38.1 C
Phnom Penh

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ឱ្យ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​អូស​ទាញ​សមាជិក​បក្ស​ដទៃ​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​ខេត្ត​ត្បូងឃ្មុំ លោក គឹម សន្តិភាព ជំរុញ​ឱ្យ​ក្រុម​ការងារ​យុវជន​របស់​គណបក្ស​កាន់​អំណាច រៀបចំ​ផែនការ​សកម្មភាព​ពង្រីក​សមាជិក​ថ្មី ដោយ​ការ​អូស​ទាញ​សមាជិក​បក្ស​ដទៃ​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព លើកឡើង​នៅ​ក្នុង​កម្មវិធី​ជួបជុំ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​វាលម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២០ ខែ​មករា នេះ​ថា សមាជិក​របស់​គណបក្ស​កាន់​អំណាច​ទាំងអស់​ត្រូវ​គោរព​តាម​គោលនយោបាយ​របស់​គណបក្ស និង​ត្រូវ​អូស​ទាញ​យុវជន​បក្ស​ដទៃ​ឱ្យ​ងាក​មក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យ​បាន។

លោក​អំពាវនាវ​ឱ្យ​ក្រុម​ការងារ​យុវជន​គ្រប់​ជាន់ថ្នាក់​ក្នុង​ឃុំ​វាលម្លូ ពង្រឹង​និង​ខិតខំ​អនុវត្ត​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ផែនការ​សកម្មភាព​ការងារ​ពង្រីក​សមាជិក​បក្ស ទាំង​បរិមាណ និង​គុណភាព ដោយ​រក្សា​សមាជិក​ចាស់ និង​បង្កើន​សមាជិក​ថ្មី​ឱ្យ​កាន់តែ​ច្រើន​ឡើងៗ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មករា នេះ​ថា ការ​ប្រើ​វិធី​ឃោសនា​មុន​ការ​បោះឆ្នោត​របស់​បក្ស​កាន់​អំណាច គឺជា​ទម្លាប់​អាក្រក់​មួយ​របស់​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​ទៅ​ហើយ ហើយ​ពួកគេ​តែង​យក​អំណាច​រដ្ឋ​ទៅ​សង្កត់​សង្កិន​អ្នក​ដែល​គ្មាន​អំណាច ដែល​ទង្វើ​បែប​នេះ​គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ ជាពិសេស​សម្រាប់​គណបក្ស​នយោបាយ​នានា​ដែល​មាន​បំណង​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​នេះ។

លោក ហ៊ុន កុសល លើកឡើង​ថា នៅ​ពេល​ដែល​សង្គម​មួយ​មាន​អ្នក​នៅ​ពី​លើ​ច្បាប់ និង​មាន​អ្នក​នៅ​ពី​ក្រោម​ច្បាប់ អ្នក​មាន​អំណាច​នឹង​យក​ច្បាប់​នោះ​មក​បម្រើ​ផល​ប្រយោជន៍​របស់​ពួកគេ។ លោក​បន្ថែម​ថា ទោះ​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់​ក៏ដោយ ក៏​គ្មាន​នរណា​ហ៊ាន​ដាក់​ទោស​ពួកគេ​ទៅ​តាម​ផ្លូវច្បាប់​នោះ​ដែរ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ទង្វើ​របស់​បុគ្គល​ម្នាក់​ដែល​ជា​មន្ត្រី​រាជការ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​គណបក្ស​នៅ​ក្នុង​ម៉ោង​បម្រើ​កិច្ច​ការងារ​រដ្ឋ វា​គឺជា​ទង្វើ​រំលោភ​ច្បាប់ ហើយ​ក៏​ជា​អំពើពុករលួយ​កិបកេង​ពី​រដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ខណៈ​ច្បាប់​បាន​កំណត់​ឲ្យ​មន្ត្រី​រាជការ​រក្សា​ខ្លួន​ឲ្យ​នៅ​ជា​អព្យាក្រឹត​ទៅ​ហើយ​នោះ។

មាត្រា​៣៧ នៃ​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ចែង​ថា មន្ត្រី​រាជការ​ត្រូវ​អព្យាក្រឹត​ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​នានា។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ជាដើម បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច​ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣។ អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​តាម​ក្រសួង និង​អង្គភាព​នីមួយៗ បង្ខំ​ឱ្យ​ទៅ​ឃោសនា​ឱ្យ​បក្ស​កាន់​អំណាច ទាំង​ដែល​ពួកគេ​មិន​ចង់​ទៅ​ផង​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស