លោក ហ៊ុន សែន អះអាងថាកិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប មិនគួរត្រូវបានរំខានដោយសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហានយោបាយ ឬបញ្ហាសិទ្ធិមនុស្សផ្សេងទៀតឡើយ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងខណៈលោកចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប ៤៥ឆ្នាំនៃដៃគូសន្ទនាអាស៊ាន-អឺរ៉ុប កាលពីថ្ងៃពុធ នៅទីក្រុងប្រ៊ុចសែល ក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ។
នៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ មិនគួរត្រូវបានរំខានដោយសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហានយោបាយ ឬបញ្ហាសិទ្ធិមនុស្សផ្សេងទៀតឡើយ។ លោកបានចោទជាសំណួរថា ទាក់ទិននឹងសិទ្ធិមនុស្ស លោកចង់សួរថា តើអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសណាខ្លះនៅក្នុងអាស៊ាន ហើយតើបញ្ហាសិទ្ធិមនុស្សនៅទីនោះវាយ៉ាងម៉េច?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា ចំណុចនេះគឺជាចំណុចដាស់តឿនអាស៊ានឱ្យខិតខំប្រឹងប្រែងដើម្បីងើបឈរឡើងធ្វើជាដៃគូស្មើភាព និងស្មើសិទ្ធិជាមួយសហភាពអឺរ៉ុប។
លោក ហ៊ុន សែន អះអាងថា អាស៊ានមិនត្រូវទន្ទឹងរង់ចាំអ្វីៗឲ្យអឺរ៉ុបជួយនោះទេ ប៉ុន្តែត្រូវឃើញនូវការបំពេញឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចតំបន់ទាំងពីរអាស៊ាន-អឺរ៉ុប។ លោកបានទទួលស្គាល់ថា ពិតហើយបណ្ដាប្រទេសនៅអឺរ៉ុបមានសេដ្ឋកិច្ចជឿនលឿនជាងអាស៊ាន ប៉ុន្តែអាស៊ានក៏មិនមែនជាកន្លែងដែលត្រូវតែរង់ចាំទទួលជំនួយពីអឺរ៉ុបនោះដែរ។ លោកថា អាស៊ាន-អឺរ៉ុបបានឯកភាពគ្នាបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
បណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានប្រាប់សារព័ត៌មានក្នុងស្រុកថា អឺរ៉ុបមិនគួរយកបញ្ហានយោបាយនៃបណ្ដាប្រទេសអាស៊ានណាមួយមករាំងខ្ទប់ដល់កិច្ចព្រមព្រៀងនេះទេ។ លោកថា អឺរ៉ុបហាក់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះមានស្តង់ដារពីរ ព្រោះបណ្ដាប្រទេសអាស៊ានដែលអឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ពុំមានការគោរពសិទ្ធិមនុស្ស និងពុំមានការបោះឆ្នោតត្រឹមត្រូវឡើយ។
នៅក្រៅកិច្ចប្រជុំ ពលរដ្ឋកម្ពុជានៅអឺរ៉ុប រួមទាំងអ្នកនយោបាយបក្សប្រឆាំងដែលនិរទេសខ្លួន ក៏បានធ្វើបាតុកម្មទាមទារឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយផងដែរ។
យោងតាមវីដេអូនៃការធ្វើបាតុកម្មនោះ គឺមានបាតុករប្រមាណជា ១០០នាក់ ប៉ុន្តែអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ លោក ម៉ែន សុថាវរិន្ទ្រ បានលើកឡើងថា បាតុករដែលចូលរួមមានប្រមាណជា ២០០នាក់ បើទោះបីជាមានបញ្ហាអាកាសធាតុមករំខានយ៉ាងណាក៏ដោយ។
ព្រះតេជព្រះគុណ លួន សុវ៉ាត ដែលបានចូលរួមបាតុកម្មនោះដែរមានសង្ឃដីកាថា ព្រះអង្គបានធ្វើដំណើរពីប្រទេសស្វីស ទៅកាន់ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួម ព្រោះថានេះជាកាតព្វកិច្ចរបស់ព្រះអង្គក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូបដែលប្រឆាំងនឹងការគាបសង្កត់សិទ្ធិនានា។
ទាក់ទិនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបនេះ គេកត់សម្គាល់ឃើញថា អឺរ៉ុបនៅមិនទាន់សម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អឺរ៉ុបឡើយ តែអឺរ៉ុបជ្រើសរើសប្រទេសពីរក្នុងសមាគមអាស៊ាន ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយទៅវិញ។ ប្រទេសពីរនោះ គឺវៀតណាម និងសិង្ហបុរី៕