40.6 C
Phnom Penh

បក្ស​ភ្លើង​ទៀន​បន្ទន់​ឥរិយាបថ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ក្រោយពី​លោក ហ៊ុន សែន ព្រមាន​ប្ដឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន​សាទរ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ត្រឹមត្រូវ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច បន្ទាប់ពី​លោក ហ៊ុន សែន គំរាម​ប្តឹង​ទៅ​តុលាការ​បើ​គណបក្ស​នេះ​មិន​សុំទោស​ជា​សាធារណៈ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​ភ្លើង​ទៀន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២០ ខែ​មករា នេះ ឱ្យ​ដឹង​ថា គណបក្ស​នេះ​បាន​ឃើញ និង​អបអរ​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣ ដែល​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ត្រឹមត្រូវ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​សេចក្ដី​ថ្លែងការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គណបក្ស​ភ្លើង​ទៀន​គាំទ្រ​នូវ​ជំហរ​ដើម្បី​ពង្រឹង​នូវ​បរិយាកាស​នយោបាយ​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត សំដៅ​ធានា​ឱ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ជុំវិញ​រឿង​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​ថ្លែង​ទទួល​ស្គាល់​ថា សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​ខ្លួន​ចេញ​នោះ​ជា​រឿង​ដែល​ឆ្គាំឆ្គង និង​មិន​គួរ​ឱ្យ​កើតមាន​ទៀត​នោះ​ទេ។ គណបក្ស​ភ្លើង​ទៀន​នឹង​ដក​ខ្លឹមសារ​ដូច​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ចេញ​ជាបន្ទាន់​ផង​ដែរ ក្នុង​ន័យ​ដើម្បី​សម្រួល​ស្ថានការណ៍​នេះ​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើងវិញ​ផង​ដែរ។

ការ​បន្ទន់​ឥរិយាបថ​បង្ហាញ​ជំហរ​គាំទ្រ​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ស្នើ​ឱ្យ​បក្ស​ភ្លើង​ទៀន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​បង្គាប់​ឱ្យ​លោក គី តិច ដែល​ជា​មេធាវី​របស់​លោក ពិនិត្យ​ខ្លឹមសារ​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ និង​ដាក់​បណ្ដឹង​ទៅ​តុលាការ។

បុរស​ខ្លាំង​កាន់​អំណាច ៣៨​ឆ្នាំ​រូប​នេះ​អះអាង​ថា ការ​ធ្វើ​ដូច្នេះ ដើម្បី​ស្វែងរក​យុត្តិធម៌ និង​ប៉ះប៉ូវ​ការ​ចោទប្រកាន់​ដែល​លោក​ចាត់ទុក​ជា​ការ​មួលបង្កាច់​ខុសពី​ការពិត​នេះ។

ក្រោយពី​លោក ហ៊ុន សែន ព្រមាន​ភ្លាមៗ​នោះ គណៈកម្មាធិការ​គណបក្ស​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួង​វប្បធម៌ ក្រសួង​អប់រំ ក្រសួង​សុខាភិបាល ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​បរិស្ថាន ជាដើម បាន​នាំគ្នា​ចេញ​ញត្តិ​គាំទ្រ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ចាត់​វិធានការ​លើ​គណបក្ស​ភ្លើង​ទៀន ក្រោម​ហេតុផល​ថា​សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​នេះ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​បក្ស​ប្រជាជន​កម្ពុជា។

ញត្តិ​គាំទ្រ​របស់​ក្រសួង​ស្ថាប័ន​ទាំងនោះ បាន​ចេញ​ដាច់ដោយឡែកៗ​ពី​គ្នា ប៉ុន្តែ​ខ្លឹមសារ​ដូចៗ​គ្នា បាន​ឱ្យ​ដឹង​ថា ការ​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​ជា​ការ​ប្រមាថ​កាតទាន និង​ចោទប្រកាន់​ទាំង​បំពាន​ខុសពី​ការពិត​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បក្ស​នេះ​មិន​អាច​ទទួល​យក​បាន​ឡើយ។

ក្រសួង​ស្ថាប័ន​ទាំងនោះ​ជំរុញ និង​សំណូមពរ​ឱ្យ​រដ្ឋាភិបាល រួម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​ចំណាត់ការ​ចំពោះ​គណបក្ស​ភ្លើង​ទៀន និង​គ្រប់​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ត្រូវតែ​ទទួល​ទោស​ទណ្ឌ​តាម​ការ​កំណត់​នៃ​ច្បាប់​ដែល​គ្រប់​ប្រទេស​នៅ​ក្នុង​សកលលោក​ក៏​អនុវត្ត​ដូច​គ្នា​នេះ​ដែរ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​គណបក្ស​ភ្លើង​ទៀន ដែល​ចេញ​កាលពី​ថ្ងៃទី​១៨ ខែ​មករា បង្ហាញ​ថា ខ្លួន​ប្រឆាំង​ដាច់ខាត​លើ​ការ​គាប​សង្កត់ ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​នយោបាយ​ពី​គណបក្ស​កាន់​អំណាច ហើយ​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​នោះ​ជាបន្ទាន់។

នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​បន្តបន្ទាប់ ក្រោយពី​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​គណបក្ស គឺ​លោក ថាច់ សេដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​ចេញ​មូលប្បទានប័ត្រ​ដែល​គ្មាន​សាច់ប្រាក់ ឬ​ហៅថា​សែក​ស្អុយ។

តែ​យ៉ាងណា ក្រោយពី​សេចក្ដី​ថ្លែងការណ៍​បាន​មួយ​ថ្ងៃ​នោះ នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​ដោយ​មិន​រុញរា​ទៀត​ឡើយ រាប់​ចាប់តាំងពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ នៅ​ពេល​រក​ឃើញ​ថា​នៅ​បន្ត​សាបព្រោះ​វប្បធម៌​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន ក៏​បាន​ប្ដេជ្ញា​ដោយ​មិន​ឲ្យ​អ្នក​រិះគន់​បក្ស​ប្រជាជន​កម្ពុជា រត់​យក​រួច​ខ្លួន​ទៀត ទោះបី​ពួកគេ​ត្រូវ​ភៀសខ្លួន​តាម​មធ្យោបាយ​ណា​ក៏ដោយ។ ក្រៅពី​ព្រមាន​ហើយ លោក ហ៊ុន សែន ក៏​ទទួលស្គាល់​ថា​លោក​គឺជា​មេដឹកនាំ​បែប​ហិង្សា​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស