40.9 C
Phnom Penh

លោក សម រង្ស៊ី៖ លោក ហ៊ុន សែន កំពុង​ប្រើ​អំណាច​កាន់​តែ​សាហាវ​លើ​អ្នក​ប្រឆាំង​អំណាច​ផ្ដាច់ការ​របស់​គាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ព្រមាន​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ផ្ដាច់ការ​កាន់តែ​សាហាវ ដោយ​ការ​សម្លាប់ ចាប់​ដាក់​គុក ឬ​បង្ខំ​ឲ្យ​និរទេស​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​អំណាច​ផ្ដាច់ការ​របស់​គាត់។

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា គម្រោង​បន្ត​អំណាច​គ្រួសារ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បង្ហាញ​យ៉ាង​ច្បាស់​ថា អំណាច​ផ្ដាច់ការ​នឹង​ត្រូវ​បន្ត​ជា​រៀង​រហូត ហើយ​ទ្រព្យសម្បត្តិ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​រង​ការ​ប្លន់​ពី​គ្រួសារ​មួយ​នេះ​ជានិច្ច ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ខ្មែរ​វិនាស​អន្តរាយ​ជា​ប្រាកដ។

លោក សម រង្ស៊ី លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បើ​ទោះជា​កាន់​អំណាច​យូរ​ជាងគេ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​គ្មាន​គោលការណ៍ និង​ចក្ខុវិស័យ​អ្វី​ទាំងអស់​សម្រាប់​ប្រទេស​កម្ពុជា ក្រៅតែ​ពី​រក​ល្បិច​ដើម្បី​ក្រាញ​អំណាច ខណៈ​មរតក​ដែល​លោក ហ៊ុន សែន បន្សល់​ទុក​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត គឺ​គ្រាន់តែ​ជា​គ្រាប់បែក​មួយ​គ្រាប់​ដែល​នឹង​ផ្ទុះ​ធ្វើ​ឲ្យ​កម្ពុជា​រលំ​រលាយ​នៅ​ថ្ងៃ​ខាងមុខ​តែប៉ុណ្ណោះ។

អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ គឺជា​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យ៉ាង​ធ្ងន់ធ្ងរ ត្បិត​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ​បាន​ទាញ​ប្រទេស​កម្ពុជា ឲ្យ​វិលត្រឡប់​ទៅ​រក​ការ​គ្រប់គ្រង​ក្រោម​បក្ស​តែ​មួយ​ដូច​កាលពី​សម័យ​កុម្មុយនីស្ត។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​រង​នូវ​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដោយ​ការ​ប្តឹង​រឹបអូស​ផ្ទះសម្បែង ដីធ្លី និង​ចាប់​ខ្លួន​អ្នក​ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក​នៅ​ពេលនេះ។

មេដឹកនាំ​នយោបាយ​ធំៗ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​តែ​លោក ហ៊ុន សែន លោក កឹម សុខា និង​លោក សម រង្ស៊ី ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ទាំងមូល​បាន ប៉ុន្តែ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​លោក ហ៊ុន សែន បាន​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​រក​វិបត្តិ​មិន​ចេះ​ចប់​ម្ដង​ហើយ​ម្ដង​ទៀត​តាម​ល្បែង​នយោបាយ​ប្រជាភិថុតិ​គ្រប់​រូបភាព ដើម្បី​ការពារ​អំណាច​របស់​ខ្លួន។

ទោះ​យ៉ាងណា ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ល្បែង​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី សព្វថ្ងៃ​នេះ​មិន​បាន​រក​ផលប្រយោជន៍​ជូន​ជាតិ​មាតុភូមិ​នោះ​ទេ ដោយសារ​មេដឹកនាំ​កំពូល​ទាំងនោះ​គិត​តែ​ផលប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ក្នុង​នោះ​លោក សម រង្ស៊ី ក៏​ធ្លាប់​ជួយ​បំពេញ​ផ្លូវច្បាប់​ឱ្យ​លោក ហ៊ុន សែន ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០​ភាគរយ​បូក​មួយ ដែល​ជា​ហេតុ​នាំ​ឲ្យ​បុរស​ខ្លាំង​លោក ហ៊ុន សែន អាច​ក្តោប​ក្តាប់​អំណាច​កាន់តែ​ខ្លាំង​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ ចំណែក​លោក ហ៊ុន សែន វិញ ក៏​ធ្លាប់​ចុះហត្ថលេខា​សម្រួល និង​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី អាច​វិល​ចូល​ទៅ​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ​ដែរ។

ប្រភព​ដដែល​អះអាង​ថា ល្បែង​នយោបាយ​របស់​មេដឹកនាំ​បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​វឹកវរ​ជាច្រើន​ឆ្នាំ​មក​ហើយ បើ​ទោះបីជា​កម្ពុជា​ទទួល​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ឱ្យ​ជួយ​រំលត់​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​អស់​រយៈពេល ៣១​ឆ្នាំ​ទៅ​ហើយ​ក្តី ក៏​កម្ពុជា​នៅតែ​មាន​ជម្លោះ​ផ្ទៃក្នុង​ជាតិ​ឯង​ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​មាន​ឥទ្ធិពល​រហូត​ដល់​សព្វថ្ងៃ​នេះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពលរដ្ឋ​ដែល​គាំទ្រ​អ្នក​នយោបាយ​ទាំងនោះ​ក៏​បាន​បែងចែក និង​ប្រកាន់​និន្នាការ​រៀងៗ​ខ្លួន ដែល​ជា​សញ្ញា​នៃ​ការ​បែកបាក់​សាមគ្គី​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០២២ ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ខណៈ​គណបក្ស​ប្រឆាំង និង​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រចាំ​ដោយ​ការ​បំភិតបំភ័យ ការ​កាត់ទោស​ក្រោម​ហេតុផល​នយោបាយ និង​អំពើ​ហិង្សា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​បរិយាកាស​រឹតត្បិត គាប​សង្កត់ និង​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស