28.4 C
Phnom Penh

ស្ត្រី​វៀតណាម​ម្នាក់​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​បន្ទាប់ពី​លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ង្វៀនតាំង អៀនធី ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម និង​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​វៀតណាម​ចេញ ដោយ​ដាក់​ឈ្មោះ គឹម មុនី បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។

ក្នុង​ព្រះរាជក្រឹត្យ​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី លោក ប៊ិន ឈិន កាល​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា កញ្ញា ង្វៀនតាំង អៀនធី ដែល​ជា​ជនជាតិ​វៀតណាម មាន​សញ្ជាតិ​វៀតណាម រស់នៅ​ខេត្ត​ហឹងអៀន សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ទទួល​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​ចាប់ពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២២ តទៅ។

ព្រះរាជក្រឹត្យ​ដដែល​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​វៀតណាម «ង្វៀនតាំង អៀនធី» ចេញ ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​ឈ្មោះ គឹម មុនី។ ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​ដល់​ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀនតាំង អៀនធី នេះ ធ្វើឡើង​តាម​សំណើ​របស់​លោក ហ៊ុន សែន។

បើ​តាម​ច្បាប់​ស្ដីពី​សញ្ជាតិ​ថ្មី​កាលពី​ឆ្នាំ​២០១៨ ត្រង់​មាត្រា​២២ បាន​ចែង​ថា ជនបរទេស​ណា​ដែល​ផ្តល់​ថវិកា​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ឬ​វិស័យ​មនុស្សធម៌​នៅ​កម្ពុជា ជនបរទេស​នោះ​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ។

លក្ខខណ្ឌ ៥​យ៉ាង​សម្រាប់​ជនបរទេស​ដែល​បាន​ផ្តល់​ថវិកា​ដល់​ប្រទេស​កម្ពុជា ត្រូវ​បំពេញ គឺ៖

  1. បាន​ស្នាក់នៅ​ពេញលេញ​រយៈពេល ៦​ខែ​ក្នុង​ប្រទេស​កម្ពុជា
  2. មាន​សីលធម៌
  3. មិន​ដែល​មាន​ទោស
  4. ប័ណ្ណ​ស្នាក់នៅ និង​មាន​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា
  5. មាន​បញ្ញា និង​កាយសម្បទា​ល្អ។

តែ​យ៉ាងណា មាត្រា​២២ នៃ​ច្បាប់​ថ្មី​នេះ​ក៏ដូចជា​មាត្រា​២១ ដែរ គឺ​មិន​បាន​ចែង​ពី​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​ដែល​តម្រូវ​ឲ្យ​ជនបរទេស​បរិច្ចាគ មុន​នឹង​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឡើយ ខណៈ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បរិច្ចាគ គឺ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ផ្សេង​វិញ។

ប៉ុន្តែ​ច្បាប់​ចាស់​ឆ្នាំ​១៩៩៦ វិញ បាន​កំណត់​ចំនួន​ទឹកប្រាក់​ដោយ​ចែង​ក្នុង​មាត្រា​១២ ថា ជនបរទេស​ណា​ដែល​បាន​បរិច្ចាគ​ថវិកា ១​ពាន់​លាន​រៀល​ឡើង​ទៅ ដើម្បី​ស្ដារ និង​កសាង​សេដ្ឋកិច្ច​កម្ពុជា ជនបរទេស​នោះ​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ ហើយ​ជនបរទេស​ទាំងនោះ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​១ ទី​២ ទី​៣ ទី​៥ និង​ទី​៦ មាត្រា​៨ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ថែម​ទៀត។

ការណ៍​ដែល​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ នឹង​អាច​នាំ​ឱ្យ​ពួកគេ​អាច​កាន់កាប់​អចលនទ្រព្យ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ខណៈ​ច្បាប់​ស្ដីពី​ការ​ផ្តល់​សិទ្ធិ​កម្ម​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ដល់​ជនបរទេស បាន​ចែង​ថា ជនបរទេស​មាន​សិទ្ធិ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ ចាប់ពី​ជាន់​ទី​១ (មួយ) ឡើង​ទៅ។ ជាន់​ផ្ទាល់​ដី និង​ជាន់​ក្រោម​ដី មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​លើ​កម្មសិទ្ធិ​ឡើយ។

ជនបរទេស​ដែល​បាន​ទទួល​សញ្ជាតិ​ខ្មែរ នឹង​មាន​ឱកាស​កាន់​តំណែង​ក្នុង​ជួរ​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់​ដូច​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​ពី​កំណើត​ដូច្នេះ​ដែរ លើកលែងតែ​ឈរ​ឈ្មោះ​ធ្វើ​តំណាងរាស្ត្រ។ នេះ​បើ​តាម​ច្បាប់​ស្ដីពី​ការ​ជ្រើស​តាំង​តំណាងរាស្ត្រ។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​២០១៨ លើក​ឡើង​ថា រយៈពេល ៣​ឆ្នាំ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ មាន​ជនបរទេស​ចំនួន ១៥១៨​នាក់​បាន​ទទួល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម (ទទួល​បាន​សញ្ជាតិ​តាម​ការ​ស្នើសុំ) ការ​ទាមទារ​សញ្ជាតិ និង​ការ​ផ្តល់​ជូន​ដោយ​ចូល​ស្បថ​ចំពោះ​តុលាការ​កំពូល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស