29.3 C
Phnom Penh

សហភាព​អឺរ៉ុប​និង​អាស៊ាន​ប្ដេជ្ញា​រួម​គ្នា​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ ទី​១៤ ធ្នូ សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​អំពី​តម្រូវការ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ និង​ការ​គោរព​ឯករាជភាព​អំពី​បូរណភាព​ដែនដី​នៃ​ប្រទេស​អ៊ុយក្រែន ដែល​មហាអំណាច​រុស្ស៊ី​កំពុង​លើក​ទ័ព​ឈ្លានពាន។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឲ្យ​ដឹង​ថា មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២៧ និង​មេដឹកនាំ​អាស៊ាន​ចំនួន ៩​ប្រទេស ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប ៤៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត ប៉ុន្តែ​មេដឹកនាំ​ប្រទេស​ភូមា ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​នោះ​ទេ។

មេដឹកនាំ​នៃ​ប្រទេស​ដៃគូ​ទាំង​ពីរ​នៃ​សហភាព​អឺរ៉ុប និង​អាស៊ាន បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត រួម​ទាំង​ពាណិជ្ជកម្ម​អន្តរកាល​នៃ​ការ​ពង្រឹង​វិស័យ​ថាមពល​ស្អាត និង​ឌីជីថល រួម​ទាំង​វិស័យ​សុខាភិបាល។

ក្នុង​ជំនួប​នេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​បែលហ្ស៊ិក សហភាព​អឺរ៉ុប និង​អាស៊ាន​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ដៃគូ​ទាំង​ពីរ​ពង្រីក​សេវាកម្ម​កាន់តែ​ងាយស្រួល និង​ទូលំទូលាយ។ ក្រោយពី​ជំនួប​ហើយ ក៏​មាន​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា ដើម្បី​បង្ហាញ​ពី​ទស្សនៈ និង​ការ​ប្ដេជ្ញាចិត្ត។

ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr. នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen ចូលរួម​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​សាល​ប្រជុំ​កំពូល​សហភាព​អឺរ៉ុប-អាស៊ាន។

ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen បាន​ប្រកាស​ពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ចំណាយ​ថវិកា​ចំនួន ១០​ពាន់​លាន​អឺរ៉ូ ឬ​ស្មើ​នឹង​ជាង ១០​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដល់​ឆ្នាំ​២០២៧ ដោយ​ផ្តោត​លើ​គម្រោង​ថាមពល​ស្អាត។

សហភាព​អឺរ៉ុប ចង់​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សិង្ហបុរី វៀតណាម និង​ការ​ចាប់​យក​ឥណ្ឌូនេស៊ី ជា​ដៃគូ​ទូលំទូលាយ​ផ្នែក​ពាណិជ្ជកម្ម​សេរី។

នេះ​គឺជា​កិច្ចប្រជុំ​កំពូល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​ដៃគូ​ទាំង​ពីរ។ អ្នកស្រី Von der Leyen ថ្លែង​អំពី​គោលដៅ គឺ​ការ​ប្ដេជ្ញាចិត្ត​គោរព​តាម​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដោយ​ផ្អែក​លើ​ច្បាប់​អង្គការ​សហប្រជាជាតិ។

សហភាព​អឺរ៉ុប បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​សមាគម​អាស៊ាន​ចាត់ទុក​សង្គ្រាម​នៅ​អ៊ុយក្រែន ជា​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​សេចក្ដី​សម្រេច​របស់​មេដឹកនាំ​អាស៊ាន​បាន​សង្កត់​ធ្ងន់​អំពី​ការ​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​សង្គ្រាម។

សហគមន៍​ទាំង​ពីរ​បាន​និយាយ​ថា សមាជិក​ភាគច្រើន​បាន​ថ្កោលទោស​សង្គ្រាម និង​ទទួលស្គាល់​ការ​ឈឺចាប់​របស់​មនុស្ស​លោក​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

សហភាព​អឺរ៉ុប និង​អាស៊ាន បាន​បង្ហាញ​ទស្សនៈ​ជាច្រើន​ដោយ​ការ​វាយតម្លៃ​អំពី​ស្ថានភាព និង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុង​មូស្គូ ជាមួយ​នឹង​ការ​តម្រូវ​ឱ្យ​មាន​ការ​គោរព​អធិបតេយ្យភាព ឯករាជភាព​ខាង​នយោបាយ និង​បូរណភាព​ដែនដី​អ៊ុយក្រែន។

ប្រទេស​អ៊ុយក្រែន និង​សម្ពន្ធមិត្ត​របស់​ខ្លួន​បាន​បញ្ជាក់​ថា ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី គឺជា​អំពើ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ដែល​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​បាន​កំណត់​ថា​ជា​ការ​ប្រើប្រាស់​កងកម្លាំង​ខុស​ច្បាប់​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ។

សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា បាន​ទាមទារ​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​ថា៖ «សហភាព​អឺរ៉ុប​បាន​ស្នើ​បង្កើត​តុលាការ​ពិសេស​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​ស៊ើបអង្កេត និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយក្រែន»

ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កំពុង​ស៊ើបអង្កេត​អំពី​ការ​ចោទប្រកាន់​ដែល​ថា រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត និង​ការ​សម្លាប់​ជនស៊ីវិល ការ​ធ្វើ​ទារុណកម្ម ការ​ចាប់​រំលោភ និង​ការ​វាយប្រហារ​សំដៅ​លើ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិល​របស់​អ៊ុយក្រែន។

កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ សមាជិក​សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​រុស្ស៊ី​បាញ់​មីស៊ីល​រាប់​ពាន់​គ្រាប់​សំដៅ​កម្ទេច​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិល រោងចក្រ​អគ្គិសនី និង​ទឹក​ស្អាត​ដែល​ប្រជាជន​កំពុង​ត្រូវការ​បំផុត​នៅ​រដូវ​ត្រជាក់​នេះ ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាតិ​អ៊ុយក្រែន គឺ​ដូច​សម័យ ស្តាលីន សហភាព​សូវៀត អនុវត្ត​របប Holodomor ក្នុង​ទសវត្ស​១៩៣០ បណ្ដាល​ឱ្យ​ប្រជាជន​អ៊ុយក្រែន​រាប់​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស និង​ស្លាប់​រាប់​ម៉ឺន​សែន​នាក់។

បច្ចុប្បន្ន​នេះ កម្លាំង​ពិត​ប្រឆាំង​នឹង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺ​មាន​ជាង ៥០​ប្រទេស ក្នុង​នោះ ១៥​ប្រទេស​បាន​ផ្ដល់​ទៅ​ឱ្យ​អ៊ុយក្រែន ទាំង​គ្រាប់​រំសេវ គ្រឿង​សព្វាវុធ និង​ជំនួយ​ហិរញ្ញវត្ថុ ហើយ​ក្រៅពី​នេះ​ផ្ដល់​ជំនួយ​ជា​ស្បៀង ថ្នាំពេទ្យ អាវ​រងា ជាដើម។ សម្រាប់​សហភាព​អឺរ៉ុប ២៧​ប្រទេស គឺ​គ្មាន​ប្រទេស​ណា​មួយ​គាំទ្រ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស