28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន ប្រកាស​កម្ទេច​នយោបាយ​ជ្រុល​និយម​ជា​ថ្មី​គឺ​បារម្ភ​ពី​ផែនការ​ផ្ទេរ​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដែល​លោក ហ៊ុន សែន ប្រកាស​កម្ទេច​នយោបាយ និង​សកម្មភាព​ជ្រុល​និយម​ជា​ថ្មី​ទៀត ដោយសារ​បារម្ភ​ពី​ផែនការ​ផ្ទេរ​អំណាច​មិន​បាន​សម្រេច​នា​ពេល​ខាងមុខ​តែប៉ុណ្ណោះ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ឱ្យ​បាន​រឹងមាំ​នៅ​គ្រប់​កាលៈទេសៈ លើក​កម្ពស់​ការ​គោរព និង​អនុវត្ត​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ហើយ​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ប្រទូសរ៉ាយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

ក្រៅពី​ប្ដេជ្ញា​ចិត្ត​ថែរក្សា​សន្តិភាព​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក៏​ប្រកាស​កម្ចាត់​នយោបាយ និង​សកម្មភាព​ជ្រុល​និយម​គ្រប់​រូបភាព​ឱ្យ​អស់​ពី​សង្គម​កម្ពុជា មិន​ទុក​ឱ្យ​និន្នាការ​នេះ​បង្ក​ការ​បែកបាក់​ជាតិ​ឡើយ ដើម្បី​ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ និង​ធានា​បរិយាកាស​រស់នៅ​ដ៏​សុខសាន្ត​ជូន​ប្រជាជន។

ការ​ប្រកាស​ជា​ថ្មី​នេះ ធ្វើឡើង​នៅ​ក្នុង​សេចក្តី​សម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨-២៩​ខែ​មករា ឆ្នាំ​២០២៣។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត លើកឡើង​ថា កត្តា​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​កម្ទេច​នយោបាយ និង​សកម្មភាព​ជ្រុល​និយម​នេះ គឺ​ដើម្បី​ទប់ស្កាត់​អ្នក​ប្រឆាំង​នឹង​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ការ​ទប់ស្កាត់​នេះ លោក​យល់​ថា​មិនមែន​សំដៅ​តែ​លើ​ក្រុម​អ្នក​ប្រឆាំង​តែ​មួយ​ទេ ប៉ុន្តែ​វិធានការ​នេះ​ក៏​ជា​ការ​ព្រមាន​មន្ត្រី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​លោក​បារម្ភ​ខ្លាំង​ដែរ។

ការ​ព្រមាន​របស់​ប្រមុខ​គណបក្ស​កាន់​អំណាច​ជា​ថ្មី​ទៀត​នេះ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន ៣​នាក់​ជាប់​ក្តី​ក្ដាំ​នៅ​តុលាការ ខណៈ​ឧត្តម​ទីប្រឹក្សា​របស់​គណបក្ស​នេះ គឺ​លោក គង់ គាំ បាន​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ដែល​លោក​ធ្លាប់​រស់នៅ​រាប់​សិប​ឆ្នាំ​ដោយសារតែ​ការ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ក៏​កំពុង​មាន​រឿង​ក្តី​នៅ​តុលាការ ដោយ​ត្រូវ​បក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្តឹង​ទារ​ជំងឺចិត្ត​រាប់​សិប​ម៉ឺន​ដុល្លារ ក្រោយ​លោក​និយាយ​រិះគន់​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ ថា​មាន​ភាព​មិន​ត្រឹមត្រូវ និង​ការ​លួច​បន្លំ ជាដើម។

លោក សុន ឆ័យ ក៏​កំពុង​ប្រឈម​ការ​រឹបអូស​ទ្រព្យសម្បត្តិ​លក់​ឡាយឡុង ដើម្បី​សង​ប្រាក់​ជំងឺចិត្ត​ទៅ​ដើមបណ្ដឹង ខណៈ​អនុប្រធាន​គណបក្ស​នេះ​ម្នាក់​ទៀត គឺ​លោក ថាច់ សេដ្ឋា កំពុង​ជាប់​ពន្ធនាគារ​ក្រោយ​តុលាការ​សើរើ​សំណុំរឿង​ដែល​ចោទ​ថា​ចេញ​សែក​មិន​មាន​សាច់ប្រាក់​ដែល​ជា​សំណុំរឿង​មួយ​កើតឡើង​តាំងពី​ឆ្នាំ​២០១៩៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស