34 C
Phnom Penh

លោក សម រង្ស៊ី៖ កម្ពុជា​កើត​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បង្កើត​ឲ្យ​មាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ជាតិ​ច្រើន​ជាងគេ​បំផុត​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩ មករា ថា ប្រទេស​ណា​ក៏​មាន​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​ដែរ ប៉ុន្តែ​នៅ​កម្ពុជា​ដែល​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ជំពាក់​បំណុល​ធនាគារ និង​បំណុល​ផ្សេងៗ​ច្រើន​ជាងគេ​រហូត​ដល់​វ័ណ្ឌក ដោយសារ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ ដូចជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ ជាដើម។

លោក សម រង្ស៊ី បញ្ជាក់​ថា ប្រទេស​ណា​ក៏​មាន​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ទៅ​បម្រើ​ការងារ​នៅ​បរទេស​ដែរ ប៉ុន្តែ​នៅ​កម្ពុជា​ដែល​មាន​រដ្ឋាភិបាល​គ្រប់គ្រង​ផ្ដាច់មុខ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ច្រើន​ជាងគេ ដែល​ទៅ​ធ្វើ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស ហើយ​ជា​ពលករ​ដែល​មិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​ទាល់តែសោះ។

ទិន្នន័យ​សង្គម​ស៊ីវិល​លាតត្រដាង​កាលពី​ចុង​ឆ្នាំ​២០២២ ថា ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​បរទេស​មាន​ចំនួន​សរុប​ជាង ១​លាន ៣​សែន​នាក់ ក្នុង​នោះ ១​លាន ២​សែន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ ជាង ៤​ម៉ឺន ៥​ពាន់​នាក់ នៅ​ប្រទេស​កូរ៉េខាងត្បូង មាន ២​ម៉ឺន ៣​ពាន់​នាក់ នៅ​ម៉ាឡេស៊ី ១ ម៉ឺន ១​ពាន់​នាក់ នៅ​ប្រទេស​ជប៉ុន ជាង ៨០០​នាក់ និង​មាន​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ធ្លាប់​អះអាង​កាលពី​ពេល​កន្លងទៅ​ថា ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​បរទេស​ទាំងអស់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​រត់ការ ទម្រាំ​បាន​ចេញ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ បញ្ហា​នេះ បាន​បង្ខំ​ឲ្យ​ពួកគាត់​ត្រូវ​ខ្ចី​បុល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ហើយ​ត្រូវ​សង​ត្រឡប់​ទៅវិញ​នៅ​ពេល​បាន​ចេញ​ទៅ​ធ្វើ​ការ​ជា​ស្ថាពរ។

លោក ឃុន ថារ៉ូ ត្អូញត្អែរ​ថា​ឧបសគ្គ​ខាងលើ​នេះ​គេ​នៅ​មិន​ទាន់​គិត​ដល់​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​សំណាក់​និយោជក​មក​លើ​ពលករ​ខ្មែរ ដែល​ខ្វះ​កិច្ច​គាំពារ​សង្គម​ពី​អាជ្ញាធរ​នៃ​ប្រទេស​ដែល​ពួកគេ​កំពុង​បម្រើ​ការ និង​ការ​យកចិត្ត​ទុកដាក់​ពី​ស្ថានទូត​ខ្មែរ​នៅ​បរទេស​នៅឡើយ​ទេ។

អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ធ្លាប់​បាន​ចេញ​របាយការណ៍​កម្រាស់ ៤៦​ទំព័រ កាលពី​ចុង​ឆ្នាំ​២០២១ ក្រោម​ចំណងជើង​ថា សិទ្ធិ​ទទួល​បាន​ការ​អនុគ្រោះ សំឡេង​សហគមន៍​ដីធ្លី​ដែល​ជាប់​ជំពាក់​បំណុល បាន​រៀបរាប់​ថា សហគមន៍​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ធ្វើ​ចំណាក​ស្រុក​ដោយសារ​រង​នូវ​វិបត្តិ​បំណុល​លើសលប់។

ជាក់ស្តែង សហគមន៍​ចំនួន​១៤ ដូចជា​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​បាត់ដំបង ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ ខេត្ត​រតនគិរី និង​ទីក្រុង​ភ្នំពេញ ជាដើម ពួកគេ​មាន​កម្ចី​ជា​មធ្យម​ក្នុង​ទំហំ​ទឹកប្រាក់​ចាប់ពី ១​ពាន់​ដុល្លារ​អាមេរិក​ដល់ ១​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​តាមរយៈ​កម្ចី​ទាំងអស់​នេះ ប្រជា​សហគមន៍​ទាំងនោះ​បាន​បង្ខំ​ចិត្ត​លក់​ដីធ្លី ស្រែ​ចម្ការ និង​ធ្វើ​ចំណាក​ស្រុក ជាដើម ដើម្បី​រក​ចំណូល​មក​ដោះ​បំណុល​របស់​ពួកគេ។

ប្រភព​ដដែល​បញ្ជាក់​ថា គិត​ជា​មធ្យម កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា គឺ​មាន​ប្រមាណ​ជា ៤២៨០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២០ ហើយ​ពលរដ្ឋ​ចំនួន ៩៥% មាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​តិច​ជាង​ចំនួន​កម្ចី​គិត​ជា​មធ្យម​នេះ។ តាម​របាយការណ៍​របស់​អង្គការ​ខាងលើ​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​បាន​ជំពាក់​កម្ចី​ខ្នាត​តូច​ជាង ១១,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស