33 C
Phnom Penh

លោក សម រង្ស៊ី ថា​ត្រកូល​ហ៊ុន​ចាប់​យក​កម្ពុជា​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​បន្ត​វង្ស​ត្រកូល​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ព្រមាន​ថា​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ឲ្យ​ទៅ​កូន​របស់​គាត់ គឺជា​វិធី​មួយ​ចាប់​យក​ប្រទេស​កម្ពុជា​ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» និង​ដើម្បី​រួច​ផុត​ពី​ការ​កាត់ទោស​ចំពោះ​មុខ​តុលាការ​ឯករាជ្យ​ណា​មួយ​នៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា លោក ហ៊ុន សែន បាន​យក​ប្រទេស​កម្ពុជា​ទាំងមូល​ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​គ្រួសារ​របស់​គាត់​រួច​ទៅ​ហើយ ដែល​មាន​ន័យ​ថា​អំណាច​ផ្ដាច់ការ ដោយ​ការ​ប្លន់​អំណាច​ប្រជារាស្ត្រ និង​បំផ្លិចបំផ្លាញ​ជាតិ​នេះ នឹង​បន្ត​ជា​រៀង​រហូត​តាមរយៈ​ផែនការ​របស់​គាត់​ដែល​ចង់​ឲ្យ​កូន និង​ចៅ​របស់​គាត់​គ្រប់គ្រង​ប្រទេស​កម្ពុជា​បន្ត​ពី​ខ្លួន​ទៅ​ថ្ងៃ​មុខ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា មធ្យោបាយ​ដែល​លោក ហ៊ុន សែន ប្រើ​ដើម្បី​បន្ត​កាន់​អំណាច គឺ​ធ្វើ​ឡើង​តាម​វិធី​សាហាវ និង​ព្រៃផ្សៃ​នានា ដូចជា​ការ​ធ្វើ​ឃាត ការ​ចាប់​ដាក់​គុក​តាម​អំពើ​ចិត្ត ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​និរទេស​ជន​ណា​ដែល​ប្រឆាំង​នឹង​គាត់ រួម​ទាំង​ការ​ក្លែង​បន្លំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​គ្រប់​អាណត្តិ​នីមួយៗ​ផង​ដែរ។

លោក សម រង្ស៊ី បញ្ជាក់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺជា​ជន​ជ្រុល​និយម ពីព្រោះ​រដ្ឋាភិបាល​របស់​គាត់​កំពុង​ដឹកនាំ​តាម​របប​ផ្ដាច់ការ​ជ្រុល​និយម ដែល​យក​គំរូ​តាម​របប​ផ្ដាច់ការ​ជ្រុល​និយម​ហ្វាស៊ីស​ដោយ​ការ​ជិះជាន់ និង​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​អស់​រយៈពេល ៣៨​ឆ្នាំ​មក​ហើយ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​គាត់​ដែល​វៀតណាម បាន​លើក​បន្តុប​តាំងពី​ឆ្នាំ​១៩៨៥ មក។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លប៊ល វីនេស បាន​ចេញ​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​កាលពី​ចុង​ឆ្នាំ​២០១៦ ដែល​មាន​ចំណងជើង​ថា ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា ដែល​ជា​សែស្រឡាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា​ទាំងអស់ ដែល​ក្រុមហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស ហើយ​ខ្លះ​ទៀត​កំពុង​រំលោភ​ច្បាប់​ដោយ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ជាដើម។

អង្គការ គ្លប៊ល វីនេស អះអាង​ថា ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ​បាន​បែងចែក​គ្នា​កាន់​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​ទាំងអស់ ដូចជា​លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី អ្នកស្រី ប៊ុន រ៉ានី កាន់​តំណែង​ជា​ប្រធាន​កាកបាទក្រហម លោក ហ៊ុន ម៉ាណែត កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ហ៊ុន ម៉ានី កាន់​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​លោក ហ៊ុន ម៉ានិត កាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ ជាដើម។

ក្រៅពី​ដាក់​សាច់ញាតិ​ខ្លួនឯង​តាម​ស្ថាប័ន​រដ្ឋ ក៏​មាន​ការ​ចង​បណ្ដាញ​សាច់​សាលោហិត​ផ្សេង​ទៀត​តាម​មុខ​ជំនួញ​ជាច្រើន​ផង​ដែរ ដូចជា​អ្នកស្រី ហ៊ុន ម៉ាណា មាន​តួនាទី​ជា​អគ្គនាយក​ទូរទស្សន៍​បាយ័ន និង​ប្រព័ន្ធ​ផ្សាយ​របស់​រដ្ឋាភិបាល​ផ្សេង​ទៀត ខណៈ​អ្នកស្រី ហ៊ុន ម៉ាលី គឺជា​ប្រធាន​ក្រុមហ៊ុន Visa ក្រុមហ៊ុន Unilever ក្រុមហ៊ុន Procter & Gamble Honda និង​មាន​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ស្រាបៀ Tiger ផង​ដែរ។

អង្គការ​ឃ្លាំមើល​អាជីវកម្ម​ឧក្រិដ្ឋ​អន្តរជាតិ Global Witness បញ្ជាក់​ថា សមាជិក​គ្រួសារ​ត្រកូល «ហ៊ុន» បាន​ចុះឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជី​ទាំងអស់​មាន​ចំនួន ១១៤​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​មាន​ទឹកប្រាក់​ទុន​ចំនួន​ជាង ២០០​លាន​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ក្រុមហ៊ុន​ចំនួន ១៦ ផ្សេង​ទៀត​ដែល​គ្មាន​ឯកសារ​តួលេខ​ទុន​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា ជាពិសេស​លោក ហ៊ុន សែន គ្រាន់តែ​ជា​អ្នក​ប្រកប​មុខរបរ​ក្នុង​កិច្ចការ​នយោបាយ​ដោយ​រក​កន្លែង​ឈរ​ជើង​ដើម្បី​ជីវភាព​នយោបាយ​ខ្លួនឯង និង​ពង្រីក​អំណាច​សម្រាប់​ក្រុម​គ្រួសារ សាច់ញាតិ និង​បក្ខពួក​ប៉ុណ្ណោះ ពួកគេ​មិនមែន​ប្រឡូក​នយោបាយ​ដើម្បី​ប្រទេស​ជាតិ ទឹកដី និង​ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​ថា អ្នក​នយោបាយ​ពិតប្រាកដ​ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា និង​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន និង​សុំ​ឱ្យ​ពលរដ្ឋ​សហការ​ចូលរួម​សកម្ម​ក្នុង​ការ​អនុវត្ត​ផែនការ​ស្ដារ​អភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ​រីកចម្រើន ថ្កុំថ្កើង រុងរឿង​ទៅ​ថ្ងៃ​អនាគត មិនមែន​ជា​ការ​ហែកហួរ​ប្រទេស​ជាតិ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ដើម្បី​បក្ខពួក និង​ក្រុម​ណា​មួយ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស