33 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ទៅ ACU និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​នីតិវិធី​រឹបអូស​ដី​និង​ផ្ទះ​លោក គង់ គាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ពន្លឿន​នីតិវិធី​រឹបអូស​ដី និង​ផ្ទះ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ឲ្យ​បាន​ឆាប់ ស្រប​ពេល​ក្រសួង​ការបរទេស ក៏​បាន​ប្ដឹង​លោក គង់ គាំ ទៅ​តុលាការ ដោយ​ទាមទារ​សំណង ១​លាន​ដុល្លារ។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ នេះ ដោយ​ស្នើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ​ជាបន្ទាន់​អំពី​ភាព​មិន​ប្រក្រតី​នានា​នៃ​ការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​លើ​ដី និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ការបរទេស។

ការ​ស្នើ​នេះ ដោយ​លោក​ថា​ដើម្បី​ពន្លឿន​ដំណើរការ​ស្វែងរក​ការពិត​ជុំវិញ​ការ​រៀបចំ​ឯកសារ​បន្លំ​យក​ដី និង​ផ្ទះ​របស់​ក្រសួង​ការបរទេស​ធ្វើជា​កម្មសិទ្ធិ​ឯកជន ដែល​ប្រព្រឹត្ត​ដោយ​លោក គង់ គាំ។

លោក ហ៊ុន សែន ថា​ដី​និង​ផ្ទះ​ដែល​លោក គង់ គាំ រៀបចំ​ឯកសារ​បន្លំ​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ការបរទេស ដូច្នេះ​លោក​ថា​ត្រូវ​យក​ដី និង​ផ្ទះ​ពី​លោក គង់ គាំ មក​វិញ​ឲ្យ​បាន​តាម​គ្រប់​មធ្យោបាយ ហើយ​ត្រូវ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

ទាក់ទិន​រឿង​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក៏​ប្តឹង​លោក គង់ គាំ ទៅ​តុលាការ​ដោយ​ទាមទារ​ប្រគល់​ដី និង​សំណង​ជំងឺ​ចិត្ត​ចំនួន ៤​ពាន់​លាន​រៀល ឬ​ស្មើ​នឹង​១ លាន​ដុល្លារ​អាមេរិក។

វិធានការ​ច្បាប់ និង​ការ​រឹបអូស​ផ្ទះ​របស់​លោក គង់ គាំ នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​ថ្លែង​របស់​លោក គង់ គាំ ដែល​បាន​ទម្លាយ​រឿង​នៅ​ពេល​ដែល​លោក​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​បាន​ផ្តល់​ដំបូន្មាន​ថា «ផឹក​ទឹក​ឲ្យ​នឹក​ប្រភព ជ្រក​ម្លប់​ឲ្យ​នឹក​អ្នក​ដាំ» តែ​ថា​ថ្ងៃ​៧​មករា ទំនង​ជា​មិន​មាន​ប្រភព​នៅ​កម្ពុជា​ដូច​គណបក្ស​ភ្លើង​ទៀន​ទេ។

លោក គង់ គាំ មិន​មែន​រង​បណ្ដឹង​តែ​ពី​ក្រសួង​ការបរទេស​ឡើយ កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ នេះ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ទៅ​សាលាដំបូង​ខេត្ត​នេះ​ដែរ។

ក្នុង​ពាក្យ​បណ្តឹង​នោះ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​សំណង​ចំនួន ៥០​ម៉ឺន​ដុល្លារ ក្រោម​ហេតុផល​ថា សម្ដី​លោក គង់ គាំ ដែល​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម កាលពី​ថ្ងៃទី​៧ ខែ​មករា នេះ បាន​ឆ្លុះបញ្ចាំង​ពី​ចេតនា​ញុះញង់។

ជុំវិញ​រឿង​នេះ លោក គង់ គាំ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ទទួលយក​ការ​ដាស់តឿន​ពី​លោក ហ៊ុន សែន ដែល​ឲ្យ​លោក​បញ្ឈប់​ការ​វាយប្រហារ និង​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។ លោក​បញ្ជាក់​ថា សារ​នយោបាយ​ដែល​បាន​ថ្លែង​ក្នុង​វេទិកា​នានា មិន​មាន​ចេតនា​ញុះញង់​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ចោទប្រកាន់​លើ​រូបលោក​ឡើយ ។

ចំណាត់ការ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ បាន​ប្រកាស​កម្ចាត់​អ្នក​នយោបាយ​ទាំងឡាយ​ណា​ដែល​លោក​ចាត់ទុក​ថា​ជា​អ្នក​នយោបាយ​ជ្រុល​និយម​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា ដើម្បី​ធានា​ថា​កម្ពុជា​គ្មាន​សង្គ្រាម និង​ការ​បែកបាក់​ជាតិ​តទៅទៀត។

លោក គង់ គាំ ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ក៏​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រសួង​ការបរទេស អំឡុង​ទសវត្សរ៍​៨០ ក៏ប៉ុន្តែ​ក្រោយពី​មាន​បញ្ហា​ក្នុង​ជួរ​បក្ស លោក គង់ គាំ បាន​ប្រឡូក​ចូល​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី ចាប់ពី​ឆ្នាំ​១៩៩៥ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស