ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក រិះគន់ថា ចាប់តាំងពីបោះឆ្នោតជាតិឆ្នាំ១៩៩៨ រហូតដល់ការបោះឆ្នោតឆ្នាំ២០១៨ គឺមានរយៈពេល ២០ឆ្នាំហើយដែលបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មិនត្រឹមតែលួចសន្លឹកឆ្នោតទេ ប៉ុន្តែប្លន់លទ្ធផលបោះឆ្នោតតែម្តងដើម្បីកាន់អំណាច។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ មករា នេះថា លោក ហ៊ុន សែន មិនត្រឹមតែប្លន់លទ្ធផលបោះឆ្នោតនោះទេ ប៉ុន្តែលោក ហ៊ុន សែន បានបិទសិទ្ធិអ្នកនយោបាយដែលមានឥទ្ធិពលមិនឱ្យចូលរួមការបោះឆ្នោតទាំងអស់ តាមរយៈនៃការចោទប្តឹងដោយអយុត្តិធម៌ផ្សេងៗ ដូចជាប្តឹងលោក កឹម សុខា លោក សម រង្ស៊ី លោក សុន ឆ័យ លោក ថាច់ សេដ្ឋា និងលោក គង់ គាំ ជាដើម។
ជាងនេះទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សុទ្ធសឹងតែមានសមាសភាពមកពីបក្សកាន់អំណាចទាំងអស់ ដូចជាប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ជាដើម។ លើសពីនេះទៅទៀត សហគមន៍អន្តរជាតិមិនបានដាក់អ្នកសង្កេតការណ៍ក្នុងដំណើរការនៃការបោះឆ្នោតនេះទេ។ ជាក់ស្តែង កាលពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងទៅ ក្នុងនោះពួកគេក៏មិនបានផ្តល់ថវិកាដូចអាណត្តិដែលមានបក្សប្រឆាំងចូលរួមដែរ។
លោក គឹម សុខ លើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែលួចសន្លឹកឆ្នោត និងប្លន់លទ្ធផលបោះឆ្នោតទេ ប៉ុន្តែថែមទាំងចាប់ជំរិតគណបក្សសង្គ្រោះជាតិថែមទៀត ដូចជាការចាប់ខ្លួនលោក កឹម សុខា ក្រោមបទចោទមិនពិត រំលាយគណបក្សសង្គ្រោះជាតិ និងប្លន់យកកៅអីតំណាងរាស្ត្របក្សប្រឆាំងទាំង ៥៥អាសនៈ ព្រមទាំងកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់បក្សនេះជាង ៥ពាន់កន្លែងយកទៅចែកជាមួយគណបក្សរណបរបស់ខ្លួនថែមទៀត។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា បើលោក ហ៊ុន សែន មិនចង់ឱ្យមានការរិះគន់ថា គណបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោត ឬជាចោរប្លន់លទ្ធផលការបោះឆ្នោត គាត់ត្រូវតែអនុវត្តឱ្យបានតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយរៀបចំដំណើរការនៃការបោះឆ្នោតមួយដោយបើកចំហ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងធ្វើកំណែទម្រង់សមាសភាព គ.ជ.ប ព្រមទាំងបើកលំហឱ្យមានការចូលរួមប្រកួតប្រជែងពីគណបក្សនានាដោយសេរី ដោយមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួម នោះគឺអាចលុបបំបាត់ពាក្យថា គណបក្សកាន់អំណាចជាចោរលួចសន្លឹកឆ្នោតបានហើយ។
កាលពីថ្ងៃទី១៩ ខែមករា ក្នុងពិធីពិនិត្យដំណើរការនៃការសាងសង់មន្ទីរពេទ្យថ្មីមួយ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មេដឹកនាំបក្សកាន់អំណាចដែលឧស្សាហ៍គំរាមចាប់ចង លោក ហ៊ុន សែន ព្រមានទៅកាន់អ្នកវិភាគ អ្នកសារព័ត៌មាន ជាពិសេសមេដឹកនាំបក្សនយោបាយ ឱ្យពួកគេបញ្ឈប់ការចោទប្រកាន់បក្សកាន់អំណាចថាជាចោរលួចសន្លឹកឆ្នោតបន្តទៀត បើមិនដូច្នេះទេ លោកនឹងប្រើវិធានការច្បាប់ និងអំពើហិង្សាបង្ក្រាបអ្នកទាំងនោះដល់ផ្ទះតែម្តង។
លោក ហ៊ុន សែន អះអាងថា អ្នកដែលចោទថាបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោត គឺត្រូវតែប្តឹង ក្នុងនោះលោក ហ៊ុន សែន បញ្ជាឱ្យមេធាវីរបស់បក្សប្រជាជនកម្ពុជានៅតាមខេត្តនីមួយៗ ត្រូវតែប្តឹងអ្នកទាំងនោះដោយគ្មានករណីលើកលែង ព្រោះការចោទប្រកាន់បក្សរបស់លោកថាជាចោរលួចសន្លឹកឆ្នោត មិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការប្រឆាំងនឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដោយទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លារអាមេរិក ជុំវិញការប្រៀបធៀបនូវការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដូចគ្នានឹងចោរលួចគោ លួចក្របី ក្នុងនោះផ្ទះរបស់លោក សុន ឆ័យ ក៏ត្រូវបានតុលាការរឹបអូសផងដែរ។
ចាប់តាំងពីឆ្នាំ១៩៩៣ មក កម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួន ៦លើករួចមកហើយ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បាន ៥លើកផងដែរ ប៉ុន្តែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ ត្រូវបានសហគមន៍អន្តរជាតិបដិសេធចោលទាំងស្រុង ដោយចាត់ទុកថាជាការបោះឆ្នោតដែលគ្មានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ៕