32.5 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​លើ​លោក គង់ គាំ បើ​បន្ត​វាយប្រហារ​បក្ស​ប្រជាជន​កម្ពុជា​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​រឹបអូស​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ បើសិនជា​នៅតែ​បន្ត​រិះគន់ ឬ​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​វេទិកា​សាធារណៈ​នានា​ទៀត។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ បើ​នៅ​មិន​ឈប់​យក​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើជា​គោលដៅ​វាយប្រហារ​ក្នុង​វេទិកា​នានា​បន្ត​ទៀត​នោះ។

លោក​ថា អ្វី​ដែល​និយាយ​នា​ថ្ងៃ​នេះ​ដើម្បី​ដាស់តឿន និង​ព្រមាន​បន្ថែម​ទៀត​ចំពោះ​លោក គង់ គាំ ហើយ​លោក​ក៏​ហ៊ាន​វាយ​ខ្នោះ​ទៅ​លើ​ជន​ដែល​លោក​ហៅថា​ក្បត់ ទោះបីជា​នៅ​ម៉ោង ១២​យប់​ក៏ដោយ ក៏​មិន​មាន​ការ​ភ័យខ្លាច​ដែរ។

លោក ហ៊ុន សែន ចាត់ទុក​សកម្មភាព​របស់​លោក គង់ គាំ ដែល​យក​វេទិកា​នានា​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ថា​បាន​ធ្វើ​ឲ្យ​លោក​ឈឺចាប់​ខ្លាំង។

ក្រៅពី​ព្រមាន​ពី​វិធានការ​ច្បាប់​ហើយ បុរស​ខ្លាំង លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ប្តឹង​យក​ផ្ទះ​របស់​លោក គង់ គាំ ផង​ដែរ ដោយ​ថា​ដើម្បី​កុំ​ឲ្យ​លោក​ព្រហើន​ពេក បើ​ទោះបីជា​កន្លងមក​លោក​រំលឹក​ថា​លោក គង់ គាំ ដែល​បាន​ចូលរួម​ធ្វើ​ការងារ​នៅ​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​លោក​ជាង ១០​ឆ្នាំ​ក៏ដោយ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ជា​ដោយ​ផ្ទាល់​មាត់​ទៅ​ក្រុម​មេធាវី​នៅ​តាម​រាជធានី-ខេត្ត ឲ្យ​តាមដាន​សារ​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ងាយស្រួល​ចាត់​វិធានការ​ច្បាប់ ហើយ​វា​ក៏​ជា​ការ​ការពារ​កិត្តិយស​គណបក្ស​កាន់​អំណាច​ផង​ដែរ។

កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ប្រកាស​ស្វាគមន៍ និង​ផ្តល់​តួនាទី​លោក គង់ គាំ ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​នេះ បន្ទាប់ពី​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​លោក​ជា​ប្រធាន​កិត្តិយស​នោះ បាន​ចូលរួម​ក្រោម​ដំបូល​នយោបាយ​តែ​មួយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​វិញ។ ការ​ប្រកាស​ចូលរួម​ជ្រក​ក្រោម​ដំបូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដោយ​លោក​ថា​ដើម្បី​តស៊ូ​រួម​គ្នា​ឲ្យ​មាន​ពហុ​បក្ស​នៅ​ក្នុង​រដ្ឋសភា​ឆ្នាំ​២០២៣ ខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស