40.6 C
Phnom Penh

អ្នកវិភាគ៖ ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូច​គ្នា​នឹង​ការ​ដឹកនាំ​របស់​មេដឹកនាំ​ខ្មែរក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ឯ​នាយ​សមុទ្រ​និយាយ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​មេ​ខ្មែរក្រហម លោក ប៉ុល ពត ដែល​ប្រើ​អំណាច​គ្រប់គ្រង​លើ​វាសនា​របស់​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​ជាតិ​ទាំងមូល ដែល​ញាំញី​ទៅ​ដោយ​អំពើ​ឃាតកម្ម​នីតិរដ្ឋ និង​ឃាតកម្ម​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៦ មករា ថា បើ​ទោះបីជា​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ដូច​គ្នា​ទៅ​នឹង​មេ​ខ្មែរក្រហម លោក ប៉ុល ពត ក៏​ពិត​មែន ប៉ុន្តែ​ក៏​មាន​ចំណុច​ខុស​គ្នា​ដែរ។

លោក​បន្ថែម​ថា ចំណុច​ខុស​គ្នា​នោះ​គឺ​នៅ​ត្រង់​ថា លោក ប៉ុល ពត ការពារ​ទឹកដី​មិន​ឱ្យ​បរទេស​ឈ្លានពាន ចំណែក​លោក ហ៊ុន សែន បើក​ទ្វារ​នគរ ហើយ​ជួយ​ធ្វើ​ច្បាប់​ឱ្យ​បរទេស​អាច​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត ជា​ថ្នូរ​ដើម្បី​ឱ្យ​ពួកគេ​ជួយ​ជ្រោមជ្រែង​អំណាច​ត្រកូល​ហ៊ុន​ទៅ​ថ្ងៃ​ក្រោយ។

លោក គឹម សុខ លើកឡើង​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​គាត់ ដោយ​ការ​រឹបអូស​ដីធ្លី ផ្ទះសម្បែង​របស់​អ្នក​ទាំងនោះ​តាមរយៈ​តុលាការ ដូចជា​ការ​រឹបអូស​ផ្ទះ​របស់​លោក សម រង្ស៊ី រឹបអូស​ផ្ទះ​របស់​លោក សុន ឆ័យ និង​រឹបអូស​ផ្ទះ​របស់​លោក គង់ គាំ ជាដើម គឺ​ដើម្បី​បង្ក្រាប​អ្នក​ទាំងនោះ​កុំ​ឱ្យ​ហ៊ាន​ដឹកនាំ​ការ​តវ៉ា ដែល​អាច​ជា​ការ​រាំង​ស្ទះ​ដល់​ដំណើរការ​នៃ​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ទៅ​ថ្ងៃ​ក្រោយ​តែប៉ុណ្ណោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បែប​នេះ គឺជា​អំពើ​ឃាតកម្ម​នីតិរដ្ឋ និង​ជា​ឃាតកម្ម​ប្រជាធិបតេយ្យ​យ៉ាង​ធំធេង​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល ព្រោះ​ការ​ធ្វើ​បែប​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន មាន​ផែនការ​កាត់​ឫសគល់​ប្រជាធិបតេយ្យ​កុំ​ឱ្យ​រីក​លូតលាស់​យ៉ាង​ជាក់ច្បាស់។

លោក គឹម សុខ បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រជាធិបតេយ្យ​រីក​លូតលាស់ នឹង​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ដល់​ដំណើរ​នៃ​ការ​ផ្ទេរ​អំណាច​របស់​គ្រួសារ​ហ៊ុន​ទៅ​ថ្ងៃ​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ប្រើ​វិធានការ​ក្តៅ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​នៅ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ជិត​មក​ដល់ គឺ​នៅ​ចុង​ខែ​កក្កដា ខាងមុខ​នេះ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ដោយ​ការ​រឹបអូស​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគេ ដូចជា​លោក សុន ឆ័យ និង​លោក គង់ គាំ ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក ជាដើម តាម​ផ្លូវ​តុលាការ​ដែល​គេ​ដឹង​គ្រប់​គ្នា​ថា​ជា​តុលាការ​ដែល​បម្រើ​ឱ្យ​និន្នាការ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​មក។

ជុំវិញ​វិធានការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​នេះ ផ្ទះ​របស់​លោក សុន ឆ័យ ត្រូវ​បាន​តុលាការ​រឹបអូស​កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ តាម​ពាក្យ​បណ្តឹង​ពី​បទ​បរិហារកេរ្តិ៍ ករណី​រិះគន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ចោរ​លួច​សន្លឹកឆ្នោត ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ កន្លងទៅ។

ដោយឡែក​លោក គង់ គាំ ត្រូវ​បាន​បក្ស​កាន់​អំណាច​ប្តឹង​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ ចលាចល អសន្តិសុខ​ក្នុង​សង្គម ដោយ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក បន្ទាប់ពី​លោក គង់ គាំ បាន​ឌឺដង​ឱ្យ​លោក ហ៊ុន សែន ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន នោះ​ទេ ដែល​គាត់​ទំនង​ជា​សំដៅ​ដល់​រដ្ឋាភិបាល​វៀតណាម​ជា​អ្នក​បង្កើត​បក្ស​នេះ​ឡើង។

ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែ​មករា លោក ហ៊ុន សែន សម្រេច​ឈប់​ប្តឹង​វិញ​ក្រោយពី​លោក គង់ គាំ សុខចិត្ត​ប្រគល់​ដី និង​ផ្ទះ​របស់​លោក​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក​តាម​ការ​ទាមទារ​របស់​លោក។

កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ បុរស​ខ្លាំង​រូប​នេះ​ក៏​បាន​ព្រមាន​ដែរ​ថា លោក​នឹង​មិន​ទុក​ឱ្យ​អ្នក​ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត​រួច​ខ្លួន​នោះ​ទេ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ខេត្ត​នីមួយៗ ត្រូវតែ​ប្តឹង​អ្នក​ទាំងនោះ​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស