40.6 C
Phnom Penh

កម្ពុជា​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​និង​បទល្មើស​សម្អាត​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់​នៅ​ទូទាំង​ប្រទេស។

លោក ហ៊ុន សែន បាន​ចេញ​សម្រេច​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា គណៈកម្មាធិការ​អន្តរ​ក្រសួង​នេះ​មាន​កាតព្វកិច្ច​ដឹកនាំ​ពង្រឹង​ការងារ​អធិការកិច្ច ហត្ថពលកម្ម​បរទេស​ក្នុង​ប្រទេស​កម្ពុជា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និង​ក្លឹប​កម្សាន្ត​នានា ដើម្បី​គាំទ្រ​ដល់​ផែនការ​ប្រតិបត្តិ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ជាដើម។

គណៈកម្មាធិការ​នេះ មាន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ជា​ប្រធាន និង​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ជា​អនុប្រធាន។

លោក ហ៊ុន សែន អះអាង​ក្នុង​សេចក្តី​សម្រេច​នេះ​ថា ក្នុង​ករណី​រក​ឃើញ​បទល្មើស​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុស​ច្បាប់ ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញដូរ​មនុស្ស បទល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​ផ្សេង​ទៀត ត្រូវ​ដឹកនាំ​ចាត់​វិធានការ​ស្រប​តាម​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

ការ​ចេញ​សេចក្តី​សម្រេច​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កខ្វក់ និង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស ដែល​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​តាមដាន​ក្នុង​ឆ្នាំ​២០២២ នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ល្បែងស៊ីសង​ខុស​ច្បាប់​ធំៗ​ដែល​អាច​បង្កប់​នូវ​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់​តាម​តំបន់​កាន់កាប់​របស់​ពួកគេ គឺជា​សុទ្ធសឹងតែ​ជា​បក្ខពួក និង​ជា​សាច់ញាតិ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ទាំងអស់ ដូចជា​ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ សមាជិក​ព្រឹទ្ធសភា ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា កុក អាន ជាដើម។

លោក គឹម សុខ អះអាង​ថា ឧកញ៉ា កុក អាន ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​កាន់កាប់​បនល្បែង​កាស៊ីណូ ដូចជា​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង តំបន់​ច្រកព្រំដែន​ជ្រៃធំ​ខេត្ត​កណ្តាល និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​បនល្បែង​ទាំងនេះ​សុទ្ធតែ​អាច​បង្កើត​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់​ដោយ​គ្មាន​ស្ថាប័ន​ណា​ហ៊ាន​បង្ក្រាប​ឡើយ។

ចំណែក​ឧកញ៉ា លី យ៉ុងផាត់ គ្រប់គ្រង​បនល្បែង​កាស៊ីណូ​នៅ​ខេត្ត​កោះកុង និង​ឧកញ៉ា ហ៊ុន តូ គ្រប់គ្រង​បនល្បែង​នៅ​ខេត្ត​ព្រះសីហនុ និង​គ្រប់គ្រង​ល្បែងស៊ីសង​ខុស​ច្បាប់​ជាច្រើន​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស ដូចជា​ល្បែង​ចាក់​កន្ទុយលេខ ល្បែង​ប្រជល់​មាន់​តាម​អនឡាញ និង​ប្រតិបត្តិការ​ធនាគារ​ងងឹត​ដែល​ជា​បទល្មើស​សម្អាត​ប្រាក់​ផង​ដែរ។

ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ គឺ​គ្រប់គ្រង​ដោយ​គ្រួសារ​លោក ហ៊ុន សែន ដោយ​ផ្ទាល់ ដូច្នេះ​បើ​ទោះបីជា​មាន​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់ ល្បែងស៊ីសង​ខុស​ច្បាប់ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ក៏​គ្មាន​អង្គភាព​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​បាន​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២២ ក្រុម​ការងារ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (Financial Action Taskforce) ហៅ​កាត់​ថា FATF បាន​សម្រេច​បន្ត​ដាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កខ្វក់​អស់​រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៩ មក។

ក្រោយ​កម្ពុជា​ជាប់​ឈ្មោះ​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ទាំង​សហភាព​អឺរ៉ុប និង​ទាំង​ស្ថាប័ន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ឬ​ហៅ​កាត់​ថា FinCEN របស់​សហរដ្ឋ​អាមេរិក សុទ្ធតែ​បាន​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ខ្លួន​ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការ​ឃ្លាំមើល​ចំពោះ​ប្រភព​លុយ​ចេញចូល​ប្រទេស​កម្ពុជា​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស