អ្នកឃ្លាំមើលនិយាយថា រដ្ឋាភិបាលវៀតណាមនៅតែប្រកាន់ជំហររក្សាអំណាចរបស់គណបក្សប្រជាជនកម្ពុជា ឱ្យគ្រប់គ្រងទឹកដីខ្មែរបន្តទៀត មិនមែនរក្សាអំណាចក្រុមគ្រួសារត្រកូល «ហ៊ុន» នោះទេ។
លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ មករា នេះថា ដោយសារការប្រើអំណាចគាបសង្កត់ឃោរឃៅរបស់លោក ហ៊ុន សែន នៅផ្ទៃក្នុងរបស់ខ្លួនដើម្បីបន្តអំណាចទៅឱ្យកូនប្រុសកាន់កាប់ប្រទេសកម្ពុជាផ្ដាច់មុខដូចខ្លួនបន្តទៀត បានធ្វើឱ្យផ្ទៃក្នុងបក្សនេះកើតទុក្ខមិនសុខចិត្ត ហើយក៏កំពុងត្រៀមខ្លួនដើម្បីផ្តួលអំណាចត្រកូល «ហ៊ុន» ដែរ នៅពេលដែលលោក ហ៊ុន សែន អស់អំណាច ឬអវត្តមានរូបគាត់នៅថ្ងៃក្រោយ។
លោក គឹម សុខ លើកឡើងថា នៅពេលដែលលោក ហ៊ុន សែន ចេះតែលើកឡើងពីសោកនាដកម្មពីអតីតកាលរបស់កម្ពុជា ជាពិសេសការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីប្រមុខរដ្ឋ គឺជាចេតនាមួយដែលគាត់លួងចិត្តផ្ទៃក្នុងបក្សកាន់អំណាចដែលកំពុងរងនូវភាពអយុត្តិធម៌ ដើម្បីកុំឱ្យពួកគេហ៊ានដណ្តើមអំណាចពីគ្រួសារ «ហ៊ុន» ផង និងជាចេតនាបិទបាំងនូវទង្វើអាក្រក់នានារបស់គាត់ដែលបានប្រព្រឹត្តក្នុងបក្សរបស់ខ្លួនកន្លងមក ដើម្បីឱ្យគាត់អាចបន្តក្តោបក្តាប់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់សព្វថ្ងៃនេះផង។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា ការប្រឹងប្រែងរបស់លោក ហ៊ុន សែន ដើម្បីបន្តអំណាចឱ្យនៅតែក្នុងវង្សត្រកូលរបស់ខ្លួនបែបនេះ បានធ្វើឱ្យថ្នាំងថ្នាក់ដល់មន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដូចជាលោក ស ខេង ជាដើម ហើយក៏បង្កការថ្នាំងថ្នាក់ដល់រដ្ឋាភិបាលវៀតណាមផងដែរ នៅពេលដែលមេដឹកនាំខ្មែររូបនេះកាន់តែចូលកៀកទៅរកចិន ឱ្យជួយរក្សាផែនការផ្ទេរអំណាចបន្តត្រកូលរបស់គាត់។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា មូលហេតុដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសក្រីក្រដូចសព្វថ្ងៃនេះ ដោយសារតែបង្កមកពីកំហុសនយោបាយដែលបង្កើតឱ្យមានរដ្ឋប្រហារឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីប្រមុខរដ្ឋ ដូច្នេះលោកប្ដេជ្ញាថានឹងមិនឱ្យកំហុសបែបនេះកើតមាននៅកម្ពុជាម្តងទៀតជាដាច់ខាត។
យ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការអះអាងរបស់លោក ហ៊ុន សែន នេះគ្រាន់តែជាលេសដើម្បីបង្ក្រាបអ្នកប្រឆាំងនឹងការដឹកនាំមិនត្រឹមត្រូវនៃរដ្ឋាភិបាលឯកបក្សរបស់លោកប៉ុណ្ណោះ។
ជាងនេះទៀត ក៏ដើម្បីរាំងខ្ទប់សំឡេងប្រឆាំងក្នុងគណបក្សប្រជាជនកម្ពុជាដែលមិនគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាចដែរ ដូច្នេះហើយបានជាគាត់គំរាមផង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផង គឺដើម្បីតែគោលដៅរក្សាអំណាចឱ្យនៅតែស្ថិតក្នុងកណ្ដាប់ដៃគ្រួសារ «ហ៊ុន» នៅថ្ងៃមុខតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន សែន បានលើកសរសើរលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់គាត់ទៅកាន់មេដឹកនាំវៀតណាម លោក ង្វៀន ហ៊្វុជុង ថាកូនប្រុសរបស់លោកមានសមត្ថភាពដឹកនាំកិច្ចការជាតិធំៗ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលវៀតណាមនៅមិនទាន់បង្ហាញជំហរគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជានៅឡើយទេ គិតចាប់តាំងពីលោក ហ៊ុន សែន គំរាមឱ្យបក្សកាន់អំណាចបើកសន្និបាតបោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីបក្សនេះតាំងពីចុងឆ្នាំ២០២១ មក។
កាលពីដើមខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន គំរាមថា អ្នកដែលចង់ដណ្តើមតំណែងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីពីកូនប្រុសរបស់លោក ត្រូវតែធ្វើឃាតលោកជាមុនសិន ប៉ុន្តែបុរសខ្លាំងនៅកម្ពុជារូបនេះគំរាមថា អ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនមានជីវិតរស់នៅដែរ ហើយសង្គ្រាមច្បាស់ជានឹងផ្ទុះឡើងជាមិនខាន៕