26 C
Phnom Penh

លោក គង់ គាំ ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​ចាប់ពី​ថ្ងៃ​នេះ​តទៅ​បន្ទាប់ពី​ទទួល​កំហុស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គង់ គាំ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន ដោយ​លាលែង​ចេញពី​តំណែង​ចាប់​ពី​ពេលនេះ​តទៅ បន្ទាប់ពី​ព្រម​ទទួល​កំហុស និង​សុំ​ការ​អភ័យ​ទោស​ពី​មេដឹកនាំ​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ភាព​សុខសាន្ត​របស់​សង្គម​ជាតិ​មែន។

លោក គង់ គាំ បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​មិន​បន្ត​ប្តឹង​រូបលោក​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី និង​ផ្ទះ​មួយ​កន្លែង​របស់​លោក​នៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន កាលពី​ពេល​កន្លងទៅ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន​រូប​នេះ​បញ្ជាក់​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ដក​ហូត​យក​ដីធ្លី និង​ផ្ទះ​របស់​លោក។

លោក គង់ គាំ អះអាង​ក្នុង​លិខិត​នោះ​ថា ការ​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន គឺ​ដើម្បី​គោលដៅ​អនុវត្ត​វប្បធម៌​នយោបាយ​ថ្មី និង​ដើម្បី​ចូលរួម​កសាង​លំហ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​នយោបាយ បរិយាកាស​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ប៉ុណ្ណោះ ដោយ​គ្មាន​វត្តមាន​ក្រុម​ជ្រុល​និយម​ណា​មួយ​ចូលរួម​ផ្តួល​រំលំ​ក្រៅតែ​ពី​សំឡេង​របស់​ម្ចាស់​ឆ្នោត​ទៀត​នោះ​ទេ។

ការ​ចេញ​លិខិត​ទទួល​កំហុស​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ប្តឹង​លោក គង់ គាំ ក្រោម​ហេតុផល​ថា ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្ងន់ធ្ងរ កាលពី​ពេល​កន្លង​ទៅ​នេះ។

ទោះ​ជា​យ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា លិខិត​សារភាព​កំហុស​របស់​លោក គង់ គាំ ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​បាន​ធ្វើ​លើ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន នេះ ប្រហែល​ជា​អាច​មាន​កិច្ចសន្យា​សម្ងាត់​ណា​មួយ​រវាង​អ្នក​ទាំង​ពីរ បន្ទាប់ពី​ផ្ទះ​របស់​លោក គង់ គាំ ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​រឹបអូស​យក​កាលពី​ពេល​ថ្មីៗ​នេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា​ការ​ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន​ចំពោះ​មុខ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បែប​នេះ លោក​ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ដែរ​ថា លោក គង់ គាំ អាច​នឹង​វិល​ទៅ​ជ្រក​ក្រោម​ដំបូល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ឬ​ក៏​អត់​នោះ ដើម្បី​ចៀស​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ថ្ងៃ​មុខ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​លាឈប់​របស់​លោក គង់ គាំ គឺជា​សិទ្ធិ​សេរីភាព​ខាង​នយោបាយ។ លោក​បន្ត​ថា ទ្វារ​ចំហ​របស់​គណបក្ស​ប្រជាជន​មាន​ចំពោះ​គ្រប់​ពលរដ្ឋ​ទាំងអស់ មិន​ថា​អ្នក​ណា​ជា​អ្នក​ណា​នោះ​ទេ។ លោក​បន្ត​ថា មិនមែន​តែ​ចំពោះ​លោក គង់ គាំ ទេ ទោះ​បី​អ្នក​នៅ​ជិតស្និទ្ធ​ជាមួយ​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុល​និយម ឬ​អ្នក​ផ្ដាច់ខ្លួន​ចេញពី​មេ​ឧទ្ទាម​រូប​នោះ គឺ​ស្វាគមន៍ ឱ្យ​តែ​បោះបង់​ជំហរ​ជាមួយ​ក្រុម​ឧទ្ទាម​ជ្រុល​និយម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ លោក គង់ គាំ បាន​លើកឡើង​ក្នុង​វេទិកា​ជួប​ជាមួយ​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន ដោយ​ឌឺដង​ឱ្យ​លោក ហ៊ុន សែន ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ទេ ហើយ​ការ​លើកឡើង​ជា​លក្ខណៈ​បញ្ឆិត​បញ្ឆៀង​របស់​លោក គេ​ក៏​អាច​ដឹង​ដែរ​ថា គាត់​ចង់​សំដៅ​ដល់​រដ្ឋាភិបាល​វៀតណាម​ដែល​ជា​អ្នក​បង្កើត​គណបក្ស​នេះ។

ក្រោយ​ការ​លើកឡើង​របស់​លោក គង់ គាំ បាន​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​ខេត្ត​កំពង់ចាម លោក ហ៊ុន សែន បាន​ព្រមាន​ប្តឹង​លោក គង់ គាំ ទៅ​កាន់​តុលាការ​ជុំវិញ​ការ​លើកឡើង​នោះ។

ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃទី​១០ ខែ​មករា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្តឹង​លោក គង់ គាំ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ ចលាចល អសន្តិសុខ​ក្នុង​សង្គម» ដោយ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក។

ភ្លាមៗ​នោះ ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ស្នើសុំ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​ចេញ​ដីកា​រក្សា​ការពារ​នៅ​លើ​ក្បាលដី​ដែល​មាន​ទំហំ ៥០២៩០​ម៉ែត្រ​ការ៉េ​នេះ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន រួម​មាន​មោឃភាព​នៃ​កម្មសិទ្ធិ​របស់​សហ​ចុង​ចម្លើយ​លើ​អចលនវត្ថុ (ដី និង​អគារ) ដែល​ចេញ​ដោយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ។

ជាង​នេះ​ទៅ​ទៀត តុលាការ​ក៏​បាន​បង្គាប់​ឱ្យ​សហ​ចុង​ចម្លើយ​ប្រគល់​ការ​កាន់កាប់​លើ​អចលនវត្ថុ (ដី និង​អគារ) ទៅ​ឲ្យ​ដើមចោទ​ឈ្មោះ ក្រសួង​ការបរទេស​វិញ និង​បង្គាប់​ឲ្យ​លោក គង់ គាំ សង​សំណង​ការ​ខូចខាត​ចំនួន ៤​ពាន់​លាន​រៀល ឬ ១​លាន​ដុល្លារ​អាមេរិក​ទៅ​ក្រសួង​ការបរទេស​ថែម​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស