បុរសខ្លាំងកាន់អំណាច ៣៨ឆ្នាំនៅកម្ពុជា ប្រកាសឈប់ប្ដឹងលោក គង គាំ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះបានផ្ដិតមេដៃប្រគល់ដីផ្ទះដែលមានតម្លៃប្រមាណ ២៥លានដុល្លារឲ្យទៅក្រសួងការបរទេសវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ថា លោកសម្រេចមិនប្តឹងលោក គង់ គាំ បន្តទៀតឡើយ ដោយការប្ដឹងនេះត្រូវបញ្ចប់បន្ទាប់ពីលោក គង់ គាំ បានប្រគល់ផ្ទះឲ្យក្រសួងការបរទេសដែលអាចធ្វើនៅសប្តាហ៍ក្រោយ។
លោកបញ្ជាក់ថា ការសម្រេចបែបនេះបន្ទាប់ពីលោក គង់ គាំ និងភរិយាបានផ្ដិតមេដៃប្រគល់ដី និងផ្ទះឲ្យរដ្ឋវិញ មុនពេលអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និងគ្រួសាររយៈពេល ៣ម៉ោងកន្លះកាលពីថ្ងៃទី១២ ខែមករា។
ការសម្រេចឈប់ប្ដឹងរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក គង់ គាំ និងភរិយាបានសរសេរលិខិតដោយផ្ដិតមេដៃដើម្បីប្រគល់ដីផ្ទះស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់ទៅឲ្យក្រសួងការបរទេសវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី១២ មករា បានដាក់បណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យតុលាការចេញសាលក្រមកំណត់ឲ្យលោក គង់ គាំ ប្រគល់ដី និងផ្ទះមកក្រសួងវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើ ១លានដុល្លារសហរដ្ឋអាមេរិកផងដែរ។
ក្នុងលិខិតមួយចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ អមជាមួយស្នាមមេដៃផង លោក គង់ គាំ និងភរិយាបានសម្រេចប្រគល់ដី និងផ្ទះនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជូនរដ្ឋវិញ ដោយថាដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយខាតពេលវេលាក្នុងការស្រាវជ្រាវបន្តទៀត។ មួយវិញទៀត ការប្រគល់ដើម្បីបញ្ចប់រឿង ដូច្នេះទើបសម្រេចទ្រព្យសម្បត្តិដី និងផ្ទះនេះទៅរដ្ឋដោយស្ម័គ្រចិត្តវិញ។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកបង្ហាញការហួសចិត្ត និងគាំងយោបល់បន្ទាប់ពីលោក ហ៊ុន សែន ទៅយកដីកម្មសិទ្ធិរបស់លោក គង់ គាំ ស្រស់ៗដែលមានតម្លៃប្រមាណ ២៥លានដុល្លារបែបនេះ។
លោកបង្ហាញការកោតសរសើរចំពោះលោក គង់ គាំ ដែលតស៊ូ។ លោកថានៅមានអ្នកប្រឈមនឹងរឿងបែបនេះច្រើនទៀត ក្នុងនោះប្រហែលជាអាចមានឈ្មោះលោក កឹម សុខា ក្នុងបញ្ជីខ្មៅដែរ ខណៈផ្ទះរបស់លោក សម រង្ស៊ី និងលោក សុន ឆ័យ គេបាននិងកំពុងបន្តចាត់ការដែរ។
លោក គឹម សុខ ចាត់ទុកការរឹបអូសទ្រព្យសម្បត្តិនេះថាជារឿងស្លាប់រស់នៃគ្រួសារមួយ ដែលគេមិនសម្រាលឲ្យងាយៗឡើយ បើអស់អំណាចរលាយខ្សុលនោះ។
ចំណែកស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី១៣ មករា ថា ការសម្រេចចិត្តរបស់លោក គង់ គាំ និងភរិយា យល់ព្រមប្រគល់ទ្រព្យសម្បត្តិរដ្ឋជូនរដ្ឋវិញ គឺជារឿងត្រឹមត្រូវ។
លោកទទូចឲ្យអ្នកដែលបំពានសម្បត្តិរដ្ឋយកធ្វើជាកម្មសិទ្ធិទាំងអស់ ត្រូវប្រគល់ទ្រព្យសម្បត្តិទាំងនោះជូនរដ្ឋវិញផងដែរ ដើម្បីបញ្ជាក់ថាពួកគេពិតជាអ្នកស្នេហាជាតិប្រាកដមែន។
លោក សេក សុជាតិ ចាត់ទុកសេចក្ដីក្លាហានរបស់លោក គង់ គាំ ដែលប្រគល់ដី និងផ្ទះនេះ វាជាការបញ្ជាក់ឲ្យឃើញថា គាត់មិនចង់ឲ្យគំនាបនយោបាយតាមរយៈបញ្ហាមួយនេះចងផ្នត់គំនិតគាត់មិនឲ្យរវល់នឹងនយោបាយបន្តទៀតបានទេ ដូច្នេះអនាគតនយោបាយរបស់គាត់នឹងកាន់តែឡើងកម្ដៅ ហើយការតស៊ូនយោបាយរបស់គាត់ច្បាស់ជាជួបបញ្ហាបន្ថែមទៀត។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះថា ប្រសិនបើលោក គង់ គាំ អាចតស៊ូអត់ធ្មត់បានសម្រេច នោះជីវិតនយោបាយរបស់គាត់នឹងរះឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ខណៈអ្នកនយោបាយចាស់វង្សារូបនេះទទួលរងនូវការប្រមាថកាន់តែខ្លាំង នោះសេចក្ដីក្លាហានរបស់គាត់នឹងកាន់តែមុតស្រួចឡើង។
វិធានរឹបអូសដី និងផ្ទះរបស់លោក គង់ គាំ ពីសំណាក់មេដឹកនាំបក្សកាន់អំណាចនេះ បានកើតឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងលោក គង់ គាំ ក្រោយលោក គង់ គាំ បានទម្លាយថា កាលពីលោកនៅជាមួយគណបក្សប្រជាជនកម្ពុជា គេបានផ្តល់ដំបូន្មានថា «ផឹកទឹកឲ្យនឹកប្រភព ជ្រកម្លប់ឲ្យនឹកអ្នកដាំ» ដោយលោកថាថ្ងៃ៧មករា ទំនងជាមិនមានប្រភពនៅកម្ពុជាដូចគណបក្សភ្លើងទៀននោះទេ៕