ទាក់ទិននឹងមូលហេតុនៃការបែកបាក់សាមគ្គីជាតិក្នុងសង្គមខ្មែរ ក្រុមបញ្ញវន្តនៅប្រទេសលោកខាងលិច មើលឃើញថា បញ្ហាហ្នឹងបណ្តាលមកពីអ្នកនយោបាយដឹកនាំប្រទេសជាតិមិនខ្វល់ខ្វាយយកចិត្តទុកដាក់ស្តាប់មតិ និងឆន្ទៈពលរដ្ឋខ្មែរ។
នេះមានន័យថា អ្នកនយោបាយ អ្នកដឹកនាំខ្មែរ ចង់ធ្វើអ្វីស្រេចតែអំពើចិត្ត តាមចំណង់របស់ខ្លួន ដោយចាត់ទុកពលរដ្ឋខ្លួនមិនមែនជាម្ចាស់ប្រទេស ម្ចាស់ឆ្នោត។
លោក ហ៊ុន សែន ស្រែកបញ្ជាពីក្រោយខ្នងកូនជានាយករដ្ឋមន្ត្រី ថាត្រូវតែជីកព្រែកហ្វូណនតេជោ ឲ្យបានជាដាច់ខាតនៅដើមខែសីហា នេះ។
លោកថា បើនរណាជំទាស់ រិះគន់នឹងផែនការត្រីកោណអភិវឌ្ឍន៍ ដែលថាដូចជាកាត់ដីខេត្តបួនឲ្យទៅប្រទេសយៀកណាម នោះ ត្រូវចាប់បញ្ចូលពន្ធនាគារទាំងអស់ ពីព្រោះលោកថាលោកមិនបានកាត់ដី លក់ដី ឲ្យដីប្រទេសយៀកណាម ទេ គ្រាន់តែបញ្ចូលគ្នាដើម្បីអភិវឌ្ឍរួមគ្នាតែប៉ុណ្ណោះ។
លោក ហ៊ុន សែន មានលក្ខណៈជាបណ្ឌិតមានី ឬបណ្ឌិតមានះ ទោះជាពលរដ្ឋខ្មែរទាំងក្នុង ទាំងក្រៅប្រទេស សុំឲ្យលោកអភិវឌ្ឍខេត្តទាំងបួនដោយខ្លួនឯងក៏ដោយ។ ពលរដ្ឋខ្មែរសាមញ្ញ ហាក់បីដូចជាយល់ដឹងប្រវត្តិសាស្ត្រខ្មែរជាងមន្ត្រីគណបក្សប្រជាជនកម្ពុជា។
កាលពីដើមខែសីហា នេះ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែលមានសមាសភាពជាបញ្ញវន្តខ្មែរនៅប្រទេសបារាំង អាល្លឺម៉ង់ ដាណឺម៉ាក ស៊ុយអែត មានទីស្នាក់ការនៅប្រទេសបារាំង បានធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ខែសីហា បញ្ជាក់អំពីកំហុសនៃការដាក់ខេត្តខ្មែរបួនក្នុងផែនការត្រីកោណអភិវឌ្ឍន៍ គ្រោះថ្នាក់ទៅអនាគត និងករណីយកិច្ចនៃពលរដ្ឋខ្មែរគ្រប់ស្រទាប់។
សេចក្តីថ្លែងការណ៍ដែលមានលោក ស្រី ពុទ្ធសាវឌី ជាប្រធាន ក្រុមការងារថ្លែងថា៖ «ដាក់ខេត្តខ្មែរបួនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍រួម ស្មើនឹងឲ្យទឹកដីនេះទៅយៀកណាម។ វាជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដោយបំភ័ន្តភ្នែកពលរដ្ឋខ្មែរ។»
សេចក្តីថ្លែងការណ៍កត់សម្គាល់ថា ក្នុងប្រទេសប្រកាន់មាគ៌ាប្រជាធិបតេយ្យ មានន័យថាប្រជាជនជាអធិបតី ឬជាម្ចាស់ ពោលគឺជាម្ចាស់ប្រទេស ក៏ដូចជាម្ចាស់អំណាច។ រីឯអ្នកដឹកនាំគ្រាន់តែជាអ្នកដែលប្រជាជនជ្រើសរើស ដើម្បីឲ្យអនុវត្ត និងសម្រេចឆន្ទៈរបស់ពួកគាត់តែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា៖ «ប្រឈមនឹងគំនិតមានះរបស់លោក ហ៊ុន សែន មហាជនជាពិសេសយុវជនខ្មែរដែលបារម្ភនឹងការបាត់បង់ទឹកដីបន្ថែមទៀត បានបញ្ចេញមតិប្រឆាំងយ៉ាងផុសផុល និងដោយឯងៗ (គ្មាននរណាបង្ខំ) ហើយថាគំនិតដែលធ្វើឲ្យបាត់បង់ទឹកដី គឺជាអំពើក្បត់ជាតិខ្មែរ ចំណែកឯគំនិតប្រឆាំងនឹងអ្វីដែលធ្វើឲ្យបាត់បង់ទឹកដី គឺជាសតិសម្បជញ្ញៈជាតិ។ បញ្ហាជាតិ ជាសុខទុក្ខរួម ចំណែកឯបញ្ហាបក្ស ជារឿងផលប្រយោជន៍ក្រុមឯកជន។ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ អំពាវនាវឲ្យកម្លាំងជាតិទាំងអស់ ចាប់យកសម្បជញ្ញៈជាតិ ពេលជាតិកំពុងរងគ្រោះ ព្រោះថាខ្មែរជាពូជអ្នកចេះស្រឡាញ់ជាតិ ដូចមានចារឹកនៅក្នុងប្រវត្តិសាស្ត្រជាសក្ខីភាពស្រាប់ ដូច្នេះការការពារទឹកដីនៃប្រទេសខ្លួន គឺជាករណីយកិច្ចដ៏ពិសិដ្ឋ និងចាំបាច់បំផុតរបស់បច្ឆាជនខ្មែរ (ឬជនជាតិខ្មែរជំនាន់ក្រោយ)។»៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

