34 C
Phnom Penh

រដ្ឋមន្ត្រី​យុត្តិធម៌​ឱ្យ​ព្រះរាជអាជ្ញា​និង​ចៅក្រម​ស៊ើបសួរ​ចុះ​ទៅ​ជួប​ជនរងគ្រោះ​អនីតិជន​ដល់​ផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ណែនាំ​ទៅ​ប្រធាន​តុលាការ​គ្រប់​រាជធានី-ខេត្ត អាច​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​ចុះ​ទៅ​ជួប​ជនរងគ្រោះ​អាយុ​ចាប់ពី ១០​ឆ្នាំ​ចុះ​ក្រោម​ដល់​ផ្ទះ​របស់​ពួកគេ​ដោយ​ផ្ទាល់ ដើម្បី​ស្វែងរក​ចម្លើយ។

តាមរយៈ​សេចក្តី​ណែនាំ​នៅ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ណែនាំ​អំពី​នីតិវិធី ៣​ដំណាក់កាល​ដែល​ត្រូវ​អនុវត្ត​លើ​អនីតិជន គឺ​ដំណាក់កាល​ស៊ើប​អង្កេត​ដោយ​ព្រះរាជអាជ្ញា ដំណាក់កាល​ស៊ើបសួរ​ដោយ​ចៅក្រម​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ​ដោយ​ចៅក្រម​ជំនុំជម្រះ។

នៅ​ក្នុង​សេចក្តី​ណែនាំ​នោះ បាន​លើកឡើង​ទៀត​ថា ចំពោះ​ដំណាក់កាល​ស៊ើបអង្កេត និង​ដំណាក់កាល​ស៊ើបសួរ ក្នុង​ករណី​ដែល​ជនរងគ្រោះ​ជា​អនីតិជន​ស្ថិត​ក្នុង​ស្ថានភាព​មិន​អាច​ធ្វើ​ដំណើរ​បាន ជាពិសេស «អនីតិជន​អាយុ​ក្រោម ១០​ឆ្នាំ» ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​អាច​ចុះ​ទៅ​កាន់​លំនៅឋាន​របស់​ពួកគេ​ដោយ​ផ្ទាល់ ដើម្បី​ស្តាប់​ចម្លើយ ក៏ដូចជា​អនុវត្ត​នីតិវិធី​ចាំបាច់​ផ្សេង​ទៀត។

លោក កើត រិទ្ធ លើកឡើង​ថា រីឯ​នៅ​ដំណាក់កាល​ជំនុំជម្រះ ក្នុង​ករណី​ចាំបាច់​បំផុត ចៅក្រម​ជំនុំជម្រះ​ត្រូវ​រៀបចំ​របាំង ឬ​ប្រើប្រាស់​វិធី​សមស្រប​ផ្សេង​ទៀត​ដោយ​ធ្វើ​យ៉ាង​ណា​ចៀសវាង​ឲ្យ​បាន​ជា​អតិបរមា​នូវ​ការ​ជួប​តទល់​ដោយ​ផ្ទាល់​រវាង​ជនល្មើស និង​ជនរងគ្រោះ​ជា​អនីតិជន។ លោក​ថា ការ​ជួប​តទល់​ដោយ​ផ្ទាល់​អាច​បង្ក​ឲ្យ​ជនរងគ្រោះ​ជា​អនីតិជន​មាន​ការ​ភ័យខ្លាច ហើយ​ការ​ដែល​ជនរងគ្រោះ​ជា​អនីតិជន​មាន​ការ​ភ័យខ្លាច អាច​ប៉ះពាល់​ដល់​ការ​ស្វែងរក​ការពិត​ផង និង​អាច​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ពួកគេ​ផង។

លោក​រដ្ឋមន្ត្រី​យុត្តិធម៌​បាន​លើកឡើង​ទៀត​ថា ដើម្បី​ការពារ​កិត្តិយស ឯកជន​ភាព និង​ចៀសវាង​ការ​បង្ក​នូវ​ភាព​ភ័យខ្លាច​ដល់​ជនរងគ្រោះ​ជា​អនីតិជន ចៅក្រម​ជំនុំជម្រះ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​រៀបចំ​ដំណើរការ​សវនាការ​ជា​អសាធារណៈ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កុមារី និង​យុវតី​នៅ​អង្គការ​អាហ្វេស៊ីប កាល​ព្រឹក​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ទៅ​លោក កើត រិទ្ធ និង​អ្នកស្រី ជូ ប៊ុនអេង អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឲ្យ​ធ្វើ​កិច្ចការ​រួម​គ្នា​ដើម្បី​ស្នើ​ឲ្យ​តុលាការ​បញ្ឈប់​ការ​ហៅ​ក្មេងៗ​អាយុ ៥​ឆ្នាំ​ចុះ​ក្រោម​ឡើង​តុលាការ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស