28.4 C
Phnom Penh

ក្រសួង​សុខាភិបាល​ព្រមាន​បិទ​និង​ផាក​ពិន័យ​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ​១០​លាន​រៀល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល ព្រមាន​បិទ និង​ផាក​ពិន័យ​អន្តរកាណ៍​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ចំនួន ១០​លាន​រៀល ករណី​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ទៅ​ដឹក​អ្នក​រង​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​មក​ព្យាបាល​នៅ​ទីកន្លែង​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។

ជាង​នេះ​ទៅ​ទៀត ក្រសួង​សុខាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​ចំពោះ​ការ​ប្រើប្រាស់​រថយន្ត​គិលាន​សង្គ្រោះ​ខុសពី​ការ​ណែនាំ​របស់​ខ្លួន​លើ​ម្ចាស់​គ្លីនិក​ឯកជន។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ តែងតែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ចេញ​ទៅ​ដឹក​អ្នក​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​យក​មក​ព្យាបាល​នៅ​កន្លែង​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ របស់​ខ្លួន​ដោយ​ខុស​ច្បាប់​ដែល​ក្រសួង​សុខាភិបាល​បាន​ហាមឃាត់។

កន្លងមក ក្រសួង​បាន​ធ្វើ​សេចក្ដី​ណែនាំ​ទៅ​គ្រប់​គ្លីនិក​ឯកជន​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​យក​រថយន្ត​គិលាន​សង្គ្រោះ​ឯកជន​របស់​ខ្លួន ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​យក​មក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​របស់​ខ្លួន​ជាដាច់ខាត។ ទោះបីជា​មាន​សេចក្ដី​ណែនាំ​បែប​នេះ​ក្ដី ក៏​លោក​វេជ្ជបណ្ឌិត ស៊ឹម វន់ ដែល​ជា​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ នៅតែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដដែល។

ក្រសួង​ណែនាំ​ទៅ​លោក​វេជ្ជបណ្ឌិត ស៊ឹម វន់ ដែល​ជា​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ឲ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​សកម្មភាព​ខាង​លើ​ចាប់ពី​ថ្ងៃ​ណែនាំ​នេះ​តទៅ ហើយ​ចំពោះ​កំហុស​ឆ្គង​ដែល​មាន​នោះ​ត្រូវ​ផាក​ពិន័យ​អន្តរការណ៍​ចំនួន ១០​លាន​រៀល។

លិខិត​ដដែល​បញ្ជាក់​ថា បើសិនជា​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ មិន​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ អនុក្រឹត្យ ប្រកាស និង​សារាចរ​ណែនាំ​ផ្សេងៗ​ទេ ក្រសួង​សុខាភិបាល​នឹង​មាន​វិធានការ​បិទ​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​តទៅទៀត​ឡើយ។

ក្រៅពី​ផាក​ពិន័យ និង​ព្រមាន​នេះ​ហើយ ក្រសួង​សុខាភិបាល​ក៏​បាន​ស្នើ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​ចំពោះ​ការ​ប្រើប្រាស់​រថយន្ត​គិលាន​សង្គ្រោះ​ខុសពី​ការ​ណែនាំ​របស់​ខ្លួន​លើ​ម្ចាស់​គ្លីនិក​ឯកជន ដែល​តែងតែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ទៅ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​សាកសព​នៅ​តាម​ដងផ្លូវ។

ការ​ចេញ​លិខិត​ព្រមាន​របស់​ក្រសួង​សុខាភិបាល​នេះ ក្រោយពី​ក្មេង​ម្នាក់​បាន​ស្លាប់​ដោយសារ​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ មិន​ព្រម​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ពីព្រោះ​ឪពុក​ម្ដាយ​របស់​ក្មេង​រងគ្រោះ​គ្មាន​ប្រាក់​សម្រាប់​បង់​ទៅ​ខាង​មន្ទីរ​ពហុ​ព្យាបាល​គ្រប់​ចំនួន។

បើ​តាម​ប្រធាន​នាយកដ្ឋាន​វិទ្យុ​ទាក់ទង​នៃ​ក្រសួង​មហាផ្ទៃ លោក ឈឿន ប៊ុនឆន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ទោះបីជា​ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ​បាន​បង់ប្រាក់​ទៅ​ឲ្យ​ខាង​គ្លីនិក​ចំនួន ២០០​ដុល្លារ​ហើយ​ក្ដី ប៉ុន្តែ​ខាង​គ្លីនិក​ពហុ​ព្យាបាល​នៅតែ​មិន​ព្រម​បញ្ជូន​កុមារ​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៀត ទោះបីជា​ឪពុក​ម្ដាយ​កុមារ​រូប​នោះ​លើក​ដៃ​សំពះ​អង្វរ​យ៉ាង​ណា​ក៏ដោយ។

លោក ប៊ុនឆន បញ្ជាក់​ថា ការ​ទាមទារ​ឲ្យ​ឪពុក​ម្ដាយ​ក្មេង​រង​របួស​បង់ប្រាក់​ចំនួន ៤២០​ដុល្លារ​នេះ បាន​នាំ​ឲ្យ​កុមារ​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ។

នេះ​មិនមែន​ជា​ករណី​ទី​១ ទេ ដែល​កើត​មាន​ឡើង​នៅ​តាម​គ្លីនិក​ឯកជន​នោះ កន្លងមក​ក៏​មាន​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​មួយ​ចំនួន​បាន​យក​រថយន្ត​គិលាន​សង្គ្រោះ​ឯកជន​របស់​ខ្លួន​ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ដោយ​គ្មាន​ខ្វល់​ពី​អាយុជីវិត​ជនរងគ្រោះ ខណៈ​មន្ទីរពេទ្យ​ខ្លះ​ទៀត​បង្កើត​បញ្ហា​ដើម្បី​ចាប់​ជំរិត​ទារ​ប្រាក់​ដោយ​មិន​ខ្វល់​ពី​ជីវភាព​របស់​ពលរដ្ឋ​ក្រីក្រ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស