38 C
Phnom Penh

អ្នក​ឃ្លាំមើល៖ អ្នក​ប្រជាធិបតេយ្យ​បែកបាក់​សាមគ្គី​គឺ​កាន់តែ​នាំ​ឱ្យ​ចាញ់​បក្ស​កាន់​អំណាច​រក​ទី​បញ្ចប់​គ្មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​និយាយ​ថា ការ​បែកបាក់​សាមគ្គី​ជាតិ​ក្នុង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ធ្វើ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​បែកបាក់​សាមគ្គី​គ្នា​ចាប់តាំងពី​ថ្នាក់លើ​រហូត​ដល់​មូលដ្ឋាន នឹង​រុញច្រាន​ឱ្យ​ពួកគេ​ចាញ់​បក្ស​កាន់​អំណាច​រក​ទី​បញ្ចប់​គ្មាន។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ មករា ថា សព្វថ្ងៃ​នេះ​ចំណុច​ខ្សោយ​ធំ​បំផុត និង​ត្រូវ​កែប្រែ​ជាបន្ទាន់​នោះ គឺ​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា​ងាយ​នឹង​លាប​ពណ៌​គ្នា​ឯង​ជាង​បក្ស​កាន់​អំណាច​ទៅ​ទៀត។ សកម្មភាព​នេះ នឹង​រុញច្រាន​ឱ្យ​ពួកគេ​ចាញ់​បក្ស​កាន់​អំណាច​រក​ទី​បញ្ចប់​គ្មាន ហើយ​អ្នក​ឈ្នះ គឺ​បក្ស​កាន់​អំណាច ខណៈ​អ្នក​រងគ្រោះ​គឺ​ពលរដ្ឋ។

បណ្ឌិត មាស នី លើកឡើង​ថា អ្នក​នយោបាយ​បែកបាក់​សាមគ្គី​គ្នា​ជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ​ណាស់​ទៅ​ហើយ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ប្រែប្រួល​ដំណើរការ​សង្គម​ទាំងមូល ប៉ុន្តែ​ការ​បែកបាក់​សាមគ្គី​របស់​ពលរដ្ឋ​ដោយ​ការ​ប្រកាន់​និន្នាការ​នយោបាយ​របស់​មេដឹកនាំ​ដែល​ពួកគេ​គាំទ្រ គឺជា​រឿង​ដែល​កាន់តែ​មិន​គួរ​កើតមាន​ទៅ​ទៀត ព្រោះ​ថា​ពួកគេ​ម្នាក់ៗ​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ទាំងអស់​ចំពោះ​ការ​បែកបាក់​នេះ គឺ​មាន​តែ​វិនាស​ហិនហោច​អន្តរាយ​ជាតិ​ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​បញ្ជាក់​ថា បើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មិន​រំពឹង​ថា បក្ស​កាន់​អំណាច​មិន​អាច​បង្រួបបង្រួម​សាមគ្គី​ជាតិ​បាន​ទេ គឺ​មាន​តែ​អ្នក​ប្រជាធិបតេយ្យ​ខ្លួនឯង​ធ្វើជា​គំរូ​ក្នុង​ការ​បង្រួបបង្រួម​សាមគ្គី​មុនគេ​ប៉ុណ្ណោះ ដើម្បី​កសាង​កម្លាំង​នយោបាយ​មួយ​រហូត​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​គ្មាន​ជម្រើស​ផ្សេង​ក្រៅតែ​ពី​ការ​ចូល​ចរចា​រក​ការ​ផ្សះផ្សា​ជាមួយ​ខ្លួន​នៅ​ពេល​ណា​មួយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា ទាំង​អ្នក​ប្រជាធិបតេយ្យ និង​បក្ស​កាន់​អំណាច គឺ​ត្រូវតែ​លុប​បំបាត់​ការ​រើសអើង​នយោបាយ​ចោល​ទាំងអស់ ដោយ​ប្តូរ​មក​វិញ​នូវ​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​ចែង​អំពី​របប​នយោបាយ​សេរី​ពហុ​បក្ស និង​ងាក​មក​ប្រកួតប្រជែង​គ្នា​ដោយ​យុត្តិធម៌ ដើម្បី​ធានា​សន្តិសុខ ស្ថិរភាព និង​ដំណើរការ​ប្រជាធិបតេយ្យ​ទៅ​ថ្ងៃ​មុខ។

ការ​ដឹកនាំ​នយោបាយ​របស់​បក្ស​កាន់​អំណាច​ទាំង​មុន និង​ក្រោយ​លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ ដោយ​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា និង​ប្ដេជ្ញា​តាម​កម្ទេច​ក្រុម​ប្រឆាំង​ថែម​ទៀត ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​ឯកភាព​ជាតិ​នៅតែ​គ្មាន​ពន្លឺ​រហូត​ដល់​ពេលនេះ។

លោក សម រង្ស៊ី ដែល​ជា​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ឈប់​គាំទ្រ​ខ្លះ​លាតត្រដាង​ថា ក្រុម​របស់​លោក​ជា​ក្រុម​ដែល​ពូកែ​លាប​ពណ៌ និង​ក្រុម​ដែល​ពូកែ​ជេរ​ប្រមាថ​ទៅ​លើ​ក្រុម​ណា ឬ​បុគ្គល​ណា​ដែល​រិះគន់​ចំណុច​ខ្សោយ​របស់​ពួកគេ​ដោយ​រៀបចំ​បណ្ដាញ​សង្គម ដើម្បី​លាប​ពណ៌​អ្នក​ទាំងនោះ ជាដើម។

តែ​យ៉ាងនេះ​ក្តី កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២១ កន្លងទៅ លោក សម រង្ស៊ី អះអាង​ថា ក្នុង​ឋានៈ​ជា​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា លោក​ត្រូវ​គេ​ទទួលស្គាល់​គ្រប់​គ្នា​ថា លោក​មិន​ដែល​បៀតបៀន​បុគ្គល​ណា​ម្នាក់ មិន​ដែល​លួច​ជាតិ​សូម្បី​តែ​មួយ​រៀល និង​មិន​ដែល​ប៉ះពាល់​នរណា ឬ​ធ្វើ​បាប​នរណា​ឡើយ ជាពិសេស​លោក​មិន​ដែល​មាន​គំនិត​ទៅ​លួច​ជាតិ​ដ៏​ក្រ​កម្សត់​នេះ​ម្តង​ណា​ទេ។

ចំណែក​មេដឹកនាំ​ដែល​កំពុង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា វិញ ធ្លាប់​អះអាង​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២១ ថា សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត​នៅតែ​ទទួលស្គាល់​អំពី​គុណតម្លៃ​របស់​លោក ក្នុង​ការងារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​ដឹកនាំ​នយោបាយ​តាម​បែប​អហិង្សា ដើម្បី​រក​ការ​បង្រួបបង្រួម​ជាតិ​រហូត​មក។

ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក​ដែល​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​តែងតែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន​នៅតែ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស