33 C
Phnom Penh

លោក ហ្សេឡេនស្គី ថ្លែង​អរគុណ​ប្រជាជន​អាមេរិក​ជួយ​ការពារ​សេរីភាព​ប្រជាជន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​ចុះ​ពី​យន្តហោះ​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីនតោន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​រូតរះ​ទៅ​កាន់​សេតវិមាន​ដែល​លោក បៃដិន បាន​រង់ចាំ​លោក​ហើយ​នោះ។

ជំនួប​នៃ​មេដឹកនាំ​ទាំង​ពីរ​បាន​ចាប់ផ្ដើម​ភ្លាមៗ​ក្រោយពី​លោក បៃដិន ចេញ​មក​ទទួល​លោក ហ្សេឡេនស្គី នៅ​ច្រក​ទ្វារ​ចូល​ការិយាល័យ​របស់​លោក។ លោក ចូ បៃដិន បាន​អម​ដំណើរ​លោក ហ្សេឡេនស្គី ចូល​ទៅ​កាន់​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន ហើយ​កិច្ច​សន្ទនា​ក៏​ចាប់ផ្ដើម។

ក្រោយពី​ជួប​គ្នា​ជាច្រើន​នាទី លោក បៃដិន និង​លោក ហ្សេឡេនស្គី បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ខាងក្រៅ​អគារ​សេតវិមាន។ លោក បៃដិន បាន​ថ្លែង​អំពី​ឆន្ទៈ​របស់​រដ្ឋការ​របស់​លោក​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​ដល់​ប្រជាជន​អ៊ុយក្រែន ដែល​ពលី​ជីវិត​ដើម្បី​សេរីភាព។ លោក បៃដិន អះអាង​ថា សង្គ្រាម​របស់​លោក ពូទីន គឺ​វា​អាក្រក់​ខ្លាំង​ដែល​សូម្បី​សហគមន៍​ស៊ីវិល ក៏​រុស្ស៊ី​បាញ់​កម្ទេច​ដែរ។ កុមារ​ស្លាប់​រាប់​ពាន់​នាក់ ហើយ​រាប់​ម៉ឺន​នាក់​ទៀត​ក្លាយ​ជា​កុមារ​កំព្រា។

លោក បៃដិន អះអាង​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ជួយ​អ៊ុយក្រែន ព្រោះ​ប្រជាជន​អ៊ុយក្រែន​មាន​ឧត្តមគតិ​ការពារ​មាតុភូមិ និង​សេរីភាព​របស់​ខ្លួន។ លោក បៃដិន ហៅ​ប្រជាជន​អ៊ុយក្រែន កងទ័ព​អ៊ុយក្រែន ថា​ជា​វីរជន​ដើម្បី​សេរីភាព។ ជាមួយ​គ្នា​នេះ លោក បៃដិន បាន​ប្រកាស​បន្ត​បញ្ជូន​ជំនួយ​យោធា​ថ្មី​ទៀត​នូវ​សាច់ប្រាក់ ១៨០០​លាន​ដុល្លារ។

បើ​តាម​ប្រធានាធិបតី​អាមេរិក​រូប​នេះ ជំនួយ​អាមេរិក​លើក​នេះ​មាន​ប្រព័ន្ធ​មីស៊ីល Patriot គ្រាប់​កាំភ្លើង និង​គ្រាប់​រ៉ុក្កែត។ ទោះជា​យ៉ាងណា លោក បៃដិន ប្រកាស​សន្យា​ជួយ​ប្រជាជន​អ៊ុយក្រែន​រហូត​ដល់​ពេលវេលា​ដែល​រុស្ស៊ី​បញ្ចប់​សង្គ្រាម ហើយ​ដក​ទ័ព​ទៅ​ប្រទេស​រុស្ស៊ី​វិញ។

មុន​បិទ​បញ្ចប់​សន្និសីទ​សារព័ត៌មាន លោក បៃដិន បាន​ហៅ​រុស្ស៊ី និង​លោក ពូទីន ថា​ជា​ចក្រព័ត្រ​ថ្មី​ដែល​បំពាន​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

កាលពី​ថ្ងៃ​ថ្ងៃ​ពុធ ទី​២១ ធ្នូ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅ​សហរដ្ឋ​អាមេរិក។ បន្ទាប់ពី​លោក​បាន​ជួប​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅ​សេតវិមាន​ហើយ លោក​ក៏​បាន​ថ្លែង​សុន្ទរកថា​នៅ​មុខ​សភា​អាមេរិក។ ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រុង​វ៉ាស៊ីនតោន​របស់​ប្រធានាធិបតី​អ៊ុយក្រែន គឺជា​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ទី​១ ចាប់តាំងពី​ប្រទេស​អ៊ុយក្រែន​រង​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី រយៈពេល​ជាង ៣០០​ថ្ងៃ​មក​ហើយ​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ថ្លែង​ថា ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ដែល​សភា​អាមេរិក​អនុម័ត​ផ្ដល់​ឱ្យ​ប្រទេស​របស់​លោក គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី មិន​មែន​ជា​ជំនួយ​សប្បុរសធម៌​នោះ​ទេ ប៉ុន្តែ​ជា​ការ​វិនិយោគ​មួយ​នៅ​លើ​សន្តិសុខ​សកល។ លោក​ក៏​បាន​អរគុណ​ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ដែល​បាន​ជួយ​ការពារ​សេរីភាព​ប្រជាជន​អ៊ុយក្រែន ក្នុង​ការ​ទប់ទល់​នឹង​អ្នក​ឈ្លានពាន។

លោក ហ្សេឡេនស្គី ធ្វើការ​កត់សម្គាល់​ដូចនេះ​នៅ​ក្នុង​ពេល​លោក​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​អាមេរិក។

លោក ហ្សេឡេនស្គី បញ្ជាក់​ថា៖ «ថវិកា​របស់​អ្នក​មិន​មែន​ជា​ជំនួយ​សប្បុរសធម៌​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​វិនិយោគ​មួយ​ដើម្បី​សន្តិសុខ​សកល ប្រជាធិបតេយ្យ និង​សេរីភាព»

នៅ​ចំពោះ​មុខ​សភា​អាមេរិក លោក ហ្សេឡេនស្គី ក៏​បាន​រំឭក​ឡើងវិញ​ផង​ដែរ​ថា កិច្ចចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី លោក​ថា​មិន​អាច​ធ្វើការ​សម្រុះសម្រួល​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយក្រែន​ជាដាច់ខាត។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​បាន​បន្ត​ថា មុន​លោក​មក​ដល់​ទឹកដី​អាមេរិក លោក​បាន​ទៅ​សមរភូមិ Bakmut នៅ​ភាគ​ខាងកើត​ប្រទេស ដែល​នៅ​ទីនោះ សង្គ្រាម​ឆេះ​ពេញ​ទំហឹង។ តែ​លោក​អះអាង​ថា កងទ័ព​អ៊ុយក្រែន​បាន​បង្ហាញ​ឆន្ទៈ​ដ៏​រឹងមាំ​ក្នុង​ការ​វាយ​ការពារ​តំបន់​នេះ​មិន​ឱ្យ​ធ្លាក់​នៅ​ក្រោម​រុស្ស៊ី​វិញ​ជាដាច់ខាត។

លោក​ថា កងទ័ព​អ៊ុយក្រែន​ស្មោះត្រង់​នឹង​ជាតិ គឺ​ហ៊ាន​លះបង់​ដើម្បី​មាតុភូមិ និង​សេរីភាព​របស់​ពួកគេ។ លោក​បន្ត​ថា នៅ​ទីតាំង​ទាំងអស់​ដែល​កងទ័ព​អ៊ុយក្រែន​វាយ​យក​បាន​វិញ គឺ​ប្រជាជន​នៅ​ទីនោះ​គេ​មិន​ស្វាគមន៍​កងទ័ព​រុស្ស៊ី​នោះ​ទេ។ លោក​ថា ប្រជាជន​នៅ​តំបន់​នោះ​ចាត់ទុក​កងទ័ព​រុស្ស៊ី​ដូច​ចោរ​ប្លន់​ទ្រព្យ​សម្បត្តិ និង​ទឹកដី​របស់​អ៊ុយក្រែន។

លោក​បាន​ប្រាប់​សភា​អាមេរិក​ថា អ៊ុយក្រែន​នឹង​មិន​ចុះចាញ់ ឬ​ចុះ​ញ៉ម​នោះ​ទេ តែ​ក៏​សង្ឃឹម​ដែរ​ថា គណបក្ស​ទាំង​ពីរ​របស់​សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​អ៊ុយក្រែន​រហូត​ប្រជាជន​អ៊ុយក្រែន​មាន​សេរីភាព​ពី​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

ក្នុង​ចំណោម​ជំនួយ​របស់​ប្រទេស​បស្ចិម​លោក គឺ​សហរដ្ឋ​អាមេរិក ជា​អ្នក​ផ្តល់​ជំនួយ​ធំ និង​ច្រើន​ជាងគេ។ ពេល​នេះ បើ​តាម​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ពី​សំណាក់​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមេរិក គឺ​រដ្ឋបាល​អាមេរិក​នឹង​ផ្តល់​ជំនួយ​ជាង ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ហើយ​នឹង​ផ្តល់​ប្រព័ន្ធ​បាញ់​មីស៊ីល និង​គ្រាប់​មីស៊ីល Patriot ដ៏​មាន​ប្រសិទ្ធភាព​របស់​អាមេរិក​ថែម​ទៀត។ អាវុធ​នេះ គឺជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​អ៊ុយក្រែន​បាន​ទាមទារ​ចង់​បាន​ជា​យូរ​ណាស់​មក​ហើយ ដើម្បី​យក​ទៅ​ទប់ទល់​ការ​បាញ់​ស្រោច​មីស៊ីល​របស់​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន បង្ហាញ​ប្រាប់​សាធារណជន​ថា លោក​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ និង​ការពារ​ជាតិ​អ៊ុយក្រែន។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ទៅ​សហរដ្ឋ​អាមេរិក គឺជា​ការ​ពង្រឹង​សហប្រតិបត្តិការ​នយោបាយ និង​ពង្រឹង​ស្មារតី​កងទ័ព​អ៊ុយក្រែន។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាន​ប្រាប់​អ្នកកាសែត​នៅ​រដ្ឋធានី​មូស្គូ ថា ការ​ផ្តល់​អាវុធ​ទៅ​អ៊ុយក្រែន​ដោយ​ក្រុម​បស្ចិម​ប្រទេស និង​ណាតូ នឹង​នាំ​ឲ្យ​សង្គ្រាម​កាន់តែ​ដុនដាប​ធ្ងន់ធ្ងរ និង​កាន់តែ​សាហាវ​ឡើង ហើយ​អ៊ុយក្រែន​នឹង​មិន​អាច​ឈ្នះ​សង្គ្រាម​បាន​ឡើយ។

តាម​ដំណឹង​មក​ថា លោក ហ្សេឡេនស្គី មិន​ស្នាក់នៅ​វ៉ាស៊ីនតោន​យូរ​នោះ​ទេ។ លោក​អាច​នឹង​ត្រឡប់​មក​អ៊ុយក្រែន​វិញ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ហៅ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ្សេឡេនស្គី ទៅ​សហរដ្ឋ​អាមេរិក ជា​ការ​ចេញ​ដំណើរ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ ថា​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក ហើយ​ជា​សញ្ញា​ប្រាប់​ទៅ​ក្រុង​មូស្គូ ថា អ៊ុយក្រែន​មិន​ងាយ​ចុះចាញ់​នឹង​សង្គ្រាម​ឈ្លានពាន​ដាច់ខាត ហើយ​អាមេរិក គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​នៃ​សេរីភាព អធិបតេយ្យភាព និង​ប្រជាធិបតេយ្យ​នៅ​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស