រដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដកពាក្យបណ្ដឹងដែលប្ដឹងលោក គង់ គាំ វិញហើយបន្ទាប់ពីលោកប្រកាសទទួលស្គាល់កំហុស និងលាឈប់ពីគណបក្សភ្លើងទៀន។
ការដកពាក្យបណ្ដឹងនេះ បានធ្វើឡើងស្របពេលដែលលោក គង់ គាំ សម្រេចលាលែងពីតួនាទី និងសកម្មភាពជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីដកពាក្យបណ្តឹងដែលប្តឹងលោក គង់ គាំ។ ចំណែកគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏បានដាក់ពាក្យទៅតុលាការខេត្តនេះកាលពីថ្ងៃទី៣ ខែកុម្ភៈ ដើម្បីសុំដកបណ្តឹងរបស់ខ្លួនដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដែលជាដើមចោទ កាលពីថ្ងៃទី៣១ ខែមករា បានស្នើសុំប្រធានសាលាដំបូងរាជធានីភ្នំពេញ ដកពាក្យបណ្តឹងមកវិញដោយសំអាងថា លោក គង់ គាំ ដែលជាចុងចម្លើយបានសុំសម្របសម្រួលបញ្ចប់វិវាទ និងបានប្រគល់អចលនវត្ថុ និងធ្វើនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិប្រគល់ជូនភាគីដើមចោទវិញរួចរាល់អស់ហើយ។
ចំណែកឯលិខិតសុំដកពាក្យបណ្តឹងរបស់ក្រុមមេធាវីតំណាងឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ លោក សេង ជ័យវុធ ដែលបានដាក់ទៅសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឲ្យដឹងថា លោក គង់ គាំ បានសារភាពទទួលស្គាល់នូវកំហុស និងបានសុំអភ័យទោសជាសាធារណៈចំពោះលោក ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈលិខិតថ្លែងអំណរគុណកាលពីថ្ងៃទី៣១ ខែមករា កន្លងទៅនេះ។ ហេតុដូច្នេះហើយ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ សម្រេចចិត្តដកពាក្យបណ្តឹងចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ចេញពីសំណុំរឿងព្រហ្មទណ្ឌវិញ។
ការសម្រេចដកពាក្យបណ្ដឹងទៅវិញរបស់អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ លោក សេង ជ័យវុធ បានធ្វើឡើងស្របពេលដែលលោក គង់ គាំ ប្រកាសទទួលស្គាល់កំហុស និងអំពើរបស់ខ្លួន។ ក្រៅពីប្រកាសទទួលស្គាល់ហើយ លោក គង់ គាំ ក៏បានសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
ជាមួយគ្នានោះ លោក គង់ គាំ ក៏បានសម្រេចចិត្តបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កន្លងទៅដែរ។
បើតាមលោក គង់ គាំ បញ្ជាក់ក្នុងសេចក្ដីថ្លែងអំណរគុណកាលពីចុងខែមករា ឆ្នាំ២០២៣ ថា ការសម្រេចរបស់លោកដោយសារលោក ហ៊ុន សែន មិនប្ដឹងផ្ដល់រូបលោកទៅតុលាការបន្តទៀត។
លោក គង់ គាំ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនមែនត្រឹមតែដកខ្លួនចេញពីគណបក្សភ្លើងទៀននោះទេ គឺដកខ្លួនចេញពីជីវិតនយោបាយជារៀងរហូតតែម្តង ហើយរឿងដែលសំខាន់សម្រាប់ជីវិតចុងក្រោយរបស់លោក គឺការថែទាំសុខភាព។ លោកថា ឥឡូវនេះ ទាំងកម្លាំងធនធាន ទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយ បាត់បង់យ៉ាងគំហុក។
លោក ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០២៣ បានប្រកាសឈប់ប្ដឹងផ្ដល់លោក គង់ គាំ ទៅតុលាការវិញបន្ទាប់ពីលោក គង់ គាំ និងភរិយា បានប្រគល់ដី និងផ្ទះមួយកន្លែងដែលមានតម្លៃប្រមាណ ២៥លានដុល្លារនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកឲ្យក្រសួងការបរទេសវិញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យស្ថាប័នក្រោមបង្គាប់ពន្លឿនវិធានការរឹបអូសដី និងផ្ទះ។
យ៉ាងណា វិធានការរឹបអូសដី និងផ្ទះនេះ បន្ទាប់ពីលោក គង់ គាំ បានទម្លាយថា កាលពីលោកនៅជាមួយគណបក្សប្រជាជនកម្ពុជា គេបានផ្តល់ដំបូន្មានថា «ផឹកទឹកឲ្យនឹកប្រភព ជ្រកម្លប់ឲ្យនឹកដល់អ្នកដាំ» ហើយថា «ថ្ងៃ៧មករា» ទំនងជាមិនមានប្រភពនៅកម្ពុជាដូចគណបក្សភ្លើងទៀននោះទេ៕