ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថាការមិនអើពើដោះស្រាយបញ្ហាសហជីពពីសំណាក់ក្រសួងការងារ បង្ហាញឱ្យឃើញពីការប៉ុនប៉ងក្នុងការរំលាយសហជីពដែលមានការឃុបឃិតគ្នារវាងក្រសួងការងារ និងក្រុមហ៊ុនណាហ្គាវើលដ៍។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មករា នេះថា ការដោះស្រាយបញ្ហាជុំវិញវិវាទកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ មិនមែនត្រឹមតែទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនរួចហើយ គឺចប់នោះទេ ប៉ុន្តែត្រូវទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលខ្លួនបានបញ្ឈប់ឱ្យចូលធ្វើការវិញ ព្រោះថាការបញ្ឈប់ដោយគ្មានការព្រមព្រៀងពីបុគ្គលិកសហជីពទាំងនោះ គឺជារំលោភលើមាត្រា ៩៥ នៃច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិលេខ ៨៧ និង ៩៨ យ៉ាងធ្ងន់ធ្ងរផងដែរ។
លោកបន្ថែមថា ក្រសួងការងារ ក៏ត្រូវជំរុញឱ្យមានការដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ និងជំរុញឱ្យមានការរៀបចំដំណើរការឡើងវិញនូវសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ថែមទៀត ទើបត្រូវបានគេចាត់ទុកថាជាការដោះស្រាយចំពោះវិវាទការងារនេះ។
លោក វន់ ពៅ អះអាងថា បើកម្ពុជានៅតែបន្តមិនដោះស្រាយវិវាទកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបើកឱ្យសហជីពដំណើរការឡើងវិញ ឱ្យមានការដោះលែងមេដឹកនាំសហជីព និងទទួលបុគ្គលិកដែលខ្លួនបានបញ្ឈប់ឱ្យចូលធ្វើការវិញទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិជាមិនខាន ក្នុងនោះប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជានឹងទទួលបានពីការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក នឹងត្រូវបាត់បង់ទាំងស្រុងថែមទៀត។
កាលពីថ្ងៃព្រហស្បតិ៍ ទី១២ មករា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នេះ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ២៥៥រូបហើយដែលយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីពួកគេត្រូវបានបញ្ឈប់ពីការងារ។
ក្រសួងការងារ បញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់អតីតបុគ្គលិកផងដែរ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុននឹងបញ្ឈប់កម្មករនិយោជិតចំនួន ១៣២៩នាក់ ក្រោមមូលហេតុជួបវិបត្តិហិរញ្ញវត្ថុដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែកម្មករនិយោជិតអះអាងថា ការលើកឡើងរបស់ក្រុមហ៊ុនគ្រាន់តែជាលេសក្នុងចេតនាប៉ុនប៉ងរំលាយក្រុមសហជីពដែលតែងតែជួយការពារសិទ្ធិកម្មករកន្លងមកប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការបញ្ឈប់បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ ភាគីខាងក្រុមហ៊ុនមានចេតនាបំផ្លាញសហជីពឱ្យរលាយសាបសូន្យតែម្តង ដែលទង្វើនេះផ្ទុយនឹងខ្លឹមសារនៃមាត្រា ៩៥ នៃច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិលេខ ៨៧ និង ៩៨ ទាំងស្រុង៕