាក់ធនាគារពិភពលោកចំនួន ៨៥១,៧លានដុល្លារ ដែលស្មើនឹង ៩% និងបំណុលពហុទ្វេភាគីផ្សេងៗទៀតមាន ១៨៩,២លានដុល្លារ ដែលស្មើនឹង ២% ផងដែរនៃបំណុលក្រៅប្រទេសរបស់កម្ពុជាសរុបចំនួន ៩៤៦០លានដុល្លារ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់ The Cambodia Daily នៅពេលកន្លងមកថា ករណីបំណុលដែលកម្ពុជាជំពាក់បរទេសប្រមាណ ៤០% នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ខ្លួន បើគិតត្រឹមតែតួលេខនេះ គឺមិនមានហានិភ័យនោះទេ ប៉ុន្តែស្ថានភាពបំណុលនេះបានធ្វើឲ្យកម្ពុជាប្រឈមនឹងហានិភ័យនៅថ្ងៃអនាគត ជាពិសេសបំណុលដែលពុំមានតម្លាភាពជាមួយចិនសព្វថ្ងៃនេះ។
លោក គឹម សុខ អះអាងថា ស្ថានភាពបំណុលដែលកម្ពុជាកំពុងជំពាក់បរទេសក្នុងពេលបច្ចុប្បន្ននេះ គឺមិនមែនតិចតួចនោះទេ។ លោកបន្តថា បំណុលនេះមានចំនួនប្រមាណ ១០ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងទំហំសេដ្ឋកិច្ចកម្ពុជាដែលមានប្រមាណជាង ២០ពាន់លានដុល្លារអាមេរិកនោះ។
លោកបន្តថា ចំពេលដែលកម្ពុជាកំពុងមានវិបត្តិលើគ្រប់វិស័យថែមទៀត ដូចជាវិបត្តិនយោបាយ វិបត្តិសិទ្ធិមនុស្ស និងវិបត្តិប្រជាធិបតេយ្យ ធ្វើឱ្យកម្ពុជារងនូវគំនាបសេដ្ឋកិច្ចពីមហាអំណាច ដូចជាសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម តាមរយៈនៃការផ្តាច់ប្រព័ន្ធអនុគ្រោះនានាក្នុងពេលបច្ចុប្បន្ននេះ។
សម្រាប់ឆ្នាំ២០២៣ កម្ពុជាគ្រោងខ្ចីពីបរទេសប្រមាណ ១៥០០លានដុល្លារ ដើម្បីបំពេញចំណាយជាតិប្រចាំឆ្នាំដែលមានដល់ ៩,៦ពាន់លានដុល្លារ។ ក្រៅពីនេះ រដ្ឋនឹងខ្ចីអ្នកក្នុងស្រុកចំនួន ២០០លានដុល្លារផងដែរតាមការបោះផ្សាយមូលប័ត្ររដ្ឋ៕