33 C
Phnom Penh

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ដើម​ខែ​មីនា​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២៣ ខាងមុខ ខណៈ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ចាត់ទុក​ការ​ប្រកាស​នោះ​ថា​ប៉ះពាល់​សិទ្ធិ​កូនក្ដី​ដែល​ជា​អ្នក​នយោបាយ។

ការ​សម្រេច​របស់​តុលាការ ធ្វើឡើង​បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​លោក កឹម សុខា បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។

ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី លើកឡើង​ថា សេចក្ដី​សន្និដ្ឋាន​មេធាវី​រដ្ឋាភិបាល​ចំនួន ៨៦​ទំព័រ​នោះ​ផ្ដោត​សំខាន់​លើ​ការ​ចោទប្រកាន់​ថា លោក កឹម សុខា រៀបចំ​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ក្នុង​សេចក្ដី​សន្និដ្ឋាន​នោះ ក៏​បាន​យក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​មក​ភ្ជាប់​ជាមួយ​នឹង​កូនក្ដី​របស់​អ្នកស្រី ទោះបី​សាក្សី​បាន​បដិសេធ​ថា​យុទ្ធនាការ​នេះ​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។

មេធាវី​ដដែល​លើកឡើង​ថា លើស​ពី​នេះ បាតុកម្ម​នៅ​កន្លែង​ផ្សេងៗ​ក្នុង​នោះ​មាន​បាតុកម្ម​លើ​ផ្លូវ​វេងស្រេង និង​បាតុកម្ម​នៅ​ខេត្ត​កំពង់ចាម ជាដើម ក៏​យក​មក​ចោទប្រកាន់​លើ​លោក កឹម សុខា ខណៈ​ភស្តុតាង​វីដេអូ​បាន​កាត់ត​ខុស​ពី​វីដេអូ​ដើម​ដែល​កូនក្ដី​របស់​អ្នកស្រី​បាន​និយាយ។

អ្នកស្រី ម៉េង សុភារី អះអាង​ថា សេចក្ដី​សន្និដ្ឋាន​មេធាវី​រដ្ឋាភិបាល​នៅតែ​ចោទប្រកាន់​កូនក្ដី​របស់​អ្នកស្រី​គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក និង​អង្គការ​មួយ​ចំនួន​ទៀត ខណៈ​ករណី​អាមេរិក​នេះ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា​កូនក្ដី​របស់​អ្នកស្រី​មិន​មាន​ការ​ពាក់ព័ន្ធ​ក៏ដោយ។

មួយ​វិញ​ទៀត មេធាវី​រដ្ឋាភិបាល​បាន​ចោទប្រកាន់​កូនក្ដី​គប់គិត​ជាមួយ​ជនបរទេស ប៉ុន្តែ​បែរ​ជា​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ជនបរទេស​ទាំងអស់​នោះ ហើយ​មក​សរសេរ​អក្សរ «ក ខ» ធ្វើជា​តំណាង​ឈ្មោះ​អ្នក​ទាំងអស់​ទៅវិញ។

អ្នកស្រី​ថា ភស្តុតាង​ដែល​មេធាវី​រដ្ឋាភិបាល និង​តំណាង​អយ្យការ​ចោទប្រកាន់​លោក កឹម សុខា មិន​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ឡើយ ដូច្នេះ​ក្រុម​មេធាវី​បាន​ស្នើ​ទៅ​ចៅក្រម​ឲ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំងអស់ ដើម្បី​ឲ្យ​កូនក្ដី​របស់​អ្នកស្រី​មាន​សេរីភាព​វិញ។

តែ​យ៉ាងណាក៏ដោយ អ្នកស្រី ម៉េង សុភារី ចាត់ទុក​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ខាងមុខ​នេះ ថា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្ដី​របស់​អ្នកស្រី​ដែល​ជា​អ្នក​នយោបាយ។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១២ ឧសភា កន្លងមក លោក ហ៊ុន សែន អះអាង​ថា រូបលោក​មិន​បាន​ចោទ​អាមេរិក​ពាក់ព័ន្ធ​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​របស់​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

ប្រាប់​អ្នក​សារព័ត៌មាន​អំឡុង​ពេល​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ លោក កឹម សុខា បាន​លើកឡើង​ថា ភស្តុតាង​ដែល​ចោទប្រកាន់​លើ​រូបលោក​ជា​ភស្តុតាង​ក្លែងក្លាយ ហើយ​ថា​ភស្តុតាង​ទាំងនោះ​ត្រូវ​បាន​គេ​កាត់​ខ្លឹមសារ​ដែល​គាត់​បាន​និយាយ​ថែម​ទៀត។

ចំណែក​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ដោយ​ទាមទារ​ឲ្យ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ឪពុក​របស់​កញ្ញា ដើម្បី​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ និង​ដើម្បី​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​សហគមន៍​អន្តរជាតិ ហើយ​ជៀសវាង​ផល​ប៉ះពាល់​បន្ថែម​ពី​សហគមន៍​អន្តរជាតិ។

សាលាដំបូង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​បើក​សវនាការ​ក្នុង​សំណុំរឿង​លោក កឹម សុខា ក្រោម​ការ​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព​ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស» ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២០។ តុលាការ​ដំណើរការ​ក្ដី​នេះ​បាន​ប្រមាណ ១​ខែ ក៏​បង្ខំ​ចិត្ត​ផ្អាក​ទៅវិញ មូលហេតុ​ដោយសារ​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។ ក្រោយពី​ផ្អាក​អស់​រយៈពេល​ជិត ២​ឆ្នាំ​ដោយសារ​ជំងឺ​កូវីដ-១៩ សវនាការ​នេះ​ក៏​ចាប់ផ្តើម​បន្ត​ជំនុំជម្រះ​ឡើងវិញ​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២២។

គិត​មក​ដល់​ថ្ងៃ​ដែល​តុលាការ​ប្រកាស​បិទ​បញ្ចប់​នីតិវិធី​នៃ​ការ​សួរ​ដេញដោល​គ្រប់​អង្គហេតុ នៅ​ថ្ងៃទី​១៩ ខែ​តុលា គឺ​សវនាការ​នេះ​បាន​បន្ត​អូស​បន្លាយ​លើក​ទី​៦៣ មក​ហើយ។

តុលាការ​លើកឡើង​អំឡុង​ពេល​សវនាការ​ថា សាក្សី​ចំនួន ២៧​នាក់​ត្រូវ​បាន​កោះហៅ​ឱ្យ​មក​ផ្តល់​សក្ខីកម្ម ប៉ុន្តែ​មាន​តែ​សាក្សី ៨​នាក់​ទេ​ដែល​ចូល​បំភ្លឺ​ទៅ​តាម​ការ​កោះហៅ​របស់​តុលាការ។

គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​ទាំង​ពាក់​កណ្តាល​អធ្រាត្រ​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ អ្នក​នយោបាយ​ចាស់​វស្សា លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ប្រមាណ ៥​ឆ្នាំ​មក​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស