បុរសខ្លាំងកាន់អំណាច ៣៨ឆ្នាំនៅកម្ពុជា ជំរុញឲ្យលោក ហូរ វ៉ាន់ ផ្ដាច់ខ្លួនចេញពីមេដឹកនាំបក្សប្រឆាំង ហើយវិលចូលស្រុកវិញ ដោយលោកនឹងលើកលែងទោសឲ្យ ព្រោះគោលបំណងរបស់លោក គឺកម្ចាត់អ្នកដឹកនាំនយោបាយជ្រុលនិយមម្នាក់តែប៉ុណ្ណោះ។
ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងអំឡុងពេលចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» នាថ្ងៃទី១៩ មករា នេះ។
លោក ហ៊ុន សែន អះអាងថា បើសិនលោក ហូរ វ៉ាន់ វិលចូលកម្ពុជាដោយផ្ដាច់ខ្លួនចេញពីមេដឹកនាំបក្សប្រឆាំងនោះ លោកនឹងលើកលែងទោសដែលតុលាការបានកាត់ឲ្យជាប់ពន្ធនាគារនាពេលកន្លងមក។ លោកបញ្ជាក់ថា គោលដៅរបស់លោក គឺកម្ចាត់តែអ្នកដឹកនាំនយោបាយដែលជ្រុលនិយមតែម្នាក់ប៉ុណ្ណោះ។
ក្រៅពីហៅលោក ហូរ វ៉ាន់ ឲ្យចូលស្រុកវិញហើយ លោក ហ៊ុន សែន ក៏បានបង្ហើបមន្ត្រីបក្សប្រឆាំងម្នាក់ទៀតដែលទំនងសំដៅដល់លោក អេង ឆៃអ៊ាង ថាគិតតែពីលេងល្បែងនៅក្នុងកាស៊ីណូតែប៉ុណ្ណោះ។
ការប្រកាសរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក ហូរ វ៉ាន់ ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចពីការចាប់ខ្លួន បន្ទាប់ពីតុលាការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
លោក ហ៊ុន សែន ប្រកាសលើកលែងទោសបែបនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានផ្ដន្ទាទោសអតីតមេដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយចំនួន ៣៦នាក់ជាប់ពន្ធនាគារចន្លោះពី ៥ ទៅ ៧ឆ្នាំ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ខណៈម្នាក់ក្នុងចំណោមនោះរួចផុតបទចោទពាក់ព័ន្ធការប៉ុនប៉ង និងគាំទ្រដំណើរវិលត្រឡប់មិនបានសម្រេចរបស់អ្នកស្រី មូរ សុខហួរ។
ក្នុងចំណោមមនុស្សទាំង ៣៦នាក់ គឺមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ឡុង រី លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ អ្នកស្រី ជូឡុង សូម៉ូរ៉ា លោក នុត រំដួល លោក អ៊ូ ច័ន្ទឫទ្ធិ និងមនុស្ស ៣នាក់ទៀតដាក់ពន្ធនាគារម្នាក់ៗ ៧ឆ្នាំដោយដកសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត។
លោក ហូរ វ៉ាន់ មិនមែនត្រូវបានតុលាការផ្ដន្ទាទោសតែមួយករណីនេះទេ ប៉ុន្តែមន្ត្រីបក្សប្រឆាំងរូបនេះក៏ត្រូវបានតុលាការកាត់ក្តីកំបាំងមុខក្នុងសំណុំរឿងផ្សេងៗទៀតដែរ៕