31 C
Phnom Penh

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ធម្មយាត្រា​នៅ​ដើម​ខែ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហែ​ធម្មយាត្រា​ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប៉ុន្តែ​ត្រូវ​ធ្វើ​ការ​សម្របសម្រួល និង​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​ដោយ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ធម្មយាត្រា​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​ពោធិ៍សាត់ ប៉ុន្តែ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​ធ្វើ​ការ​សម្របសម្រួល និង​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ ដើម្បី​កំណត់​អំពី​ទីតាំង​ជួបជុំ​ឱ្យ​បាន​ច្បាស់លាស់។

លោក ស ខេង បញ្ជាក់​ថា ការ​ស្នើ​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ទីកន្លែង​បញ្ចប់​ការ​ដង្ហែ​ក្បួន​ធម្មយាត្រា ក្នុង​គោលបំណង​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​ត្រូវ​គោរព និង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ដែល​បាន​ដាក់​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នានា​ផង​ដែរ។

ការ​ចេញ​លិខិត​អនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដាក់​លិខិត​ជូន​ក្រសួង​មហាផ្ទៃ​កាលពី​សប្តាហ៍​កន្លងទៅ ដើម្បី​ហែ​ធម្មយាត្រា​ក្នុង​បំណង​លើក​កម្ពស់​សីលធម៌​សង្គម​នៅ​ដើម​ខែ​ក្រោយ​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មករា នេះ​ថា ការ​បើក​ផ្លូវ​របស់​ក្រសួង​មហាផ្ទៃ គឺជា​រឿង​ល្អ ត្បិត​វត្ថុបំណង​នៃ​ធម្មយាត្រា​នេះ​មិនមែន​ត្រឹមតែ​លើក​កម្ពស់​សីលធម៌​សង្គម​តែ​ម្យ៉ាង​ទេ ក៏​មាន​ខ្លឹមសារ​ដើម្បី​លុប​បំបាត់​នូវ​អំពើ​ហិង្សា​ក្នុង​សង្គម​ដែល​មនុស្ស​គ្រប់​រូប​ចង់​បាន​ដូច​គ្នា​ផង​ដែរ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ក្រសួង​មហាផ្ទៃ​ក៏​ត្រូវ​ពិនិត្យ និង​សម្រេច​ឱ្យ​បាន​ជាក់លាក់​ផង​ដែរ​នូវ​សារ​នានា ដែល​ត្រូវ​ផ្សព្វផ្សាយ​អំឡុង​ពេល​ហែ​ធម្មយាត្រា ដើម្បី​ឱ្យ​អ្នក​ចូលរួម​អាច​ធ្វើ​កិច្ចការ​របស់​ពួកគេ​ដោយ​រលូន ចៀសវាង​នូវ​ការ​ហាមឃាត់​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​ជុំវិញ​ការ​ប្រើប្រាស់​សារ​ទាំងនោះ។

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សម្របសម្រួល​ឱ្យ​ក្បួន​ធម្មយាត្រា​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ចូលរួម​ការពារ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​អនុវត្ត​ឱ្យ​ស្រប​គ្នា​ទៅ​នឹង​ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​បើក​ឱកាស​ឱ្យ​មាន​ក្បួន​ដង្ហែ​ធម្មយាត្រា​នេះ។

កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បាន​ដាក់​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើសុំ​ហែ​ក្បួន​ធម្មយាត្រា​ឆ្លងកាត់​រាជធានី​ខេត្ត​ចំនួន​៥ ជាប់​បឹង​ទន្លេសាប ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ​នេះ ដែល​នឹង​ចាប់ផ្តើម​ពី​ទីក្រុង​ភ្នំពេញ​ត្រង់​រូបសំណាក​លោក​យាយ​ពេញ ហើយ​បញ្ចប់​ក្បួន​ដង្ហែ​នៅ​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧកញ៉ា ឃ្លាំង មឿង ក្នុង​ខេត្ត​ពោធិ៍សាត់។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ធ្លាប់​អះអាង​ថា សង្គម​មួយ​ដែល​សីលធម៌​ធ្លាក់​ចុះ នឹង​បង្ក​ទៅ​ជា​ការ​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្សេងៗ ត្បិត​អ្នកមាន​អំណាច ឬ​អ្នកមាន​ទ្រព្យសម្បត្តិ​ដែល​គ្មាន​សីលធម៌ អាច​នឹង​ធ្វើ​ទង្វើ​រំលោភ​បំពាន​ច្បាប់​គ្រប់​បែប​យ៉ាង ដើម្បី​តែ​ផល​ប្រយោជន៍​ខ្លួនឯង ខណៈ​ជនរងគ្រោះ​ដែល​ទទួលរង​នូវ​ឥទ្ធិពល​ពី​ទង្វើ​អាក្រក់​ទាំងនេះ នឹង​រង​នូវ​ភាព​អយុត្តិធម៌​ឥត​ស្រាកស្រាន្ត ដូចជា​ការ​ចាប់​ខ្លួន ឬ​ចោទប្រកាន់​នរណា​ម្នាក់​ដោយ​បំពាន​លើ​ច្បាប់ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស