38.8 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ក្រៅ​ស្រុក​ថា​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន បាន​ពី​ការ​លើក​បន្តុប​របស់​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា តំណែង​ជា​នាយករដ្ឋមន្ត្រី ៣៨​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺជា​តំណែង​ដែល​បាន​មកពី​ការ​ប្លន់​អ្នកដទៃ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​វៀតណាម ជា​ថ្នូរ​នឹង​ការ​បម្រើ​មហិច្ឆតា​ឈ្លានពាន​របស់​ពួកគេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ក្រោម​ការ​ជ្រោមជ្រែង​របស់​កងទ័ព​វៀតណាម លោក ហ៊ុន សែន បាន​ដណ្តើម​អំណាច​ពី​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ដើម្បី​ឡើង​កាន់​កាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នៅ​ឆ្នាំ​១៩៨៥។

លោក​បន្ថែម​ថា ទង្វើ​នេះ​គឺជា​សញ្ញា​មួយ​បញ្ជាក់​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ថា លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ​ដែល​មាន​គុណសម្បត្តិ​ជា​អ្នក​បង្រួបបង្រួម​រក​ការ​ឯកភាព​ជាតិ ជាជាង​ការ​ថែរក្សា​អំណាច​របស់​គាត់​នោះ​ឡើយ។

លោក ម៉ែន ណាត លើក​ឡើង​ថា ក្រោយ​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) លោក ហ៊ុន សែន ក៏​មាន​ប្រវត្តិ​ប្លន់​អំណាច​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែរ ដែល​ទ្រង់​ជា​នាយករដ្ឋមន្ត្រី​ទី​១ នា​ពេល​នោះ ដោយ​បាន​បង្កើត​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ ក្រោយ​បាន​អំណាច​ពេញ​ដៃ លោក ហ៊ុន សែន បាន​លួច​កែ​ច្បាប់​គ្រប់​បែប​យ៉ាង ក្នុង​នោះ​ក៏​មាន​ទាំង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ថែម​ទៀត ដើម្បី​ថែរក្សា​អំណាច​បន្ត​ទៅ​វង្ស​ត្រកូល​របស់​ខ្លួន។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​រិះគន់​ថា ការ​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន រយៈពេល ៣៨​ឆ្នាំ មិន​បាន​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​សុភមង្គល​ពី​ការ​ដឹកនាំ​របស់​គាត់​នោះ​ទេ គឺ​មាន​តែ​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ជាតិ និង​ពោរពេញ​ទៅ​ដោយ​ទឹកភ្នែក​របស់​ពលរដ្ឋ​រងគ្រោះ រហូត​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ទៅ​នឹង​ការ​ធ្លាក់​ចុះ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេស​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត។

លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ងាក​ទៅ​រក​ការ​ចរចា និង​បើក​លំហ​សេរីភាព​សម្រាប់​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​ខ្លួន ដើម្បី​រក​ការ​ផ្សះផ្សា និង​ការ​ឯកភាព​ជាតិ មុន​ពេល​ដែល​គាត់​អស់​អំណាច ចៀសវាង​កុំ​ឱ្យ​កម្មពៀរ​ទាំងនោះ​ធ្លាក់​ទៅ​លើ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​វិញ។

កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លងទៅ​នេះ លោក ហ៊ុន សែន អះអាង​ថា ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ គឺជា​ថ្ងៃ​ខួប​ទី ៣៨​ឆ្នាំ​នៃ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ចាប់តាំងពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ មក។

មេដឹកនាំ​មុខ​ដដែលៗ​រូប​នេះ​អួត​ថា លោក​បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​មាន​វ័យ​ក្មេង​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង ហើយ​អាច​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​យូរ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ផង​ដែរ។

លោក ហ៊ុន សែន អះអាង​ថា រយៈពេល ៣៨​ឆ្នាំ​កន្លងទៅ​នេះ កម្ពុជា​បាន​ឆ្លងកាត់​មហា​ឧបសគ្គ​ធំៗ​រាប់​មិន​អស់ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​ដ៏​វៃឆ្លាត និង​មាន​បទពិសោធន៍​បំផុត​របស់​លោក កម្ពុជា​បាន​អភិវឌ្ឍ​ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​លោក ហ៊ុន សែន ខ្លាំង​បំផុត​នោះ គឺ​សម្រាប់​តែ​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ដែល​ស្នេហា​ប្រជាធិបតេយ្យ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម សកម្មជន​ព្រៃឈើ និង​សកម្មជន​បរិស្ថាន ជាដើម នៅតែ​ត្រូវ​បាន​រង​នូវ​ការ​រឹតត្បិត​សេរីភាព និង​ការ​ចាប់​ខ្លួន​នៅ​ពេល​ដែល​ពួកគេ​សម្ដែង​មតិ​ពី​បញ្ហា​ដែល​កើតមាន​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស