33 C
Phnom Penh

មេធាវី​លោក សុន ឆ័យ ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំង​សេចក្ដី​សម្រេច​តុលាការ​ជាន់​ទាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​តុលាការ​ថ្នាក់​ក្រោម ដែល​បាន​សម្រេច​ឲ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា បណ្ដឹង​សាទុក្ខ​នេះ រូបលោក​បាន​ដាក់​ទៅ​តុលាការ​កំពូល​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៣ មករា។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ប្ដឹង​សាទុក្ខ​ដោយសារ​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​ក្ដី​ក្នុង​សាលា​ឧទ្ធរណ៍ ដែល​បង្គាប់​ឲ្យ​កូន​ក្តី​របស់​លោក​ផ្តល់​សំណង​ជំងឺ​ចិត្ត​ទៅ​បក្ស​កាន់​អំណាច​ចំនួន ១​លាន​ដុល្លារ។ លោក​ចាត់ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ថា​ជា​រឿង​អយុត្តិធម៌ ដោយសារ​កូនក្ដី​របស់​លោក​មិន​បាន​ធ្វើ​ខុស​ដូច​តុលាការ​ថ្នាក់​ក្រោម​ធ្វើការ​ចោទប្រកាន់​ឡើយ។

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលដីកា​ដោយ​បាន​តម្កល់​សេចក្ដី​សម្រេច​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​ពីរ​របស់​លោក សុន ឆ័យ ទុក​ជា​បានការ​ដដែល។ ក្រៅពី​តម្កល់​ហើយ សាលា​ឧទ្ធរណ៍​ភ្នំពេញ​ក៏​បាន​បង្កើន​ប្រាក់​ពិន័យ​ក្នុង​សំណុំរឿង​នីមួយៗ​រហូត​ដល់ ១០​លាន​រៀល និង​សំណង​ជំងឺ​ចិត្ត​ដល់​បក្ស​កាន់​អំណាច​ចំនួន ៤​ពាន់​លាន​រៀល ឬ​ស្មើ​ប្រមាណ ១​លាន​ដុល្លារ។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង បន្ទាប់ពី​លោក​ថ្លែង​រិះគន់​អំពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​ប្រទេស​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ដោយ​និយាយ​ថា លទ្ធផល​បោះឆ្នោត​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ មាន​ការ​បំភិតបំភ័យ មាន​ការ​ទិញ និង​មាន​ការ​លួច​សន្លឹកឆ្នោត។

សំណុំរឿង​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ បាន​ប្រកាស​សាលក្រម​ដោយ​សម្រេច​ឲ្យ​លោក សុន ឆ័យ ចាញ់​ក្ដី គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ឲ្យ​លោក​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​គណបក្ស​កាន់​អំណាច​ចំនួន «៣​ពាន់​លាន​រៀល» ឬ​ស្មើ​ប្រមាណ «៧៥​ម៉ឺន​ដុល្លារ» ហើយ​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ ៨​លាន​រៀល​ចូល​ថវិកា​រដ្ឋ។

ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍​នេះ​ដែរ តុលាការ​ក៏​បាន​កាត់​ឲ្យ​លោក សុន ឆ័យ ចាញ់​ក្ដី គ.ជ.ប ដោយ​តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន ៩​លាន​រៀល​បន្ថែម​ទៀត​ចូល​ថវិកា​រដ្ឋ និង​តម្រូវ​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ធ្វើ​លិខិត​សុំទោស​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជា​សាធារណៈ​ផង​ដែរ។

ក្រោយពី​កាត់​ឲ្យ​ចាញ់​ក្ដី កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ផ្ទះ ២​កន្លែង​របស់​លោក សុន ឆ័យ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ជា​បណ្ដោះអាសន្ន​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស