លោក កឹម សុខា លើកឡើងថា សហរដ្ឋអាមេរិកបានបង្ហាញពីចេតនាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា និងតំបន់ ដោយឈរលើគុណតម្លៃនៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើហ្វេសប៊ុករបស់លោកថា នាថ្ងៃអង្គារ ទី១០ មករា នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy និងសហការីដែលបានចូលជួបលោកដល់គេហដ្ឋានក្នុងរាជធានីភ្នំពេញ។
ក្នុងជំនួបទ្វេភាគីនោះ ឯកអគ្គរដ្ឋទូតអាមេរិកក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកតែងតែលើកឡើងអំពីចេតនាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា និងពហុភាគីក្នុងតំបន់ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដោយឈរលើគុណតម្លៃ ដូចជាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមជាដើម។
ជំនួបរយៈពេលជាង ២ម៉ោង លោក កឹម សុខា ថារូបលោក និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានផ្លាស់ប្ដូរព័ត៌មាន ទស្សនៈ និងពិភាក្សាគ្នាអំពីព្រឹត្តិការណ៍មួយចំនួនកាលពីចុងឆ្នាំ២០២២ កន្លងទៅ និងសម្រាប់ឆ្នាំថ្មី២០២៣ បន្តទៅនេះ ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋផងដែរ។
លោក កឹម សុខា ក៏បានសម្ដែងការអរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសផ្សេងទៀតក្នុងសហគមន៍អឺរ៉ុប មានជាអាទិ៍ បារាំង អាល្លឺម៉ង់ បែលហ្ស៊ិក ស៊ុយអែត ហ្វាំងឡង់ ន័រវែស ឆែក និងប្រទេសជប៉ុន អង់គ្លេស កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ ស្វីស ជាដើម ដែលតែងតែឲ្យឯកអគ្គរាជទូត រដ្ឋទូត ឬតំណាងជាន់ខ្ពស់មកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ទោះបីជាលោកមិនមែនជាថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក៏ដោយ។
ការចូលជួបជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា របស់ឯកអគ្គរាជទូត រដ្ឋទូតថ្មីដែលទើបមកកាន់តំណែង និងឯកអគ្គរាជទូត រដ្ឋទូតដែលត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា ស្របពេលដែលលោកនៅជាប់បម្រាមតុលាការ ដែលហាមសិទ្ធិមិនឱ្យធ្វើនយោបាយនៅឡើយ ហើយបច្ចុប្បន្ន លោកក៏កំពុងតតាំងក្ដីនៅតុលាការជុំវិញបទចោទប្រកាន់ «គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល»។
ក្នុងសំណុំរឿងនេះ តុលាការបានកំណត់យកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃដែលគ្រប់ភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿងព្រហ្មទណ្ឌដែលមានជនជាប់ចោទ លោក កឹម សុខា ដើម្បីធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ។ ក្រោយបញ្ចប់សេចក្តីសន្និដ្ឋាននេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចភ្លាមៗថា សាលក្រមនៃរឿងក្ដីព្រហ្មទណ្ឌមួយនេះនឹងប្រកាសនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងរឿងចោទប្រកាន់លើលោក កឹម សុខា នេះ បណ្ដាញប្រទេសលោកសេរីមួយបានជំរុញឲ្យរដ្ឋាភិបាល និងតុលាការកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ និងបើកសិទ្ធិសេរីភាពឲ្យលោក កឹម សុខា ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៣ ដោយពួកគេចាត់ទុកការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងរូបនេះថាជារឿងនយោបាយ៕