31 C
Phnom Penh

បុរស​ខ្លាំង​ព្រមាន​ប្រើ​ហិង្សា​និង​ច្បាប់​លើ​អ្នក​ហ៊ាន​ជីក​កកាយ​ប្រវត្តិ​ដើម​កំណើត​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​ប្រើ​អំពើ​ហិង្សា​លើ​មជ្ឈដ្ឋាន​ទូទៅ និង​មេដឹកនាំ​នយោបាយ​ណា​ដែល​ហ៊ាន​ជីក​កកាយ​អំពី​ប្រវត្តិ​ដើមកំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​បង្កើត​ឡើង​ដោយ​វៀតណាម​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​ពិនិត្យ​ដំណើរការ​នៃ​ការ​សាងសង់​មន្ទីរពេទ្យ​ថ្មី​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ មករា នេះ​ថា ទោះបី​បក្ស​ប្រជាជន​កម្ពុជា​មាន​ប្រវត្តិ​មកពី​ណា​ក៏ដោយ អ្នក​នយោបាយ​នានា និង​មជ្ឈដ្ឋាន​ទូទៅ មិន​ត្រូវ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដាច់ខាត។

បុរស​ខ្លាំង លោក ហ៊ុន សែន លើកឡើង​ថា លោក​មិន​ដែល​និយាយ​ប៉ះពាល់​គណបក្ស​របស់​អ្នក​ដទៃ​នោះ​ទេ ដូច្នេះ​អ្នក​ទាំងនោះ​ក៏​មិន​ត្រូវ​និយាយ​រំលើក​បើក​កកាយ​ពី​ប្រវត្តិ​ដើមកំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ប៉ុន្តែ​បើ​ពួកគេ​នៅតែ​ព្រហើន​និយាយ​ប៉ះពាល់​កិត្តិយស​របស់​គណបក្ស​ដែល​លោក​កំពុង​ដឹកនាំ​ទៀត​នោះ លោក​ក៏​មិន​ខ្លាច​ចាត់​វិធានការ​បង្ក្រាប​អ្នក​ទាំងនោះ​ឲ្យ​ភ្លឺ​ភ្នែក​នោះ​ដែរ។

មេដឹកនាំ​កម្ពុជា​ដែល​ចាប់​កំណើត​ក្រោម​ការ​ជ្រោមជ្រែង​របស់​វៀតណាម​រូប​នេះ ព្រមាន​ថា មាន​អ្នក​ខ្លះ​បាន​ទៅ​រស់នៅ​បរទេស តែ​បែរ​ជា​នាំគ្នា​ថ្កោលទោស​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពួកគេ​បាន​រួច​ជីវិត​ពី​ថ្ងៃ​រំដោះ​នោះ​ទៅវិញ។

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ចាប់ពី​ពេល​នេះ​តទៅ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្រើ​វិធានការ​ច្បាប់ ដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ឲ្យខាងតែ​បាន។

កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ លោក គង់ គាំ ដែល​ជា​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន បាន​ឌឺដង​ឱ្យ​លោក ហ៊ុន សែន ថា បក្ស​ប្រជាជន​កម្ពុជា​មិនមែន​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ទេ ក្នុង​នោះ​លោក​បាន​លើកឡើង​ជា​លក្ខណៈ​បញ្ឆិត​បញ្ឆៀង​ដែល​គេ​ដឹង​ថា លោក​ចង់​សំដៅ​ដល់​មេដឹកនាំ​វៀតណាម​ជា​អ្នក​បង្កើត​គណបក្ស​នេះ​ឡើង​ដែល​មាន​ឈ្មោះ​ដើម​ជា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ មករា នេះ​ថា ការ​គំរាម​អ្នក​ដទៃ​មិន​ឱ្យ​និយាយ​ពី​ការពិត​នៃ​ដើមកំណើត​ឫសគល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដោយសារតែ​បក្ស​នេះ​មាន​ប្រវត្តិ​កខ្វក់​ពេក ជាពិសេស​បក្ស​នេះ​មិន​បាន​បោះបង់​នូវ​ឆន្ទៈ​ក្នុង​ការ​បម្រើ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​នោះ​ទេ រហូត​ប៉ុនប៉ង​បំបាត់​ពូជសាសន៍​ខ្មែរ​ថែម​ទៀត​មក​ទល់​សព្វថ្ងៃ​នេះ។

លោក​បន្ត​ថា ទោះបីជា​លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​ពលរដ្ឋ ឬ​អ្នក​នយោបាយ​និយាយ​ពី​ប្រវត្តិ​កំណើត​របស់​បក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ ក៏​មិន​អាច​លាក់បាំង​នូវ​ទង្វើ​ដ៏​អាក្រក់​របស់​បក្ស​នេះ​បាន​ដែរ ដូចជា​ការ​ទទួល​ផែនការ «ក​៥» របស់​វៀតណាម​ដែល​ជា​ចេតនា​សម្លាប់​បុរស​ពេញ​វ័យ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​១៩៨៥ ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​បម្រើ​ផែនការ​នេះ​ដោយ​ផ្ទាល់​នៅ​ពេល​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឈ្មោះ​ដើម​ថា «បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម វ៉ាន់ហួ (Phạm Văn Hua) គឺជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​វៀតណាម ហូ ជី មិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០ មក​ម្ល៉េះ។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦០ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា បក្ស​ពលករ​កម្ពុជា ហើយ​ក្រោយ​មក​បក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​ពី​បក្ស​ពលករ​កម្ពុជា ទៅ​ជា បក្ស​កុម្មុយនីស្ត​កម្ពុជា ផង​ដែរ​នៅ​ឆ្នាំ​១៩៦៦ ប៉ុន្តែ​ក្រោយ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​ថ្មី​ដែល​លើក​បន្តុប​ដោយ​វៀតណាម ដូចជា​លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម បាន​ប្តូរ​ឈ្មោះ បក្ស​កុម្មុយនីស្ត​កម្ពុជា មក​ឈ្មោះ​ដើម​វិញ គឺ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា តាម​ការ​ចង់​បាន​របស់​វៀតណាម​នា​ពេល​នោះ។

ប៉ុន្តែ​ចុងក្រោយ​នៅ​ឆ្នាំ​១៩៩១ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស