32 C
Phnom Penh

លោក កឹម សុខា អំពាវនាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លាប​ពណ៌​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​តទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សូម​ឲ្យ​លុបបំបាត់​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ឆ្លង​ផុត​នេះ ដើម្បី​កុំ​បន្សល់​មរតក​អាក្រក់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​វេន​គុំកួន​សងសឹក​គ្នា​តទៅទៀត។

មេដឹកនាំ​ប្រឆាំង លោក កឹម សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​ជា​សារ​លោក​ជូនពរ​ប្រជាជន​ខ្មែរ​សម្រាប់​ឆ្នាំ​២០២៣ ដែល​ជា​ឆ្នាំ​ថ្មី​ថា ការ​យក​ខ្មែរ​ដូច​គ្នា​ជា​សត្រូវ​ដោយ​បង្ក​ជម្លោះ​ឈ្លោះ​គ្នា​មិន​ចេះ​ចប់ រហូត​ដល់​កម្ចាត់​គ្នា​តាមរយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង និង​ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ​យ៉ាង​អយុត្តិធម៌ និង​អសីលធម៌​តាមរយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ជាដើម​នោះ សូម​ឲ្យ​លុបបំបាត់​បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ឆ្លង​ផុត​នេះ​ទៅ កុំ​បន្សល់​មរតក​អាក្រក់​នេះ​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​វេន​គុំកួន​សងសឹក​គ្នា​តទៅទៀត។

សារ​ជូនពរ​របស់​លោក កឹម សុខា បាន​លើកឡើង​ថា វប្បធម៌​អវិជ្ជមាន​ខាងលើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ និង​កេរ្តិ៍​ឈ្មោះ​ប្រទេស​ជាតិ ព្រមទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺចាប់ និង​បែកបាក់​គ្នា។

លោក​អបអរ​សាទរ និង​មាន​មោទកភាព​ចំពោះ​អ្វីៗ​ជា​វិជ្ជមាន​ដែល​កម្ពុជា​ធ្វើ​បាន​ក្នុង​ឆ្នាំ​ចាស់ ដ្បិត​លោក​ចាត់ទុក​សមិទ្ធផល​ទាំងនោះ​ថា​ជា​ប្រយោជន៍ និង​ជា​កិត្តិយស​សម្រាប់​ប្រទេស​កម្ពុជា។

លោក កឹម សុខា បាន​ផ្ញើ​សារ​អបអរ​សាទរ​ទិវា​បុណ្យ​ឆ្លង​ឆ្នាំ​ចាស់​ឆ្នាំ​២០២២ ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០២៣ និង​ថ្លែង​អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​សហគមន៍​អន្តរជាតិ ដែល​តែងតែ​គោរព រាប់អាន តាមដាន លើក​ទឹកចិត្ត​ដល់​លោក ព្រមទាំង​ដោយ​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​នូវ​គោលជំហរ​អហិង្សា​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ការ​អត់ធ្មត់ ភាព​ស្អាតស្អំ និង​ការ​ស្មោះត្រង់​របស់​លោក​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ។

សូម​បញ្ជាក់​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចូល​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​ដោយ​គ្មាន​ដីកា​តុលាការ កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពី​បទ​ក្បត់​ជាតិ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ តាម​ប្រសាសន៍​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។ លោក កឹម សុខា ខកខាន​ធ្វើ​នយោបាយ​អស់​ជាង ៥​ឆ្នាំ​ក្នុង​សំណុំរឿង​ដ៏​ចម្រូងចម្រាស​នេះ។ តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស