មេដឹកនាំបក្សកាន់អំណាចដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន ព្រមានថា សម្រាប់អ្នកដែលចោទថាគណបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោត អាចនឹងប្រើវិធានការច្បាប់ ឬប្រើអំពើហិង្សាដើម្បីបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត។
បុរសខ្លាំងកម្ពុជាដែលប្ដេជ្ញាកម្ទេចក្រុមប្រឆាំង លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះថា លោកនឹងមិនទុកឱ្យអ្នកដែលចោទគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោតមួយជីវិតនោះទេ ត្បិតគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបានឡើយនូវការចោទប្រកាន់នោះឡើយ។
មេដឹកនាំបក្សកាន់អំណាចដែលឧស្សាហ៍គំរាមចាប់ចងលោក ហ៊ុន សែន អះអាងថា អ្នកដែលចោទថាគណបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោត គឺត្រូវតែប្តឹង ប៉ុន្តែបើពួកគេចោទថាតុលាការជាតុលាការតេឡេរបស់រដ្ឋាភិបាល លោកនឹងប្រមូលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្ម ដោយការប្រើអំពើហិង្សាលើអ្នកទាំងនោះដល់ផ្ទះតែម្តង។
បុរសខ្លាំងដែលសល់ពីសម័យខ្មែរក្រហម លោក ហ៊ុន សែន បញ្ជាក់ថា ការចោទគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោត មិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ ក្នុងនោះលោក ហ៊ុន សែន បញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជាតាមខេត្តនីមួយៗត្រូវតែប្តឹងអ្នកទាំងនោះដោយគ្មានករណីលើកលែង។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មករា នេះថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការញុះញង់ក្នុងចេតនាបើកដៃឱ្យមន្ត្រីក្រោមបង្គាប់របស់គាត់ទាំងអ្នកអនុវត្តច្បាប់ និងអ្នកដែលប្រើអំពើហិង្សាត្រៀមខ្លួនបង្ក្រាបលើអ្នកដែលរិះគន់ការដឹកនាំរបស់គាត់គ្រប់ពេល។ ទង្វើបែបនេះ គឺជាមូលហេតុដ៏ចម្បងដែលនាំឱ្យកើតមានអំពើហិង្សា ការចាប់ចង ឬការឃុំខ្លួនយ៉ាងអនាធិបតេយ្យនៅក្នុងប្រទេស។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការប្រកាសបិទមាត់អ្នករិះគន់ខ្លួនពីសំណាក់មេដឹកនាំប្រទេសបែបនេះ គឺជាការបង្ហាញឱ្យឃើញនូវការអនុវត្តសិទ្ធិបញ្ចេញមតិនៅកម្ពុជាធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលឯកបក្សដែលកំពុងដឹកនាំដោយបុរសខ្លាំងសល់ពីសម័យខ្មែរក្រហមរូបនេះ គឺដូចគ្នាទៅនឹងការដឹកនាំក្នុងរបបប្រល័យពូជសាសន៍ដូច្នោះដែរ បើទោះបីការប្រឆាំងនឹងខ្លួននោះ ដើម្បីផលប្រយោជន៍ជាតិក៏ដោយ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការប្រឆាំងនឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដោយទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លារអាមេរិកជុំវិញការលើកឡើងរបស់លោក សុន ឆ័យ ដែលបានប្រៀបធៀបនូវការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថាដូចគ្នានឹងចោរលួចក្របី។
ទាក់ទិននឹងបញ្ហានេះ សាលាឧទ្ធរណ៍ក្រុងភ្នំពេញក៏បានសម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្តីក្នុងសំណុំរឿងបរិហារកេរ្តិ៍នេះដែរ ដែលតម្រូវឱ្យមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលរូបនេះសងជំងឺចិត្តទៅឲ្យគណបក្សប្រជាជនកម្ពុជា ២៥ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ឱ្យគ្រប់ ១លានដុល្លារអាមេរិកតាមការទាមទាររបស់បក្សកាន់អំណាចតែម្តង៕