30 C
Phnom Penh

លោក ហ៊ុន សែន ឈប់​ប្តឹង​លោក គង់ គាំ បន្ទាប់ពី​ប្រគល់​ដី​ផ្ទះ​តម្លៃ​ប្រមាណ​២៥​លាន​ដុល្លារ​ឱ្យ​រដ្ឋ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច ៣៨​ឆ្នាំ​នៅ​កម្ពុជា ប្រកាស​ឈប់​ប្ដឹង​លោក គង គាំ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​ផ្ដិត​មេដៃ​ប្រគល់​ដី​ផ្ទះ​ដែល​មាន​តម្លៃ​ប្រមាណ ២៥​លាន​ដុល្លារ​ឲ្យ​ទៅ​ក្រសួង​ការបរទេស​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​យប់​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ ថា លោក​សម្រេច​មិន​ប្តឹង​លោក គង់ គាំ បន្ត​ទៀត​ឡើយ ដោយ​ការ​ប្ដឹង​នេះ​ត្រូវ​បញ្ចប់​បន្ទាប់ពី​លោក គង់ គាំ បាន​ប្រគល់​ផ្ទះ​ឲ្យ​ក្រសួង​ការបរទេស​ដែល​អាច​ធ្វើ​នៅ​សប្តាហ៍​ក្រោយ។

លោក​បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ​បន្ទាប់ពី​លោក គង់ គាំ និង​ភរិយា​បាន​ផ្ដិត​មេដៃ​ប្រគល់​ដី និង​ផ្ទះ​ឲ្យ​រដ្ឋ​វិញ មុន​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ជាមួយ​លោក គង់ គាំ និង​គ្រួសារ​រយៈពេល ៣​ម៉ោង​កន្លះ​កាលពី​ថ្ងៃទី​១២ ខែ​មករា។

ការ​សម្រេច​ឈប់​ប្ដឹង​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​លោក គង់ គាំ និង​ភរិយា​បាន​សរសេរ​លិខិត​ដោយ​ផ្ដិត​មេដៃ​ដើម្បី​ប្រគល់​ដី​ផ្ទះ​ស្ថិត​នៅ​ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ត្រឡប់​ទៅ​ឲ្យ​ក្រសួង​ការបរទេស​វិញ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កាលពី​ថ្ងៃទី​១២ មករា បាន​ដាក់​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​តុលាការ​ចេញ​សាលក្រម​កំណត់​ឲ្យ​លោក គង់ គាំ ប្រគល់​ដី និង​ផ្ទះ​មក​ក្រសួង​វិញ ជាមួយ​នឹង​ការ​ទាមទារ​សំណង​ជំងឺចិត្ត ៤​ពាន់​លាន​រៀល ឬ​ស្មើ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ អម​ជាមួយ​ស្នាម​មេដៃ​ផង លោក គង់ គាំ និង​ភរិយា​បាន​សម្រេច​ប្រគល់​ដី និង​ផ្ទះ​នៅ​ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជូន​រដ្ឋ​វិញ ដោយ​ថា​ដើម្បី​កុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខាត​ពេលវេលា​ក្នុង​ការ​ស្រាវជ្រាវ​បន្ត​ទៀត។ មួយ​វិញ​ទៀត ការ​ប្រគល់​ដើម្បី​បញ្ចប់​រឿង ដូច្នេះ​ទើប​សម្រេច​ទ្រព្យសម្បត្តិ​ដី និង​ផ្ទះ​នេះ​ទៅ​រដ្ឋ​ដោយ​ស្ម័គ្រចិត្ត​វិញ។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេសប៊ុក​បង្ហាញ​ការ​ហួសចិត្ត និង​គាំង​យោបល់​បន្ទាប់ពី​លោក ហ៊ុន សែន ទៅ​យក​ដី​កម្មសិទ្ធិ​របស់​លោក គង់ គាំ ស្រស់ៗ​ដែល​មាន​តម្លៃ​ប្រមាណ ២៥​លាន​ដុល្លារ​បែប​នេះ។

លោក​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​លោក គង់ គាំ ដែល​តស៊ូ។ លោក​ថា​នៅ​មាន​អ្នក​ប្រឈម​នឹង​រឿង​បែប​នេះ​ច្រើន​ទៀត ក្នុង​នោះ​ប្រហែលជា​អាច​មាន​ឈ្មោះ​លោក កឹម សុខា ក្នុង​បញ្ជី​ខ្មៅ​ដែរ ខណៈ​ផ្ទះ​របស់​លោក សម រង្ស៊ី និង​លោក សុន ឆ័យ គេ​បាន​និង​កំពុង​បន្ត​ចាត់ការ​ដែរ។

លោក គឹម សុខ ចាត់ទុក​ការ​រឹបអូស​ទ្រព្យសម្បត្តិ​នេះ​ថា​ជា​រឿង​ស្លាប់​រស់​នៃ​គ្រួសារ​មួយ ដែល​គេ​មិន​សម្រាល​ឲ្យ​ងាយៗ​ឡើយ បើ​អស់​អំណាច​រលាយ​ខ្សុល​នោះ។

ចំណែក​ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១៣ មករា ថា ការ​សម្រេច​ចិត្ត​របស់​លោក គង់ គាំ និង​ភរិយា យល់ព្រម​ប្រគល់​ទ្រព្យសម្បត្តិ​រដ្ឋ​ជូន​រដ្ឋ​វិញ គឺជា​រឿង​ត្រឹមត្រូវ។

លោក​ទទូច​ឲ្យ​អ្នក​ដែល​បំពាន​សម្បត្តិ​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ទាំងអស់ ត្រូវ​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងនោះ​ជូន​រដ្ឋ​វិញ​ផង​ដែរ ដើម្បី​បញ្ជាក់​ថា​ពួកគេ​ពិត​ជា​អ្នក​ស្នេហា​ជាតិ​ប្រាកដ​មែន។

លោក សេក សុជាតិ ចាត់ទុក​សេចក្ដី​ក្លាហាន​របស់​លោក គង់ គាំ ដែល​ប្រគល់​ដី និង​ផ្ទះ​នេះ វា​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា គាត់​មិន​ចង់​ឲ្យ​គំនាប​នយោបាយ​តាមរយៈ​បញ្ហា​មួយ​នេះ​ចង​ផ្នត់​គំនិត​គាត់​មិន​ឲ្យ​រវល់​នឹង​នយោបាយ​បន្ត​ទៀត​បាន​ទេ ដូច្នេះ​អនាគត​នយោបាយ​របស់​គាត់​នឹង​កាន់តែ​ឡើង​កម្ដៅ ហើយ​ការ​តស៊ូ​នយោបាយ​របស់​គាត់​ច្បាស់​ជា​ជួប​បញ្ហា​បន្ថែម​ទៀត។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​ថា ប្រសិនបើ​លោក គង់ គាំ អាច​តស៊ូ​អត់ធ្មត់​បាន​សម្រេច នោះ​ជីវិត​នយោបាយ​របស់​គាត់​នឹង​រះ​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​អ្នក​នយោបាយ​ចាស់​វង្សា​រូប​នេះ​ទទួល​រង​នូវ​ការ​ប្រមាថ​កាន់តែ​ខ្លាំង នោះ​សេចក្ដី​ក្លាហាន​របស់​គាត់​នឹង​កាន់តែ​មុត​ស្រួច​ឡើង។

វិធាន​រឹបអូស​ដី និង​ផ្ទះ​របស់​លោក គង់ គាំ ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​នេះ បាន​កើតឡើង​ក្រោយពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​ទៅ​នឹង​លោក គង់ គាំ ក្រោយ​លោក គង់ គាំ បាន​ទម្លាយ​ថា កាលពី​លោក​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គេ​បាន​ផ្តល់​ដំបូន្មាន​ថា «ផឹក​ទឹក​ឲ្យ​នឹក​ប្រភព ជ្រក​ម្លប់​ឲ្យ​នឹក​អ្នក​ដាំ» ដោយ​លោក​ថា​ថ្ងៃ​៧​មករា ទំនង​ជា​មិន​មាន​ប្រភព​នៅ​កម្ពុជា​ដូច​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស