29 C
Phnom Penh

លោក ហ៊ុន សែន ថា​មាន​តែ​បក្ស​ប្រជាជន​មួយ​គត់​ដែល​អាច​រក្សា​សន្តិភាព​ជូន​ជាតិ​និង​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​ព្រមាន​កម្ទេច​ក្រុម​ប្រឆាំង លោក ហ៊ុន សែន អះអាង​ថា​គណបក្ស​ដែល​អាច​ថែរក្សា​សន្តិភាព​ជូន​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់។

ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ដារ​ផ្លូវជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ថា បើ​គ្មាន​សន្តិភាព កុំ​ស្រមៃ​ដល់​ការ​អភិវឌ្ឍ​ឱ្យ​ប្រទេស​ជាតិ​រីកចម្រើន ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្ដេជ្ញា​ការពារ​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​ជាតិ​ឱ្យ​បាន​ដាច់ខាត​ទៅ​ថ្ងៃ​អនាគត។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ទោះបីជា​រដ្ឋាភិបាល​ជំនាន់​បារាំង​គ្រប់គ្រង​កម្ពុជា ឬ​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​ដឹកនាំ​ដោយ​សម្តេច​ព្រះ នរោត្តម សីហនុ និង​សម័យ​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ ប៉ុល ពត ក៏​មិន​អាច​គ្រប់គ្រង​ទឹកដី​បាន​ទាំងមូល​ដែរ ប៉ុន្តែ​សម្រាប់​កម្ពុជា​ដែល​ដឹកនាំ​ដោយ​រូបលោក គឺ​អាច​គ្រប់គ្រង និង​បង្រួបបង្រួម​ទឹកដី​បាន​ទាំងមូល​ដែល​គ្មាន​កម្លាំង​ប្រដាប់​អាវុធ​ណា​មួយ​ត្រូវ​បាន​បំបែក​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​មាន​សង្គ្រាម​លើ​ទឹកដី​កម្ពុជា​នោះ​ឡើយ។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤​ទសវត្ស លោក ហ៊ុន សែន បញ្ជាក់​ថា ជាក់ស្តែង​នៅ​ពេលនេះ សមាសភាព​អ្នក​ដែល​ធ្លាប់​តែ​កាន់​កាំភ្លើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក គឺ​បាន​មក​រួបរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដូចជា​សមាសភាព​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច សមាសភាព​មកពី​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​សមាសភាព​របស់​ក្រុម​ខ្មែរក្រហម ជាដើម ដែល​នេះ​គឺជា​សមិទ្ធផល​ដ៏​ធំធេង​នៃ​ការ​រក្សា​សន្តិភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ធ្នូ នេះ​ថា ការ​អះអាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន គឺជា​រឿង​មិន​ពិត ហើយ​ក៏​ជា​សារ​នយោបាយ​ប្រជាភិថុតិ​ដែរ។

លោក​បន្ថែម​ថា សន្តិភាព​នៅ​កម្ពុជា​គឺ​ចាប់ផ្តើម​កើត​មាន​នៅ​ពេល​ដែល​គ្រប់​ភាគី​ទាំងអស់​នៅ​កម្ពុជា​ព្រម​ចូល​តុ​ចរចា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ឆ្នាំ​១៩៩១ ដែល​បង្កើត​បាន​ជា​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដែល​មាន​ការ​ឯកភាព​គ្នា​រវាង​ភាគី​ខ្មែរ និង​ខ្មែរ និង​ហត្ថលេខី​ទាំង ១៨​ប្រទេស​ផ្សេង​ទៀត។

លោក សេក សុជាតិ លើកឡើង​ថា ដោយសារ​តែ​មាន​កិច្ចព្រមព្រៀង​នេះ ទើប​ភាគី​ខ្មែរ​ទាំង ៤ ដូចជា​ភាគី​រដ្ឋ​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ភាគី​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​សម្តេច​ក្រុម​ព្រះ ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺន សាន និង​ភាគី​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ ប៉ុល ពត បាន​យល់ព្រម​ទម្លាក់​អាវុធ​ចរចា​គ្នា​ដើម្បី​រក​សន្តិភាព ដូច្នេះ​បើ​គ្មាន​កិច្ចព្រមព្រៀង​នេះ​ទេ ភាគី​ខ្មែរ​ទាំង​៤ ច្បាស់​ជា​ច្បាំង​គ្នា​មិន​ដឹង​ថ្ងៃ​ណា​ចប់​នោះ​ឡើយ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា សន្តិភាព​នៅ​កម្ពុជា​មិន​មែន​កើតឡើង​ដោយ​បុគ្គល​ណា ឬ​បក្ស​ណា​ទេ ប៉ុន្តែ​គឺ​កើត​ឡើង​ដោយសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ ព្រោះ​ថា​ដោយសារតែ​កិច្ចព្រមព្រៀង​នេះ​ហើយ​ទើប​កម្លាំង​កងទ័ព​ពី​គ្រប់​ភាគី​ត្រូវ​បាន​កាត់បន្ថយ រួម​ទាំង​គ្រឿង​សព្វាវុធ​ត្រូវ​បាន​ទម្លាក់​ចុះ​ជា​បណ្តើរ​ចាប់ពី​ពេល​នោះ​មក។

បែប​នេះ​ក្តី កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ សម្រាប់​ឆ្នាំ​២០២២ ពី​អង្គការ​អាជីវកម្ម​សាសនា​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង។ ក្នុង​នោះ លោក ហ៊ុន សែន អះអាង​ថា ពានរង្វាន់​ដែល​លោក​ទទួល​បាន គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ដឹកនាំ​ប្រកប​ដោយ​សន្តិភាព​របស់​លោក​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ទាល់តែ​ពិភពលោក​នេះ​ដូរ​ការ​គិត​ឲ្យ​តម្លៃ​លើ​អំពើ​ផ្ដាច់ការ អំពើ​ឧក្រិដ្ឋកម្ម អំពើ​អយុត្តិធម៌ ការ​បង្ហូរ​ឈាម​មនុស្ស​តាម​ទំនើង​ចិត្ត ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ឈឺចាប់​ហូរ​ទឹកភ្នែក និង​អំពើ​លក់​ជាតិ​ឯង ជាដើម ទើប​ពាក្យ​សន្តិភាព​របស់​លោក ហ៊ុន សែន មាន​តម្លៃ។

ទាក់ទិន​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ឆ្នាំ​២០២២ នេះ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស