36 C
Phnom Penh

សង្គម​ស៊ីវិល​ជាង​២០​ស្ថាប័ន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន ទាមទារ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​លើក​កម្ពស់​សេវា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​លើ​គ្រប់​វិស័យ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២៤​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ នេះ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា តើ​ព័ត៌មាន​ណា​ខ្លះ​ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់​ក្នុង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ជាង​នេះ​ទៀត ក្រសួង មន្ទីរ និង​អង្គភាព​នានា​របស់​រដ្ឋ ត្រូវ​បើក​ចំហ​ព័ត៌មាន​សាធារណៈ​ឱ្យ​បាន​ទូលំទូលាយ​នូវ​គម្រោង​លទ្ធកម្ម​សាធារណៈ​ថ្នាក់​ជាតិ បញ្ហា​ដីធ្លី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​វិវាទ​ដទៃ​ទៀត។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូចជា​អង្គការ​តម្លាភាព​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​ខុមហ្វ្រែល និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ជាដើម លើកឡើង​ថា សព្វថ្ងៃ​នេះ​ប្រជាជន​កម្ពុជា​នៅ​មាន​កង្វល់​អំពី​ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​យ៉ាង​ខ្លាំង ព្រោះ​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បើក​ចំហ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន ដោយសារ​ខ្វះខាត​ធនធាន សមត្ថភាព​មាន​កម្រិត បើ​ទោះជា​មាន​បញ្ញត្តិ​ខ្លះ​បាន​កំណត់​ពី​តួនាទី និង​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋបាល​សាធារណៈ​ក្នុង​ការ​បើក​ចំហ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏ដោយ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សេចក្តី​ព្រាងច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​បាន​បញ្ចប់​ការ​ត្រួតពិនិត្យ​លើ​មាត្រា​ស្ដីពី​ទោស​បទប្បញ្ញត្តិ​ពី​ក្រសួង​យុត្តិធម៌​រួច​ហើយ ហើយ​ច្បាប់​នេះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ​ដែរ ដូច្នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន គួរតែ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​បង្កើត​ឱ្យ​មាន​បរិយាកាស​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន មាន ៩​ជំពូក ៣៧​មាត្រា ត្រូវ​បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​កិច្ច​ពិភាក្សា និង​ពង្រាង​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​ការ​ចូលរួម​ផ្តល់​យោបល់​ពី​អង្គការ​យូណេស្កូ (UNESCO) វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​អង្គការ​តម្លាភាព​កម្ពុជា (TI) ជាដើម។

សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​តាក់តែង​ឡើង​កាលពី​ឆ្នាំ​២០១៣ ដោយ​មាន​ក្រសួង​ព័ត៌មាន​ជា​អ្នក​ទទួល​បន្ទុក ក្នុង​គោលបំណង​ធានា​ឱ្យ​សាធារណជន​គ្រប់​រូប​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ដោយ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដោយសារតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ដែល​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ជុំវិញ​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក យ៉ាង​ហោចណាស់​អ្នក​សារព័ត៌មាន​ជិត ២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា ក្នុង​នោះ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ ជនរងគ្រោះ​ត្រូវ​បាន​ផ្តាច់​ជីវិត​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​រសើប​នានា ដូចជា​បញ្ហា​អំពើពុករលួយ និង​រឿង​នយោបាយ​ដែល​ទាក់ទិន​ទៅ​នឹង​ការ​ដឹកនាំ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស