30 C
Phnom Penh

សង្គម​ស៊ីវិល៖ ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​របស់​លោក ហ៊ុន សែន មិន​មាន​តម្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល លើកឡើង​ថា ពានរង្វាន់ «សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម» ដែល​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ប្រគល់​ឲ្យ​លោក ហ៊ុន សែន មិន​សូវ​មាន​តម្លៃ ដោយសារ​វិទ្យាស្ថាន​នេះ​មិន​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។

កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ នេះ វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (KSI) បាន​ប្រគល់​ពានរង្វាន់ «សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម» ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លើក​ហេតុផល​ថា លោក​បាន​កសាង​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ទូទាំង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

បើ​តាម​ហ្វេសប៊ុក​លោក ហ៊ុន សែន សរសេរ​ថា ពានរង្វាន់​ដែល​វិទ្យាស្ថាន KSI ប្រគល់​ឲ្យ​លោក ហ៊ុន សែន បន្ទាប់ពី​បាន​សិក្សា និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ទៅ​លើ​លក្ខណៈ​សម្បត្តិ​នៃ​ការ​ដឹកនាំ និង​សមិទ្ធផល​ទាំងឡាយ​ដែល​កើត​ចេញពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។ វិទ្យាស្ថាន​នេះ​ថា ខ្លួន​បាន​កត់សម្គាល់​ពី​ភាព​ប៉ិនប្រសព្វ ឈ្លាសវៃ និង​ពោរពេញ​ដោយ​ឆន្ទៈ​មនសិការ ភក្ដីភាព​យ៉ាង​មុតមាំ​ចំពោះ​ជាតិ និង​ប្រជាជន ហើយ​បាន​ធ្វើ​ពលិកម្ម​ដោយ​មិន​ចេះ​នឿយហត់ ដើម្បី​នាំ​មក​នូវ​សុខ​សន្តិភាព ភាព​ក្សេមក្សាន្ត វឌ្ឍនភាព ភាព​រីកចម្រើន និង​វិបុលភាព​សម្រាប់​ជាតិ និង​ប្រជាជាតិ​កម្ពុជា។

ប៉ុន្តែ​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី និង​ជា​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វីកថូរៀ (Victoria) លោក ហុង លីម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily យ៉ាង​ខ្លី​ថា វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នេះ​មិន​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ទេ។

ការ​ទទួល​បាន​ពានរង្វាន់​របស់​លោក ហ៊ុន សែន នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ដែល​បាន​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ។

បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប កាលពី​ខែ​សីហា ឆ្នាំ​២០២០ បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា ក្រោយ​ពួកគេ​រក​ឃើញ​ថា​កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ស្ថានភាព​នយោបាយ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស