30 C
Phnom Penh

លោក ហ៊ុន សែន ថា​លោក សម រង្ស៊ី លែង​មាន​សារជាតិ​ជា​មនុស្ស​ដោយសារ​រុក​ឆ្កៀល​គ្រួសារ​លោក​កំពុង​កាន់​ទុក្ខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​មួយ​ចំនួន​របស់​គាត់​ថា​លែង​មាន​សារជាតិ​ជា​មនុស្ស ដោយសារតែ​មក​និន្ទា និង​រុក​ឆ្កៀល​ក្រុម​គ្រួសារ​របស់​លោក​អំឡុង​ពេល​ដែល​លោក​កំពុង​កាន់​ទុក្ខ​ប្អូនថ្លៃ​ស្រី​របស់​លោក​ដែល​ទទួល​មរណភាព។

លោក ហ៊ុន សែន បាន​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ថា ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី មាន​បងប្អូន ៥​នាក់ ពេលនេះ​ប្អូនស្រី​ពៅ​ទទួល​មរណភាព​ដោយ​រោគាពាធ​ទៅ​ហើយ បែរ​ជា​មាន​ពពួក​មនុស្ស​អាក្រក់​នៅ​ក្រៅ​ប្រទេស​ដែល​លោក​ចង់​សំដៅ​ដល់​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​របស់​គាត់​មួយ​ចំនួន បាន​ប្រឌិត​សាច់រឿង​ភូតភរ​មហាជន​ថា ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទៅវិញ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​សូម​ផ្តាំ​ទៅ​មនុស្ស​អាក្រក់​ទាំងនោះ​ថា បើ​មេដឹកនាំ​របស់​ពួកគេ​ជា​មនុស្ស​អាក្រក់ ពួកគេ​គួរ​តែ​រក្សា​ខ្លួន​ជា​មនុស្ស​ល្អ និង​ខិតខំ​រក្សា​សុខភាព​របស់​ខ្លួន ជាជាង​មក​រក​រឿង​គ្រួសារ​របស់​លោក​ដែល​កំពុង​មាន​ទុក្ខ​ក្រៀមក្រំ​នៅ​ពេលនេះ ព្រោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​មិនមែន​ជា​រឿង​ដែល​មនុស្ស​ល្អ​ធ្វើ​នោះ​ទេ។

កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អ្នកស្រី ប៊ុន សុថា ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​រោគាពាធ។

ស្រប​ពេល​ដែល​អ្នកស្រី ប៊ុន សុថា ទទួល​មរណភាព អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៥ កុម្ភៈ ថា ក្នុង​ជួរ​គ្រួសារ​លោក ហ៊ុន សែន មាន​មនុស្ស​សាហាវៗ​ជាច្រើន ដូចជា​ករណី អ្នកស្រី ប៊ុន សុថា ដែល​មាន​ឈ្មោះ​ដើម ប៊ុន សាមហ៊ឹង ធ្លាប់​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​ប្តី​ខ្លួនឯង គឺ​លោក កូវ សាមុត កាលពី​អំឡុង​ឆ្នាំ​១៩៩៦ ដោយសារតែ​ជម្លោះ​ផ្ទៃក្នុង​គ្រួសារ​របស់​ខ្លួន​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ពីក្រោយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា បន្ទាប់ពី​លោក កូវ សាមុត ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ លោក ហ៊ុន សែន បាន​ចោទប្រកាន់​លោក ស្រ៊ុន វង្សវណ្ណៈ ដែល​ជា​ប្រធាន​អង្គរក្ស​របស់​លោក​នៅ​ពេល​នោះ ថា​ជា​អ្នក​ប្រព្រឹត្ត ដើម្បី​ឱ្យ​គាត់​ទទួល​ទោស​ជំនួស​ទាំង​អយុត្តិធម៌ និង​ដើម្បី​ទម្លាក់​កំហុស​មក​លើ​រូបលោក​ដែល​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ​នៅ​ពេល​នោះ​ផង​ដែរ។

លោក សម រង្ស៊ី បញ្ជាក់​ថា មិន​ត្រឹមតែ​អ្នកស្រី ប៊ុន សុថា នេះ​ទេ​ដែល​មាន​ចរិត​កាច​សាហាវ សូម្បី​អ្នកស្រី ប៊ុន រ៉ានី ដែល​មាន​ឈ្មោះ​ដើម​ថា ប៊ុន សាមហ៊ាង ជា​ប្រពន្ធ​របស់​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលិកា ក្នុង​ឆ្នាំ​១៩៩៩ ដោយសារ​ភ្លើង​ប្រច័ណ្ឌ​នឹង​លោក ហ៊ុន សែន ដែល​បាន​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ត្រីកោណ​ផង​ដែរ។

លោក​បន្ថែម​ថា នៅ​ពេល​អ្នកស្រី ពិសិដ្ឋ ពីលិកា រង​របួស​ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត (Calmette Hospital) អ្នកស្រី ប៊ុន រ៉ានី បាន​បញ្ជា​ឲ្យ​គ្រូពេទ្យ​ផ្តាច់​ជីវិត​អ្នកស្រី ពិសិដ្ឋ ពីលិកា នៅ​មន្ទីរពេទ្យ​នោះ​តែម្តង។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា តាម​ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ សម្រាប់​មនុស្ស​ដែល​លាចាក​លោក​ទៅ​ហើយ​នោះ មិន​ត្រូវ​បាន​គេ​លើក​យក​មក​វាយប្រហារ​ក្នុង​ន័យ​ណា​មួយ​នោះ​ទេ គឺ​មាន​តែ​ការ​អធ្យាស្រ័យ និង​អហោសិកម្ម​សម្រាប់​បុគ្គល​នោះ​ប៉ុណ្ណោះ ប្រសិនបើ​អ្នក​ដែល​ស្លាប់​នោះ​មាន​ប្រវត្តិ​មិន​ល្អ​ពី​មុន​ក៏ដោយ។

លោក​អះអាង​ថា ការ​បើក​កកាយ​ប្រវត្តិ​របស់​អ្នកស្រី ប៊ុន សុថា ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ​នោះ វា​ជា​ទង្វើ​មួយ​ដែល​បង្ហាញ​ពី​ភាព​អគុណធម៌​ក្នុង​នាម​ជា​អ្នក​នយោបាយ​ជាន់ខ្ពស់​ទៅវិញ ហើយ​ការ​ធ្វើ​បែប​នេះ គ្មាន​ចំណេញ​អ្វី​ដល់​ជាតិ​នោះ​ទេ គឺ​មាន​តែ​ធ្វើ​ឱ្យ​កម្ដៅ​នយោបាយ និង​គំនុំ​នយោបាយ​បុគ្គល​ផ្ទាល់ខ្លួន​កាន់តែ​ផ្ទុះ​រីក​ធំ​ឡើង​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ធ្វើ​ច្រើន​ណាស់​ក្នុង​ការ​ដឹកនាំ​ជាតិ​រក​ការ​បង្រួបបង្រួម​រវាង​ខ្មែរ និង​ខ្មែរ ប៉ុន្តែ​ភាគី​នយោបាយ​ក្រុម​ប្រឆាំង​មិន​យល់​អំពី​ការ​បង្រួបបង្រួម​ជាតិ​នេះ​ទេ ហើយ​នៅ​ពេលនេះ​គ្មាន​កិច្ចការ​នយោបាយ​ណា​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​ចរចា​នោះ​ឡើយ។

ទោះជា​បែប​នេះ​ក្តី សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន នៅតែ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស