40.8 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​ជនពិការ​បក្ស​ជំទាស់​ដោយ​គ្មាន​ដីកា​ករណី​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គាំទ្រ​បក្ស​ឆាំង​ដែល​ជា​ជនពិការ លោក ភុន យុទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ដាក់​ពន្ធនាគារ​ជា​លើក​ទី​២ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ក្រោយពី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា។

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ លោក ទៀវ ពណ្ណរាយ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សមត្ថកិច្ច​ចាប់​ខ្លួន​ឈ្មោះ ភុន យុទ្ធ ដោយ​គ្មាន​ដីកា ពីព្រោះ​ព្រះរាជអាជ្ញា​ពិនិត្យ​ឃើញ​ថា​ជា​បទល្មើស​ជាក់ស្តែង ដោយសារ​គាត់​សរសេរ​រិះគន់​ដោយ​ប្រើប្រាស់​ពាក្យ​មិន​គប្បី​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ជាច្រើនលើក​ច្រើនសា​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ប្រភព​ខាងលើ​បាន​លើកឡើង​ថា សមត្ថកិច្ច​ធ្លាប់​ហៅ​បុគ្គល​រូប​នេះ​មក​ធ្វើ​កិច្ចសន្យា​ចំនួន​ពីរ​លើក​រួច​មក​ហើយ។ បច្ចុប្បន្ន សមត្ថកិច្ច​ឃុំ​ខ្លួន​គាត់​បណ្ដោះអាសន្ន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

នាយក​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ។ លោក​មិន​គិត​ថា​លោក ភុន យុទ្ធ មាន​គំនិត​ទៅ​បង្ក​ឱ្យ​មាន​ការ​រើសអើង​ដល់​បុគ្គល និង​ជាតិ​សាសន៍​ណា​មួយ​ឡើយ ការ​រិះគន់​របស់​លោក​កន្លង​មក គឺ​ដើម្បី​កែលម្អ​ស្ថាបនា​សម្រាប់​ផល​ប្រយោជន៍​ជាតិ។ លោក​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ​មីនា សមត្ថកិច្ច​ខេត្ត​តាកែវ បាន​ចូល​ទៅ​ចាប់​ខ្លួន​លោក ភុន យុទ្ធ នៅ​ក្នុង​ផ្ទះ​ស្ថិត​នៅ​ភូមិ​ត្រពាំងឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្ត​តាកែវ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។

កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០១៩ តុលាការ​ខេត្ត​សៀមរាប បាន​ផ្ដន្ទាទោស​លោក ភុន យុទ្ធ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​ជេរប្រមាថ​ជា​សាធារណៈ ដោយ​លោក​ប្រើ​គណនី​ហ្វេសប៊ុក​ឈ្មោះ «ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី» ដែល​បាន​បង្ហោះ​សារ​រិះគន់​អំពី​ចំណុច​អវិជ្ជមាន របប​ដឹកនាំ​បច្ចុប្បន្ន និង​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស