មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល ថាការព្រមានបន្តរឹបអូសទ្រព្យសម្បត្តិរបស់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី បង្ហាញនូវការអនុវត្តច្បាប់មួយដែលធ្វើតាមមហិច្ឆតារបស់អ្នកមានអំណាច ជាជាងការអនុវត្តទៅតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មករា នេះថា ការអនុវត្តច្បាប់របស់តុលាការកម្ពុជាសព្វថ្ងៃនេះត្រូវមើលឃើញថាមានភាពលម្អៀងទៅរកបក្សកាន់អំណាចយ៉ាងខ្លាំង ជាជាងការធានានូវប្រព័ន្ធយុត្តិធម៌របស់ខ្លួន ព្រោះថារាល់ពេលដែលមានបទបញ្ជារបស់មេដឹកនាំបក្សកាន់អំណាចលើបញ្ហាណាមួយ តុលាការតែងចាត់វិធានការលឿន រហ័ស និងមានប្រសិទ្ធភាពបំផុត។
លោក សេក សុជាតិ លើកឡើងថា ដោយសារតែតុលាការប្រកាន់តួនាទីបែបនេះហើយទើបមតិជាតិ និងអន្តរជាតិតែងរិះគន់ថា អំណាចរបស់តុលាការមិនបានបម្រើឱ្យប្រយោជន៍សាធារណៈ និងដើម្បីធានាការពារនូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនទេ ប៉ុន្តែបម្រើតែមហិច្ឆតា និងរង់ចាំតែអនុវត្តនូវបទបញ្ជារបស់អ្នកមានអំណាច។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ការអនុវត្តរបស់ស្ថាប័នតុលាការបែបនេះ គឺបញ្ច្រាសពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញដែលមានចែងទាំងស្រុង ដែលជាកត្តារុញច្រានឱ្យកម្ពុជាកាន់តែឃ្លាតឆ្ងាយពីនីតិរដ្ឋ ទៅជាការដឹកនាំមួយតាមបែបបុគ្គលនិយមដូចប្រទេសដែលប្រកាន់របបផ្ដាច់ការតែងតែអនុវត្តដូច្នោះដែរ។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ប្រធានក្រុមមេធាវីរបស់គណបក្សកាន់អំណាច លោក គី តិច អះអាងថា ក្រុមមេធាវីរបស់ដើមបណ្ដឹងនឹងបន្តប្តឹងរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី បន្តទៀត ត្បិតថវិកាដែលបានមកពីការរឹបអូសផ្ទះរបស់គាត់ មិនអាចសងម្ចាស់បំណុលគ្រប់ចំនួនទេ ក្នុងនោះគឺត្រូវសងទៅលោក ហ៊ុន សែន ជាង ៧លាន ៧សែនដុល្លារអាមេរិក សងទៅរដ្ឋជាង ៤លាន ៣សែនដុល្លារអាមេរិក សងទៅលោក ស ខេង ជាង ៣លាន ៨សែនដុល្លារអាមេរិក និងសងទៅលោក ហេង សំរិន ជាង ៤លាន ៨ម៉ឺនដុល្លារអាមេរិកផងដែរ។
ទាក់ទិននឹងបញ្ហានេះ លោក គី តិច អះអាងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ថា ការសម្រេចរបស់តុលាការក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៉ី គឺជាការអនុវត្តទៅតាមច្បាប់ ហើយការរឹបអូសទ្រព្យសម្បត្តិជនប្រព្រឹត្តិល្មើស មិនមែនមានតែនៅក្នុងប្រទេសកម្ពុជា ហើយក៏មិនមែនមានតែលោក សម រង្ស៉ី នោះដែរ គឺត្រូវអនុវត្តគ្រប់មនុស្សទាំងអស់ឱ្យតែប្រព្រឹត្តល្មើសនឹងច្បាប់។
លោក គី តិច បញ្ជាក់ថា ថវិកាដែលបានពីការលក់ទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី នឹងត្រូវបែងចែកទៅកន្លែងផ្សេងៗ ដូចជាលោក ហេង សំរិន យកទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា លោក ហ៊ុន សែន ផ្តល់ឲ្យក្រុមមេធាវីរបស់ខ្លួនសម្រាប់ចំណាយលើការការពារក្តីជូនអ្នកក្រីក្រ ខណៈលោក ស ខេង ត្រូវបែងចែកក្នុងការកសាងសាលារៀន និងមណ្ឌលកុមារកំព្រានៅតាមបណ្តាខេត្តនានាផងដែរ។
មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌចែងថា គ្រប់ការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិសព្ទនៃបុគ្គល ឬស្ថាប័ន គឺជាការបរិហារកេរ្តិ៍ដែលត្រូវពិន័យជាប្រាក់ពី ១សែនរៀលទៅ ១០លានរៀល និងត្រូវសងសំណងខូចខាតដល់ជនដែលរងនូវការបរិហារកេរ្តិ៍នោះថែមទៀត។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី យកទៅសងដើមបណ្ដឹងដែលមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចក្នុងទំហំទឹកប្រាក់ដ៏ច្រើនលើសលប់នេះ គឺបង្ហាញពីការរំលោភលើក្រមព្រហ្មទណ្ឌដែលបានចែងពីបទបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរ និងជាការបង្ហាញឱ្យឃើញនូវការអនុវត្តច្បាប់របស់តុលាការផ្អែកទៅលើរឿងនយោបាយតែប៉ុណ្ណោះ៕