32 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​កែ​រដ្ឋធម្មនុញ្ញ​កំណត់​ឱ្យ​អ្នក​នយោបាយ​និង​មន្ត្រី​រាជការ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​ឱ្យ​អ្នក​នយោបាយ​ខ្មែរ មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​កុំ​ឱ្យ​បរទេស​មក​លូកលាន់​កិច្ចការ​នយោបាយ​របស់​កម្ពុជា។

បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​ពិចារណា​កែ​រដ្ឋធម្មនុញ្ញ​ដោយ​តម្រូវ​ឱ្យ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​អ្នក​ធ្វើ​នយោបាយ​ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​កុំ​ឱ្យ​បរទេស​មួយ​ចំនួន​យក​បញ្ហា​សញ្ជាតិ​នេះ​មក​ស្នើសុំ​លើ​វិធានការ​ច្បាប់​របស់​កម្ពុជា ចំពោះ​អ្នក​ដែល​មាន​ទោស។

លោក ហ៊ុន សែន បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា​ហាមឃាត់​មនុស្ស​ចំនួន ១៣​នាក់​ប៉ុណ្ណោះ​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចំនួន ៩​រូប ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មករា នេះ​ថា បរទេស​អាច​លូកលាន់​កិច្ចការ​នយោបាយ​របស់​កម្ពុជា​មិន​អាស្រ័យ​លើ​អ្នក​នយោបាយ មន្ត្រី​រាជការ ឬ​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សញ្ជាតិ​តែ​មួយ ឬ​ក៏​ពីរ​នោះ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​ប្រព័ន្ធ​ដឹកនាំ​នយោបាយ​មាន​ប្រជាធិបតេយ្យ​សេរី​រឹងមាំ​ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ជាក់ស្តែង លោក ហ៊ុន សែន ផ្ទាល់​មាន​សញ្ជាតិ​តែ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​កិច្ចការ​នយោបាយ​របស់​កម្ពុជា​ត្រូវ​លូកលាន់​ដោយ​មិត្ត​ដែកថែប​កុម្មុយនីស្ត​ចិន ដោយសារតែ​ខ្លួន​ជំពាក់​បំណុល​គេ ខណៈ​វៀតណាម​បាន​បញ្ជា​ឱ្យ​លោក ហ៊ុន សែន ធ្វើ​តាម​ផែនការ​ឈ្លានពាន​របស់​ពួកគេ​គ្រប់​ដំណាក់កាល ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​ដឹកនាំ​ផ្ដាច់មុខ​ក្រោម​អំណាច​គ្រួសារ​ត្រកូល «ហ៊ុន» សព្វថ្ងៃ​នេះ។

លោក គឹម សុខ ព្រមាន​ថា ផែនការ​របស់​លោក ហ៊ុន សែន ជុំវិញ​ការ​កំណត់​ច្បាប់​នេះ គឺ​មាន​ផល​ប្រយោជន៍​ក្នុង​ការ​ចាក់គ្រឹះ​អំណាច​គ្រួសារ «ហ៊ុន» ឱ្យ​កាន់តែ​រឹងមាំ ប៉ុន្តែ​មិនមែន​ដើម្បី​ប្រយោជន៍​ជាតិ​ខ្មែរ​ឡើយ ព្រោះ​ថា​ច្បាប់​នេះ​មាន​បំណង​រាំង​ខ្ទប់​គូប្រជែង​នយោបាយ​របស់​គាត់​ផង និង​រាំង​ខ្ទប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ដែល​ជា​គូប្រជែង​នឹង​កូនប្រុស​របស់​គាត់​ផង​ដែរ។

លោក​បន្ត​ថា ការ​ធ្វើ​ច្បាប់​នេះ​ទំនង​ជា​លោក ហ៊ុន សែន ប្រើ​ល្បិច​ទប់ស្កាត់​កូន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច​ដែល​សិក្សា​នៅ​ក្រៅ​ប្រទេស និង​មាន​សញ្ជាតិ​ពីរ​ផង​នោះ កុំ​ឱ្យ​ពួកគេ​អាច​ប្រជែង​ជាមួយ​លោក ហ៊ុន ម៉ាណែត ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​កាន់តែ​ធំ​ទៅវិញ ព្រោះ​លោក ហ៊ុន សែន កំពុង​ព្យាយាម​បិទ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ដែល​ការពារ​ដោយ​ច្បាប់​កំពូល​របស់​កម្ពុជា​មួយ​នេះ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ចំពោះ​ការ​កំណត់​មិន​ឱ្យ​មន្ត្រី​រាជការ​មាន​សញ្ជាតិ​ពីរ គឺជា​ការ​ខាតបង់​យ៉ាង​ធំ​សម្រាប់​ប្រទេស​ជាតិ ព្រោះ​ប្រទេស​ជាតិ​មួយ គឺ​ពិតជា​ត្រូវការ​ធនធាន​មនុស្ស​ពី​គ្រប់​ផ្នែក​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​ខ្លាំង​ណាស់ ដើម្បី​ចូលរួម​គ្នា​កសាង​ប្រទេស​ឱ្យ​រីកចម្រើន ជាពិសេស​កម្ពុជា​ដែល​កំពុងតែ​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​ដូច​សព្វថ្ងៃ​នេះ។

លោក គឹម សុខ គូស​បញ្ជាក់​ថា កម្ពុជា​គ្រាន់តែ​អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ គឺ​អាច​ទប់ស្កាត់​បរទេស​មិន​ឱ្យ​លូក​ដៃ​ចូល​កិច្ចការ​នយោបាយ​របស់​កម្ពុជា​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​ហើយ មិន​បាច់​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ​នោះ​ទេ។

លោក​សង្កត់​ធ្ងន់​ថា ក្រោយពី​ធ្វើ​ច្បាប់​នេះ កម្ពុជា​នឹង​កាន់តែ​រអិល​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដូច​ប្រទេស​ឡាវ ដែល​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម ដូច​សព្វថ្ងៃ​នេះ​ជាមិនខាន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ រដ្ឋសភា​បាន​អនុម័ត​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឱ្យ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ បន្ទាប់ពី​មាន​ការ​បង្គាប់​បញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស