29 C
Phnom Penh

ក្រុម​អ្នក​ការពារ​សិទ្ធិ​ថា​ការ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​ពី​ក្រសួង​ការងារ​ជា​ការ​សម្ដែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ ចាត់ទុក​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​របស់​ក្រសួង​ការងារ គឺជា​ការ​សម្ដែង​ឱ្យ​តែ​ល្អ​មើល ព្រោះ​កម្មករ​នៅតែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា បើ​ក្រសួង​ការងារ នៅតែ​បន្ត​ដឹកនាំ​ដោះស្រាយ​វិវាទ​នេះ​ដូច​ពេល​កន្លងមក ដំណោះស្រាយ​នៅតែ​អាច​កើត​មាន​ដដែល ស្រប​ពេល​ដែល​ខាង​ក្រុមហ៊ុន និង​ខាង​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់។

លោក មឿន តុលា លើកឡើង​ថា អាជ្ញាធរ​បាន​ប្រើ​លេស​គ្រប់​បែប​យ៉ាង​ដើម្បី​ដាក់​សម្ពាធ​លើ​កម្មករ​ទាំងនោះ ដូចជា​ការ​ប្រើ​ទីតាំង​សាធារណៈ​ដើម្បី​ធ្វើ​កូដកម្ម​រក​យុត្តិធម៌ តែ​បែរ​ជា​អាជ្ញាធរ​ចោទ​កម្មករ​ថា​ប្រើប្រាស់​ទីតាំង​ឯកជន​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ធ្វើការ​ទាមទារ​ទៅវិញ។

ជាង​នេះ​ទៀត ការ​ចាប់​ឃុំ​ខ្លួន​តំណាង​កម្មករ កញ្ញា ឈឹម ស៊ីថរ ដោយ​ចោទ​ថា​បាន​រំលោភ​លើ​បម្រាម​របស់​តុលាការ​ទាំង​ដែល​សាមី​ខ្លួន​មិន​បាន​ទទួល​ពី​ការ​ជូនដំណឹង​នោះ ក៏​ជា​ការ​ដាក់​សម្ពាធ​យ៉ាង​អយុត្តិធម៌​សម្រាប់​កម្មករ​រងគ្រោះ​ទាំងនោះ​ដែរ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ក្នុង​វិវាទ​នេះ ភាគី​ខាង​ក្រុមហ៊ុន​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ​លើ​កម្មករ​ទាំងអស់។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ផង​ដែរ ដើម្បី​ឱ្យ​ភាគី​ទាំង​សងខាង​ចរចា​គ្នា​បញ្ចប់​ជម្លោះ​នេះ​តែម្តង។

លោក មឿន តុលា គូស​បញ្ជាក់​ថា សំណើ​របស់​កម្មករ​ដែល​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទទួល​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើការ​វិញ ជា​ថ្នូរ​នឹង​បុគ្គលិក​ខ្លះ​ដែល​ព្រម​លាឈប់​ពី​ការងារ បើ​ភាគី​ខាង​ក្រុមហ៊ុន​ទទួល​យក​សំណើ​នេះ មិន​មែន​ជា​រឿង​ហួសហេតុ ឬ​ធ្ងន់ធ្ងរ​រហូត​ក្រុមហ៊ុន​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​លើ​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រវាង​តំណាង​កម្មករ​និយោជិត​ជាមួយ​តំណាង​ភាគី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បន្ត​ទៀត​ហើយ កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ខណៈ​តំណាង​កម្មករ​កញ្ញា ឈឹម ស៊ីថរ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅឡើយ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជាក់​ថា តាមរយៈ​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​នៅតែ​មិន​ទាន់​រក​ឃើញ​ដំណោះស្រាយ​នៅឡើយ ព្រោះ​ភាគី​តំណាង​កម្មករ​និយោជិត​នៅតែ​បន្ត​ទាមទារ​ឱ្យ​ទទួល​កម្មករ​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ចូល​ធ្វើការ​វិញ រីឯ​ភាគី​តំណាង​និយោជក​នៅតែ​បន្ត​បដិសេធ​ដដែល។

យ៉ាងណាក៏ដោយ ក្រសួង​គូស​បញ្ជាក់​ថា យោង​តាម​នីតិវិធី​ច្បាប់ ប្រសិនបើ​វិវាទ​ការងារ​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បាន​ដោយ​ការ​ផ្សះផ្សា​ទេ នីតិវិធី​បន្ទាប់​គឺ​អាច​បញ្ជូន​ទៅ​តុលាការ ដើម្បី​រក​ដំណោះស្រាយ​តែម្តង។

បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​តាំងពី​ចុង​ឆ្នាំ​២០២១ មក បន្ទាប់ពី​ក្រុមហ៊ុន​ប្រកាស​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​រហូត​ដល់ ១៣០០​នាក់ ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​មាន​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ-១៩ ដែល​ផ្ទុយ​ពី​ការ​អះអាង​របស់​កម្មករ​ថា ក្រុមហ៊ុន​មាន​ចេតនា​រំលាយ​ថ្នាក់​ដឹកនាំ​សហជីព​ដែល​តែងតែ​ការពារ​សិទ្ធិ​កម្មករ​ពី​ការ​រំលោភ​បំពាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស