អតីតមេដឹកនាំបក្សប្រឆាំងចោទថា ការដឹកនាំរបស់លោក ហ៊ុន សែន គឺជាការដឹកនាំតាមរបប ហ្វាស៊ីស ដែលទុកព្រះមហាក្សត្រខ្មែរជាស្តេចអាយ៉ង ដើម្បីបម្រើមហិច្ឆតារបស់ខ្លួន។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មករា នេះថា របប ហ្វាស៊ីស ខុសពីរបបកុម្មុយនីស្តនៅត្រង់ថា បុគ្គលដែលជាមេដឹកនាំកំពូលអាចប្រើអំណាចតាមអំពើចិត្ត ខណៈប្រព័ន្ធឃោសនារបស់រដ្ឋត្រូវបានប្រើប្រាស់ដើម្បីលើកតម្កើងតែមេដឹកនាំនេះប៉ុណ្ណោះ។
លោកបន្ថែមថា ការដឹកនាំបែបនេះ គឺធ្លាប់កើតមាននៅប្រទេសអ៊ីតាលី ដែលមានមេដឹកនាំឈ្មោះ Benito Mussolini ចំណែកនៅប្រទេសកម្ពុជាវិញ គឺមានលោក ហ៊ុន សែន ដែលបានដឹកនាំបែបនេះចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៩៧ មក។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះលើកឡើងថា របប ហ្វាស៊ីស គឺជារបបមូលធននិយមដែលប្រមូលផ្ដុំទ្រព្យសម្បត្តិជាតិក្តាប់ក្នុងកណ្ដាប់ដៃមនុស្សមួយក្តាប់តូច ដែលមានមហាសេដ្ឋីមួយចំនួនជាបណ្ដាញរបស់គេ ហើយរបបនេះតែងតែគាបសង្កត់កម្មករ និងវាយប្រហារសហជីពដែលទាមទាររកសេរីភាព។
លោកបន្តថា ការដឹកនាំនៃរបបនេះគឺផ្ទុយពីរបបកុម្មុយនីស្តទាំងស្រុង ដែលតែងការពារកម្មករ និងពលករ និងដឹកនាំជាសមូហភាពតាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍ ឬការិយាល័យនយោបាយនៃបក្សកុម្មុយនីស្ត។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បញ្ជាក់ថា របបកុម្មុយនីស្តតែងលុបបំបាត់សាសនាដូចរបប ប៉ុល ពត ជាដើម ប៉ុន្តែរបប ហ្វាស៊ីស អនុញ្ញាតឲ្យមានសាសនា ប៉ុន្តែពួកគេយកសាសនាដើម្បីបញ្ចុះបញ្ចូល គំរាមកំហែង ឬទិញទឹកចិត្តថ្នាក់ដឹកនាំសាសនា ដូចជាសម្តេចប៉ាប នៅប្រទេសអ៊ីតាលី និងសម្តេចសង្ឃរាជនៅប្រទេសកម្ពុជាសព្វថ្ងៃ ឱ្យជឿតាមការដឹកនាំរបស់របបមួយនេះ ជាដើម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់ចេញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា កម្ពុជាដែលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានបង្កើតឲ្យមានការសម្លាប់ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររាប់មិនអស់ ដែលបានប្រព្រឹត្តទៅដោយពុំមានទោសទណ្ឌ ក្នុងនោះលោក ហ៊ុន សែន បានដំឡើងបុណ្យស័ក្តិ និងផ្តល់រង្វាន់ដល់ពួកឃាតករទាំងនោះជាច្រើននាក់ ឱ្យដឹកនាំក្នុងរដ្ឋាភិបាលរបស់លោកផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អះអាងថា ករណីឃាតកម្មទាំងនោះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា យោធា នគរបាល កងរាជអាវុធហត្ថ និងបុគ្គលិកចារកម្មយ៉ាងច្រើនដែលពួកគេកំពុងកាន់កាប់តួនាទីធំៗ ហើយកំពុងនៅក្បែរលោក ហ៊ុន សែន សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានអះអាងក្នុងពិធីមួយនៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងទីក្រុងភ្នំពេញថា ប្រសិនបើលោកបានដឹងជាមុនអំពីផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកតាមរយៈរូបភាពបដិវត្តន៍ពណ៌ ម្ល៉េះលោកបញ្ជាឲ្យក្រុមរបស់លោកសម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោលអស់ទៅហើយ នៅពេលដែលពួកគេបានដឹកនាំធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក្នុងទីក្រុងភ្នំពេញនោះ។
ជាងនេះទៀត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន សែន ក៏ធ្លាប់បានគំរាមផ្តាច់ជីវិតលោក សុខ សុគន្ធ ក្រៅប្រព័ន្ធច្បាប់ផងដែរ បន្ទាប់ពីអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជារូបនេះរិះគន់ពីការដឹកនាំមិនត្រឹមត្រូវរបស់លោកកន្លងមក។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា របៀបដឹកនាំរបស់លោក ហ៊ុន សែន គឺប្រើច្បាប់ព្រៃដែលគាត់ធ្លាប់ទទួលបានការបណ្តុះបណ្តាលក្នុងឋានៈជាមេកម្មាភិបាលរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រោះថាលោក ហ៊ុន សែន មិនដែលចាត់ទុកជីវិតមនុស្សសំខាន់ជាងអំណាចរបស់គាត់ទេ ហើយគាត់តែងយកពាក្យការពារសន្តិភាពមកបាំងពីមុខជានិច្ច ប៉ុន្តែសន្តិភាពដែលលោក ហ៊ុន សែន ប្រឹងការពារសព្វថ្ងៃនេះជាសន្តិភាពក្រោមការភ័យខ្លាចរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះ៕